រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ ដោយសារតែស្ត្រីជាប្រពន្ធដើម បានកាន់ដៃតូចមកកាន់សាលាសង្កាត់ចោមចៅ នៅព្រឹកថ្ងៃទី១៥ មីនា នេះ ដើម្បីសុំឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យនាង ព្រោះតែប្តីខ្លួនបានទៅលួចរៀបការជាមួយស្រីថ្មី ហើយគំរាមវ៉ៃនាងថែមទៀត ។
ប្រភពឱ្យដឹងថា ស្ត្រីខាងលើឈ្មោះចន ស្រៀង អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។ រីឯប្តីឈ្មោះមាស ស៊ីដា អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពួកគេមានកូូនអាយុ៦ឆ្នាំម្នាក់។
ប្រភពពីស្ត្រីប្រពន្ធឱ្យដឹងទៀតថា នាងទើបតែដឹងនិងភ្ញាក់ផ្អើលណាស់ តាមរយៈបង្ហោះលើហ្វេសប៊ុក ដែលប្តីនាងលួចរៀបការជាមួយស្រីផ្សេង ខណៈពួកគាត់មិនបានលែងលះគ្នាទេ ។ នាងបន្តថា នាងនិងប្តីនោះបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១០ និងមានកូនអាយុ៦ឆ្នាំម្នាក់ ។ កន្លងមក ប្តីនាងតែងតែធ្វើបាបផ្លូវចិត្ត ដោយសារតែទៅលួចមានស្រីម្នាក់ហើយម្នាក់ទៀត មិនចេះស្កប់ស្កល់ រួចហើយអាងមកសុំទោសត្រូវរ៉ូវគ្នាវិញ ។ លុះចុងក្រោយនេះ នាងទើបដឹងថា ប្តីបានរៀបជាមួយនារីម្នាក់ទៀតកាលពីថ្ងៃទី១០ មីនា នេះ ដែលត្រូវនាងដឹងដោយសារតែបង្ហោះរូបរៀបការលើហ្វេសប៊ុក ។
គួរបញ្ជាក់ថា ការមកប្តឹងរបស់ស្ត្រីជាប្រពន្ធរូបនេះ គេមិនឃើញវត្តមានប្តីនោះទេ តែប្តីរូបនេះបាននិយាយគំរាមដាក់ប្រពន្ធថា «នឹងចាំស្ទាក់វ៉ៃនាងតាមផ្លូវ» ព្រោះតែនាងមកប្តឹងរឿងនេះ ។
ចែករំលែកព័តមាននេះ