ផ្ទុះប្រតិកម្មពេញបណ្ដាញសង្គម ក្រោយចេញបំរាមមិនឱ្យព្រះសង្ឃនិមន្តចូលបុណ្យអុំទូក
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មិនថា ព្រះសង្ឃ ឬគ្រហស្ថនោះទេ បានផ្ទុះប្រតិកម្មរិះគន់ពេញទំហឹងទៅលើសេចក្ដីណែនាំរបស់សាលាគណៈខេត្ត និងមន្ទីរធម្មការ និងសាសនា ដែលមិនអនុញ្ញាតឲ្យព្រះសង្ឃនិមន្តចូលទៅកាន់តំបន់នានាក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១០ តុលា ខាងមុខនេះ ។

សេចក្ដីណែនាំស្ដីពី «មិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់ព្រះអង្គនិមន្តចូលក្នុងតំបន់ប្រារព្ធពិធ តាំងពិ
ពណ៌បុណ្យអុំទូក និងបណ្ដែតប្រទីប សម្រាប់ឆ្នាំ២០២២» ចុះថ្ងៃទី០៤ តុលា ឆ្នាំ២០២២ និងមានចុះហត្ថលេខាដោយព្រះតេជគុណ អ៊ុក មុត មេគណខេត្តបាត់ដំបង ថែមទាំងអមដោយចំណារនិងត្រាឯកភាពពីលោក គុណ សម្បត្តិមុនីរតន៏ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តទៀតផង ។ ប៉ុន្តែទើបត្រូវបានគេយកមកបង្ហោះចែករំលែក បង្អើលពាសពេញបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី ០៦ តុលា ។

យោងលើខ្លឹមសារនៃសេចក្ដីណែនាំរបស់សាលាគណខេត្តដែលផ្ដោតសំខាន់នៃឃ្លាបំរាម «មិនអនុញាតឲ្យព្រះសង្ឃគ្រប់ព្រះអង្គ និមន្តចូលទៅក្នុងតំបន់ប្រារព្ធពិធីតាំងពិពណ៌បុណ្យអុំទូក និងបណ្ដែតប្រទីបសម្រាប់ឆ្នាំ២០២២»។ កម្មវត្ថុនេះ បានធ្វើឲ្យព្រះសង្ឍ និងប្រជាពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋានបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងតាមបណ្ដាញសង្គមនានា ដែលបំរាមនេះហាក់មានការរឹតត្បិតខ្លាំងទៅលើសេរីភាពព្រះសង្ឃ ។ ព្រោះពួកគេយល់ថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នេះជាពិធីបុណ្យ ទំនៀមទម្លាប់ ប្រពៃណីខ្មែរសុទ្ធសាត ដែលបានផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាជាប្រវត្តិសាស្ត្រ ។ ដូច្នេះ គេមិនគួរហាមឃាត់ព្រះសង្ឃមិនឲ្យនិមន្តទៅជាន់កន្លែងប្រារព្ធពិធីបុណ្យនោះទេ ។

សន្ទុះនៃការរិះគន់ពីមហាជនតាមបណ្ដាញសង្គមនេះ មិនត្រឹមតែវាយប្រហារខ្លាំងៗ ទៅលើសាលាគណខេត្ត និង មន្ទីរធម្មការ ដែលបានសហការគ្នាចេញបំរាមនេះប៉ុណ្ណោះទេ ។ តាមរយៈបណ្ដាញសង្គម មហាជនហាក់បានព្យាយាមទាញអាជ្ញាធរខេត្ត ដែលជាអ្នករៀបចំពិធីបុណ្យប្រពៃណីនេះ ឲ្យធ្លាក់ចូលទៅក្នុងរង្វង់ នៃការទទូលខុសត្រូវជាមួយសេចក្ដីណែនាំរបស់សាលាគណខេត្តនោះទៀតផង ។

បើតាមការពិនិត្យលើមតិរិះគន់មានការលើកហេតុផលប្រហាក់ប្រហែលគ្នាពាក់ព័័ន្ធនិងសាវតានៃពិធីបុណ្យអុំទូក និង បណ្ដែតប្រទីបនេះ ។ អ្នកខ្លះនិយាយថា បើពិនិត្យលើដំណើការ ឬប្រវត្តិនៃពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះ គឺប្រព្រឹត្តទៅតាមគន្លងប្រពៃណីខ្មែរ ភ្ជាប់ជាមួយនឹងសាសនាព្រះពុទ្ធសុទ្ធសាធ ។ ក្នុងពិធីបុណ្យ គេមានរៀបចំពីធីធំៗចំនួន០២សំខាន់ ដើម្បីកម្សាន្តនៅក្នុងពិធីនេះ គឺពិធីប្រណាំងទូកង និងបណ្ដែតប្រទីប តាមដងស្ទឹងបឹងបួរ ឬ ទន្លេ ពេលរាត្រី។

បើពិនិត្យជាក់ស្ដែងនាបច្ចុប្បន្ននេះ ទូកងសម្រាប់ប្រណាំង និងប្រទីប គឺព្រះសង្ឃជាអ្នករៀបចំឡើង និងគ្រប់គ្រងដឹកនាំគ្រប់សកម្មភាពទាំងអស់ ។ ហើយពេលដល់ថ្ងៃបុណ្យអុំទូក និងបណ្ដែតប្រទីប ក៏គេសង្កេតឃើញដំណើការទូទៅ នៃពិធីបុណ្យ ភាគច្រើនគឺព្រះសង្ឃជាអ្នកដឹកនាំនិងមើលខុសត្រូវលើកីឡាកប្រណាំងទូក និងដង្ហែប្រទីបតាមដងផ្លូវគ្រប់ទីកន្លែងតាមប្រពៃណី និងសាសនា ក្នុងពិធីបុណ្យនោះ។ ប៉ុន្តែក្នុងឆ្នាំនេះ បែរជាសាលាគណខេត្ត និងមន្ទីរធម្មការ ចេញបំរាមដាច់ខាតមិនអនុញាតឲ្យព្រះសង្ឃចូលរួមពិធីបុណ្យបែបសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរនេះទៅវិញ?

ការផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាតាមបណ្ដាញសង្គម ស្ទើរមិនអាចគណនាបាននេះ គេសង្កេតឃើញមានទាំងព្រះសង្ឃ ទាំងគ្រសហ្ថ បានរិះគន់ចំៗទៅលើវិធានការ របស់សាលាគណខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត។ ប៉ុន្តែអ្វីដែលមហាជននិងព្រះសង្ឃចាប់អារម្មណ៏ គឺខ្លឹមសារនៃសំនេរប្រតិកម្មគ្មានសំចៃដៃរបស់ព្រះតេជគុណ ចម ចិត្រ ព្រះគ្រូចៅអធិការវត្តឯករង្សិយារាម ហៅវត្តឯករង្សី នៅស្រុកឯកភ្នំទៅនឹងបំរាមដ៏ចម្លែកនោះ ។ ព្រោះព្រះអង្គមានទូកងវែងចំណុះជាង៧០នាក់ ប្រចាំវត្តព្រះអង្គ ធ្លាប់ប្រកួតឈ្នះលេខ១ ស្ទើររាល់ឆ្នាំនៅក្នុងខេត្តបាត់ដំបង តែព្រះអង្គមិនបានចូលរួមដឹកនាំដូចសព្វឆ្នាំ ។

ព្រះតេជគណ ចម ចិត្រ បានសរសេរសារបង្ហោះតាមបណ្ដាញសង្គមឈ្មោះ «ចម ចិត្រ» របស់ព្រះអង្គផ្ទាល់យ៉ាងដូច្នេះថា «កូនក្មួយចំណុះទូកវត្តឯករង្សីទាំងអស់ជ្រាប៖ ពួកឯងនាំគ្នាយកទៅប្រកួតនៅក្នុងកម្មវិធីបុណ្យអុំទូកនៅខេត្តចុះ អញមិនបានដឹកនាំទៅទេ គោរពតាមសេចក្ដីណែនាំមិនហ៊ានល្មើសទេ នាំគ្នាគិតគួររៀនរកល្បឿនទូក ដោះស្រាយការហូបចុកគ្នាឯងទៅ ទូកនេះនៅឆ្ងាយរាប់រយគីឡូម៉ែត្រ និងក្ដាប់ប្រាក់រាប់ម៉ឺនដុល្លារទៅទិញអាចដឹកនាំមកបាន តែចំងាយពីវត្តទៅក្រុងបាត់ដំបង មិនអាចដឹកនាំ ដោះស្រាយការហូបចុក និងរកល្បឿនទូកឲ្យពួកឯងលេងបាន ទោះបីឯងខឹងឬស្អប់ក៏តាមចិត្តឯងចុះ អញត្រូវតែគោរពមិនហ៊ានបំពាននាំគ្នាលេងចុះ និងប្រឹងប្រែងកុំបែកបាក់ឈ្លោះប្រកែកគ្នាត្បិតអញមិនបានទៅតាមជេរពួកអស់ឯង ! បណ្ដាំៗៗៗៗៗ»។

ព្រះតេជគុណ ចម ចិត្រ បានបង្ហោះសំនេរបែបនេះ ត្រូវគេកត់សម្គាល់ថា ទំនងព្រះអង្គធ្វើឡើង ក្រោយពីព្រះអង្គទទូលបានសេចក្ដីណែនាំដែលមិនធ្លាប់ជួបនេះ ពីសាលាគណខេត្ត ដែល«មិនអនុញាតឲ្យព្រះសង្ឃនិមន្តចូលទៅកន្លែងប្រារពពិធីបុណ្យអុំទូក»។ ទូកងរបស់វត្តឯករង្សីឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» នេះ ត្រូវបានមហាជនគ្រប់ទិសទីស្គាល់ថា ជាទូកល្អ និងខ្លាំងបំផុត ធ្លាប់ប្រកួតទទូលបានជ័យជំនះលេខ១ ស្ទើររាល់ឆ្នាំនៅក្នុងខេត្តបាត់ដំបង ។ ជាប្រភេទទូកប្រណាំង វែងចំណុះកីឡាកជាង៧០នាក់ ។

បច្ចុប្បន្ន ទូកងដ៏ល្បីល្បាញមួយនេះកំពុងជ្រកក្រោមដំបូលវត្តឯករង្សី ដែលគ្រប់គ្រងនិងដឹកនាំផ្ទាល់ដោយព្រះតេជគុណ ចម ចិត្រ ព្រះគ្រួចៅអធិការវត្តឯករង្សី។ យើងងាកមកមើលខ្លឹមសារនៃបំរាមរបស់សាលាគណខេត្ត និងមន្ទីរធម្មការខេត្ត ដែលហាមមិនឲ្យព្រះសង្ឃនិមន្តទៅមើលពិធីបុណ្យអុំទូកឯណេះវិញ មហាជននៅតែបន្តរិះគន់វាយប្រហារមិនឈប់ឈរ រហូតមកដល់ពេលនេះ ។ យោងលើខ្លឹមសារ នៃសេចក្ដីណែនាំព្រះតេជគុណ អ៊ុក មុត មេគណខេត្ត និងលោក គុណ សម្បត្តិមុនីរតន៏ ប្រធានមន្ទីរធម្មការខេត្ត បានផ្ដល់ហេតុផលមិនសមស្របជាច្រើន ដែលជាមូលហេតុមិនអនុញាតឲ្យព្រះសង្ឃនិមន្តទៅកន្លែងបុណ្យអុំទូកក្នុងឆ្នាំនេះ។ «បុណ្យអុំទូកឆ្នាំនេះមានមនុស្សច្រើនកុះករ មកពីគ្រប់ទិសទី និង មិនមែនជាទីកន្លែងដែល ភិក្ខុ សាមណេរ គួនិមន្តទៅទេ។ សកម្មភាព និង រូបភាពនេះ បានធ្វើឲ្យប៉ះពាល់ នៃគុណតម្លៃព្រះពុទ្ធសាសនា សេចក្ដីថ្លៃថ្នូរ ភេទជាអ្នកបួស និង ធម៏វិន័យ ធ្វើឲ្យជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិសាទទៀតផង»។

នេះជាហេតុផល ដែលសាលាគណខេត្ត និងមន្ទីរធម្មការលើកជាសំអាង ដើម្បីរារាំងមិនឲ្យព្រះសង្ឃចូលរួមមើលការប្រណាំងទូក ។ អ្នករិះគន់បានហៅហេតុផលឬវិធានការ របស់សាលាគណខេត្ត និង មន្ទីរធម្មការខេត្តខាងលើនេះថា «ជាហេតុផលមិនសមស្រប និង គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធវិស័យសាសនា ដើម្បីឲ្យមហាជនជឿបាន»។ យ៉ាងណាក្ដី បើតាមប្រភពព័ត៏មានចុងក្រោយ នៅព្រឹកថ្ងៃទី ០៧ តុលា នេះ ត្រូវបានគេរាយការណ៏ថា ព្រះគ្រូចៅអធិការវត្តឯករង្សី ព្រះតេជគុណ ចម ចិត្រ រួមទាំងចំណុះទូក(កីឡាក) របស់ព្រះអង្គរាប់សិបនាក់ផង បានបដិសេធមិនព្រមបញ្ជូនទូកងដ៏ល្បី ទៅចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកដ៏តឹងរឹងនោះទេ ។

ប្រភពបានបញ្ជាក់ថា ដោយសារតែលេចឮព័ត៌មានបែបនេះ អភិបាលខេត្ត លោក សុខ លូ ក៏បានបញ្ជាយ៉ាងតក់ក្រហល ទៅលោកចៅហ្វាយស្រុកឯកភ្នំឲ្យទៅអង្វកព្រះអង្គ ចម ចិត្រ ដើម្បីឲ្យព្រះអង្គដឹកនាំទូកដ៏ល្បីរបស់ព្រះអង្គមកចូលរួមប្រកួតកុំឲ្យខកខាន ។ បើតាមប្រភពដដែលបានបន្ថែមថា សេចក្ដីណែនាំមិនអនុញាតឲ្យព្រះសង្ឃចូលកន្លែងប្រារព្ធពិធីបុណ្យអុំទូកនេះកំពុងក្លាយជាប្រធានបទក្ដៅគគុក ហើយពេលនេះអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធផង បាននិងកំពុងកោះប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាបន្ទាន់នៅសាលាខេត្ត ដែលមានមន្ត្រីសង្ឃ ព្រះសង្ឃ មកពីតាមបណ្ដាវត្តមួយចំនួនផង ខណៈសល់ពេលត្រិមតែ០១ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យនេះនឹងត្រូវចាប់ផ្ដើម តែលទ្ធផលបែបណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ។

មហាជនបានលើកឡើងបែបកំប្លែងថា «កម្មវិធី» បុណ្យអុំទូកនិងបណ្ដែតប្រទីប នេះអាចនឹងក្លាយជា«ពិធីកម្ម» ប្រសិនបើគ្មានវត្តមានទូកងខ្នាតយក្ស «នរិន្ទរង្សីពិជ័យចិត្របុត្រ» ចូលរួមប្រកួតទេនោះ។ ព្រោះមហាជនបាននិងកំពុងចាប់អារម្មណ៏ខ្លាំងបំផុតទៅលើទូកងដ៏ល្បីល្បាញប្រចាំវត្តឯករង្សីមួយនេះ៕


ចែករំលែកព័តមាននេះ