ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលទឹកទន្លេមេគង្គបានហក់ឡើងគួបផ្សំនឹងជំនន់ទឹកភ្លៀង ដែលជាហេតុធ្វើឲ្យស្រុកចំនួន៣ ក្នុងនោះរួមមាន៖ ក្រូចឆ្មារ ត្បូងឃ្មុំ និងអូររាំងឪ ដែលប្រជាកសិករដាំដុះដំណាំស្រូវ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ត្រូវទទួលរងការខូចខាតរហូតដល់ជាង១,០០០ហិកតា។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ ២០២២ថាក្រូចឆ្មា ជាស្រុកមួយនៅតាមដងទន្លេមេគង្គ តែងតែរងគ្រោះដោយសារទឹកជំនន់ស្ទើររាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០២២នេះ ឃុំចំនួន៨ នៃស្រុកក្រូចឆ្មារ ត្រូវបានរងគ្រោះដោយទឹកជំនន់ ដែលជាហេតុធ្វើឱ្យលិចដំណាំស្រូវរបស់ប្រជាពលរដ្ឋ រងផលប៉ះពាល់ជាង១,០០០ហិកតា សូម្បីតែទំនប់ទឹកបឹងកាត់ដេរ មានប្រវែង៨,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឈូក ក៏ត្រូវបានទឹកទន្លេឡើងមកជន់លិចកន្លែងខ្លះ ដោយលិចកន្លះម៉ែត្ររហូតដល់១ម៉ែត្រឯណោះ។

អភិបាលស្រុកក្រូចឆ្មារ ប្រាប់បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបាននៅដំណឹងនេះ ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ្ឌ អភិបាលខេត្ត រួមនឹងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃទី៥ ខែតុលា ដោយបានណែនាំឲ្យមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីជួយស្ដារដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារលិចដំណាំស្រូវ។ ក្រៅពីនេះ ច្រាំងទន្លេនៅក្នុងស្រុកក្រូចឆ្មារ បានបាក់ស្រុតដោយកន្លែង ក្នុងនោះនៅឃុំកំពង់ទ្រាស ត្រូវបានកម្លាំងអាជ្ញាធរ ចុះជួយរុះរើលំនៅឋានមួយខ្នង មកកាន់កន្លែងសុវត្ថិភាពផងដែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំវិញ ក៏បានឱ្យដឹងដែរថា ជាមួយនោះ ក្រុមការងារមន្ទីរកសិកម្មបានសហការជាមួយមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក ចុះជួបពិភាក្សាជាមួយរដ្ឋបាលឃុំពាក់ព័ន្ធនឹងចុះពិនិត្យវា.យតម្លៃ ជាក់ស្ដែងស្រូវរដូវប្រាំងដែលជន់លិចដោយជំនន់ទឹកទន្លេមេគង្គ ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ ស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកអូររាំងឪ ដោយពិនិត្យឃើញថា ប្រជាកសិករបានធ្វើការដាំដុះដំណាំស្រូវតាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅពេលដែលទឹកទន្លេនៅបន្តកើនឡើងរួមផ្សំនឹងទឹកភ្លៀងបន្តធ្លាក់ក្នុង និងក្រោយរដូវភ្ជុំបិណ្ឌផង បានបង្កឲ្យជន់លិចស្រូវពង្រោះរបស់កសិករលើផ្ទៃដីប្រមាណ១៩៨៤ហិកតា ក្នុងនោះខូចខាតចំនួន១,២០៨ហិកតា ស្មើនឹង ២,៦១៨គ្រួសារ លើ៩២ភូមិ ក្នុង១៧ឃុំ។

ទន្ទឹមនឹងនេះ ក្រុមការងារបានសំណូមពរដល់រដ្ឋបាលឃុំ រៀបចំពេលវេលាសមស្របសម្រាប់មន្ត្រីជំនាញមន្ទីរកសិកម្មផ្ដល់ការបណ្ដុះបណ្ដាលពីកសិកម្មវ៉ៃឆ្លាត ដើម្បីឲ្យផលិតកម្មដំណាំប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ កាត់បន្ថយហានិភ័យពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។






ចែករំលែកព័តមាននេះ