ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹងសែន អាចឡើងដល់កម្រិត​ប្រកាសអាសន្ន! សូមបង្កើនការប្រុង​ប្រយ័ត្នខ្ពស់​!

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ ជូនដំណឹង​ដល់សាធារណជន ជាពិសេសបងប្អូន​ប្រជាពលរដ្ឋ ដែលរស់នៅតាម​ដងស្ទឹង ក្នុងស្រុកសណ្តាន់…

ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ ជូនដំណឹង​ដល់សាធារណជន ជាពិសេសបងប្អូន​ប្រជាពលរដ្ឋ ដែលរស់នៅតាម​ដងស្ទឹង ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង ឱ្យបានជ្រាបថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤ម៉ែត្រ ជាកម្ពស់ទឹក​ប្រកាស​ឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាមួយគ្នានេះ ទឹកស្ទឹងសែនផ្នែកខាងលើ កំពុងកើនឡើង​ជាលំដាប់​។

សេចក្តីជូនដំណឹង បន្តថា តាមការជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានព្យាករណ៍ថា តំបន់ខ្ពង់រាប​មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ( ផ្ទៃរងទឹកភ្លៀងអាងទឹកស្ទឹង) អាចមានភ្លៀង​ធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាម​ស្ថានភាពនេះ ទឹកស្ទឹង នឹងហួរ​មកដល់ផ្នែកខាងក្រោមជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ទៅ ៧ថ្ងៃខាងមុខ ដែលធ្វើឱ្យកម្ពស់​ទឹកស្ទឹងសែន នៅស្ថានីយ៍វាស់កម្ពស់ទឹក​កំពង់ធំ អាចឡើងដល់កម្រិតប្រកាស​អាសន្ន ( ១៤,៣០ម៉ែត្រ )។

ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសថា ដោយសារភ្លៀងបាន​បន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្តាស្រុក​ផ្សេង​ទៀត ក៏អាចប្រឈមនឹង​ជំនន់ទឹកភ្លៀង​ផងដែរ​។

ក្នុង​សេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសឱ្យបងប្អូន​ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​នឹងអាចកើតមានឡើងជាយថាហេតុ​។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវយកចិត្ត​ទុកដាក់​ត្រៀម​អន្តរាគមន៍ សង្គ្រោះ និងក្នុងករណីចាំបាច់ ត្រូវជម្លៀស​ប្រជាពលរដ្ឋ ទៅទីទួល​សុវត្ថិភាព​ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមរម្លឹកថា តំបន់មួយចំនួន​ក្នុងខេត្តកំពង់ធំ ពិសេស​នៅតាម​បណ្តោយស្ទឹងសែន ជំនន់ទឹកភ្លៀង បានជន់លិច​យូរថ្ងៃមកហើយ។ ក្នុងនោះ ជំនន់ទឹកភ្លៀង អំឡុងពេលបុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀងក៏បានជន់លិច​កំណាត់​ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ​ផងដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ