ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ ៖ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ជួយ​បង្កើត​ការងារ និង​សង្វា​ក់​ផលិតកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ពិ​ដាន​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បញ្ចុះ​អត្រា​ការ​ប្រាក់​មក​នៅ​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ សេដ្ឋវិទូ​កម្ពុជា​បាន​ហៅ​ចំណាត់ការ​នេះ​ថា

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ពិ​ដាន​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បញ្ចុះ​អត្រា​ការ​ប្រាក់​មក​នៅ​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ សេដ្ឋវិទូ​កម្ពុជា​បាន​ហៅ​ចំណាត់ការ​នេះ​ថា ជា​ការ​ជួយ​បង្កើត​ការងារ និង​បង្កើន​សង្វា​ក់​ផលិតកម្ម​នៅ​កម្ពុជា ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ម្សិលមិញ​ថា ការ​ធ្វើ​បែប​នេះ​ប្រសិនជា​គិត គឺ​ប៉ះពាល់​ដល់​យន្តការ​ទីផ្សារសេរី ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​ចង់​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ មាន​ន័យ​ថា រាជរដ្ឋាភិបាល​ចង់​ជួយ​ប្រជាពលរដ្ឋ ព្រោះ​ធនាគារជាតិ​បាន​បញ្ចេញ​ទុនបម្រុង​សម្រាប់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្ចីប្រាក់ ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ទាំងនោះ ។

លោក​បន្ត​ថា ៖ « វិធានការ​នេះ​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខាតបង់​ផលប្រយោជន៍ តែ​វា​ជា​ការ​ជួយ​ដល់​កសិករ​បាន​ច្រើន ព្រោះ​អត្រា​ការ​ប្រាក់​៣០% កសិករ​មិន​អាច​ធ្វើ​ផលិតកម្ម​បាន​ទេ » ។ លោក​បន្ត​ថា ៖ «​អត្រា​ការ​ប្រាក់​នេះ​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​កសិករ ជួយ​ជំរុញ​ការងារ និង​ផលិតកម្ម ដែល​ធ្វើ​ឲ្យ​ថ្លៃដើម​នៃ​ការ​ផលិត​ធ្លាក់​ចុះ និង​អាច​ប្រកួតប្រជែង​បាន » ។

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន មួយ​កាលពី​ថ្ងៃ​ទី​១៣ មីនា កន្លង​មក ដោយ​សម្រេច​ទម្លាក់​អត្រា​ការ​ប្រាក់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ពី​ជាង​៣០% មក​នៅ​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ​។ យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​ទម្លាក់​ការ​ប្រាក់​ឥណទាន​មក​១៨%​ក្នុង​មួយ​ឆ្នាំ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ តទៅ​ជា​កំហិត និង​អនុវត្ត​សម្រាប់​តែ​អតិថិជន​ថ្មី​ប៉ុណ្ណោះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត​១៨%​ក្នុង​មួយ​ឆ្នាំ​នេះ ដើម្បី​រួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជា​ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ ទប់ស្កាត់​បំណុល​វ័ណ្ឌក កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការពារ​អតិថិជន​ពី​ការ​គិតការ​ប្រាក់​អត្រា​ខ្ពស់​ពេក ។

លោក​ឧកញ៉ា ហ៊ួ​ត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា តាម​ពិត​ក្នុង​នាម​ប្រតិបត្តិ​ករ នឹង​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​១៨%​ក្នុង​មួយ​ឆ្នាំ​នេះ ជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​អ្នក​ទទួល​ឥណទាន​ពី​មីក្រូហិរញ្ញវត្ថុ ។

ទោះ​យ៉ាងណា លោក​ថា ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​វិញ អាច​ជា​រឿង​មិនល្អ​សម្រាប់​ស្ថាប័ន​ឥណទាន ដែល​មិន​អាច​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ខ្លួន​បាន និង​មាន​ផល​ប៉ះពាល់​លើ​ប្រតិបត្តិការ​របស់​ពួក​គាត់​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​តែ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា ព្រោះ​ជា​ការ​សម្រេច​មួយ​បាន​គិតគូរ​ត្រឹមត្រូវ​បំផុត » ។

លោក​ឆា​រស៍ វ៉ា​ន់ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែង​ថា អត្រា​ការ​ប្រាក់​របស់​ធនាគារពាណិជ្ជ បាន​ធ្លាក់​ចុះ​ច្រើន​រួច​ទៅ​ហើយ មិន​អាច​ធ្លាក់​ចុះ​ច្រើន​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺជា​ពេលវេលា​សម្រាប់​ការ​កែទម្រង់ ៕