ខេត្តបន្ទាយមានជ័យ ៖ អាជីវករខ្មែរនាំត្រីចូលផ្សារ៉ុងក្លឿប្រទេសថៃ បានចោទសមត្ថកិច្ចថៃច្រកក្លងឡឹកមិនគោរពតាមការសន្យាថា យក១រទេះតម្លៃ១.៥០០បាត រយៈពេល២ថ្ងៃ តែថៃយកតម្លៃ១គីឡូក្រាមតម្លៃ១២បាតវិញ។ អាជីវករខ្មែរនាំត្រីចូលផ្សារ៉ុងក្លឿប្រទេសថៃបានប្រាប់ថា អាជ្ញាធរមានសមត្ថកិច្ចថៃ នៅច្រកក្លងឡឹកប្រទេសថៃឈម និងច្រកអន្តរជាតិប៉ោយប៉ែតកម្ពុជា មិនគោរពតាមការសន្យានៅពេលដែលអាជីវករធ្វើការតវ៉ាហើយហៅមកដោះស្រាយនៅខាងភាគីថៃ។
អាជីវកររូបនោះបានបញ្ជាក់ថា កាលពីមុនអាជីវករខ្មែរនាំត្រីចូលទៅលក់នៅផ្សារ៉ុងក្លឿប្រទេសថៃគឺភាគីថៃយក១រទេះតម្លៃ៣០០ទៅ៥០០បាត តែនៅដើមខែមីនា ឆ្នាំ២០១៧នេះ មន្ត្រីគយថៃបានកំណត់១រទេះបង់១៥០០បាត ក្រោយពេលមានការតវ៉ាបិទផ្លូវលើស្ពានមិត្តភាពកម្ពុជា.ថៃ ភាគីថៃចុះតម្លៃ១រទេះ៨០០បាត អាជីវករក៏មិនយល់ព្រមព្រោះថៃយកតម្លៃថ្លៃហើយធ្វើការតវ៉ា២ថ្ងៃជាប់គ្នាភាគីថៃក៏សម្រេចយកដឹក១រទេះតម្លៃ៨០០បាត។ អាជីវកររូបនោះបានបញ្ជាក់ថា តែរយៈពេល២ថ្ងៃនេះសមត្ថកិច្ចថៃ បានកំណត់យកត្រី១គីឡូក្រាមតម្លៃ១២បាតទៅវិញដែលធ្វើឲ្យអាជីវករខ្មែរនាំត្រីចូលទៅថៃគិតថា តម្លៃថ្លៃពេកព្រោះភាគីថៃនិយាយមិនគោរពការសន្យា ហើយត្រីដែលកម្ពុជានាំចូលទៅថៃក្នុង១ថ្ងៃមិនតិចជាង២០តោននោះទេ។
បើនិយាយពីត្រីថៃនាំចូលមកកម្ពុជាមានដូច ត្រីប្រា ផ្លានីន ត្រីក្រហម ត្រីផ្លាធូ ដែលឈ្មួញនាំចូល១ថ្ងៃរាប់តោនដូចគ្នាគឺបង់ឲ្យកម្ពុជា១រទេះត្រឹមតែ៥០ទៅ១០០បាត ឲ្យចូលសេរី។ បែបនេះគួរតែអាជ្ញាធរកម្ពុជាមានវិធានការរឹតបន្តឹងតម្លៃដូចគ្នាដើម្បីរកចំណូលពន្ធជូនរដ្ឋ និងអនុវត្តស្មើភាពគ្នា ព្រោះប្រទេសកម្ពុជា.ថៃ ជាសមាជិកអាស៊ានសេដ្ឋកិច្ចដូចគ្នា។ គួរំលឹកថា នៅពេលអាជីវករនាំត្រីចូលទៅថៃធ្វើការតវ៉ាបិទផ្លូវលើស្ពានមិត្តភាពកម្ពុជា.ថៃ គឺអាជ្ញាធរកម្ពុជា.ថៃ បានជួបប្រជុំដោះស្រាយភាគីថៃកំណត់ថា អាជីវករនាំត្រីចេញទៅលក់នៅថៃក្នុង១រទេះយកតម្លៃ៨០០បាត តែក្រោយមកភាគីថៃឡើងតម្លៃ១គីឡូក្រាមតម្លៃ១២បាតទៅវិញ ដោយមិនគោរពការសន្យាឡើយ៕
ចែករំលែកព័តមាននេះ