ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​សង្កែ​ខេត្តបាត់ដំបង អ្នកមាន​ចាក់​ដី​លុប​មាត់ច្រាំង សាងសង់​ផ្សារ​និង​ស្ថានីយ​ប្រេង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា មេឃុំ​បាយដំរាំ និង​រដ្ឋបាល​ស្រុក​បាណ​ន់ ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចាក់​ដី​លុប​មាត់​ស្ទឹង​សង្កែ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា មេឃុំ​បាយដំរាំ និង​រដ្ឋបាល​ស្រុក​បាណ​ន់ ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចាក់​ដី​លុប​មាត់​ស្ទឹង​សង្កែ ដែល​ធ្វើ​ផ្ទាល់​ដោយ​អ្នក
មាន​លុយ មាន​អំណាច​ដើម្បី​សាងសង់​ផ្សារ និង​ស្ថានីយ​ប្រេង ថែម​ទាំង​ប្រើ​អំណាច​បណ្ដេញ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ ដែល​ស្នាក់​នៅ​ទីនោះ​ឲ្យ​ចាកចេញ​ដោយ​គ្មាន​សំណង​ទៀត​ផង ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។

អ្នកស្រុក​បាន​និយាយ​ថា ទីតាំង​នោះ​ស្ថិត​នៅ​ជាប់​ក្បាលស្ពាន​បេ​ឡេ​ត៏​ឆ្លងស្ទឹង​សង្កែ​ត្រើយ​កើត ខាង​មុខ​វត្ត​បាយដំរាំ ក្នុងភូមិ​បាយដំរាំ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ ដែល​ជា​ដី​ចំណី​ស្ទឹង ។ ពលរដ្ឋ​ភាគច្រើន​នៅ​តំបន់​នោះ បាន​សង្ស័យ​ទៅ​លើ​លោក​ង៉ុ​ង ឆាន់​លី មេឃុំ​បាយដំរាំ និង​អាជ្ញាធរ​ស្រុក​បាណ​ន់​ថា បាន​រួមគំនិត​ជាមួយ​អ្នកមាន​លុយ​និង​មាន​អំណាច​ចាក់​ដី​លុប​ដី​ចំណី​ស្ទឹង ដើម្បី​ធ្វើ​ផ្សារ និង​ធ្វើ​ស្ថានីយ​ប្រេង ដែល​ដំណើរការ​សាងសង់​ជាង​២​ខែ​កន្លង​មក​ហើយ​។ គេ​មិន​ទាន់​ស្គាល់​ថៅកែ​ផ្សារ​នោះ​ជា​នរណា​ទេ តែ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ចាន់ សុភា តែង​មក​ពិនិត្យ​សំណង់​នោះ​រាល់ថ្ងៃ ។ អ្នក​ភូមិ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​សាងសង់​ផ្សារ​និង​ស្ថានីយ​ប្រេង​នេះ ដោយសារ​ទីនោះ​មិន​សម​នឹង​បង្កើត​ផ្សារ​ឬ​ស្ថានីយ​ប្រេង​ទេ ។ ប៉ុន្តែ​ពួក​គេ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា សូ​ម្បី​អត្តសញ្ញាណ​ក៏​សុំ​លាក់​ដែរ ព្រោះ​ខ្លាច​អំណាច​អាជ្ញាធរ ដែល​តែង​គំរាម​មិន​ឈប់​។

មិនតែប៉ុណ្ណោះ​លោក​មេឃុំ និង​ឈ្មោះ​ចាន់ សុភា បាន​ព្យាយាម​បណ្ដេញ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ដែល​រស់នៅ​ច្រើន​ឆ្នាំ​មក​ហើយ​ក្បែរ​នោះ​ឲ្យ​ចាកចេញ​ដើម្បី​យក​ដី​ឲ្យ​ថៅកែ​ផ្សារ​ទៀត​ផង ។

អ្នកស្រី​គី​ម ស្រី​ម៉ៅ អាយុ​៣២​ឆ្នាំ មាន​ប្តី​ឈ្មោះ​ហឿ​ន សុខ​ផល អាយុ​៣៧​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ ដែល​កំពុង​ប្រឈម​នឹង​អាជ្ញាធរ​បណ្ដេញចេញ​បាន​និយាយ​ថា មេឃុំ​បាយដំរាំ លោក​ង៉ុ​ង ឆាន់​លី ដែល​មានផ្ទះ​នៅ​ក្បែរ​គាត់​ដែរ បាន​ហៅ​គាត់​ទៅ​សាលាឃុំ ប្រាប់​ឲ្យ​គ្រួសារ​គាត់​រុះរើ​ផ្ទះ​ចេញពី​ទីនោះ​ច្រើន​លើក​ហើយ តែ​អ្នកស្រី​មិន​ចេញ ព្រោះ​គ្មាន​សំណង​អ្វី​សោះ ។ អ្នកស្រី​ថា មិនតែប៉ុណ្ណោះ​ឈ្មោះ​ចាន់ សុភា អ្នក​មើល​ការ​សាងសង់​ផ្សារ ក៏​គំរាមកំហែង​គ្រួសារ​អ្នកស្រី​មិន​ឈប់​ឈរ បង្ខំ​ឲ្យ​ចាកចេញ ។ ពលរដ្ឋ​ក្រីក្រ​រូប​នេះ​បន្ត​ថា ការ​បង្ខំ​ចុង​ក្រោយ​គឺ​អាជ្ញាធរ​បាន​អះអាង​ថា គេ​នឹង​ផ្ដល់​ថ្លៃ​រុះរើ​ផ្ទះ​ចំនួន​៦០០​ដុល្លារ រីឯ​សំណង​អ្វី​ផ្សេង​ទៀត​គ្មាន​ទេ ។

អ្នកស្រី​គី​ម ស្រី​ម៉ៅ បាន​និយាយ​ពី​ការ​គំរាមកំហែង​របស់​លោក​មេឃុំ​ថា «​បើ​មិន​ចាកចេញ​ពេល​នេះ​ទេ ចាំ​មើល​បោះ​ឆ្នោត​រួច​ច្បាស់​ជា​ដឹង​គ្នា​ហើយ​» រីឯ​ឈ្មោះ​ចាន់ សុភា ជា​អ្នក​មើល​សំណង់​ផ្សារ​វិញ​ក៏​គំរាម​គាត់​ដែរ​ថា រើ​ឬ​មិន​រើ​… ប្រយ័ត្ន​… បើ​មិនឃើញ​ក្ដារ​មឈូស​មិន​ស្រក់​ទឹកភ្នែក​ទេ ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ថា គាត់​បាន​រស់នៅ​លើ​ដី​ចំណី​ស្ទឹង​ខាង​មុខ​វត្ត​បាយដំរាំ​នេះ កាលពី​ឆ្នាំ​២០០៥ ដោយ​មានការ​អនុញ្ញាត​ពី​អតីតៈ​មេឃុំ​ចាស់ និង​មានការ​ឯកភាព​ពី​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​បាយដំរាំ​ផង​ដែរ​។ គាត់​ទទួលស្គាល់​ថា កាលនោះ​គេ​ហាម​មិន​ឲ្យ​គាត់​លក់ដូរ​ដី​នោះ​ទេ តែ​តម្រូវ​ឲ្យ​គាត់​ចាកចេញ​នៅ​ពេល​ណាមួយ​ដែល​រដ្ឋ​ត្រូវការ​។ ប៉ុន្តែ​ពេល​នេះ​រដ្ឋ​ត្រូវការ តែ​មិនមែន​រដ្ឋ​យក​ដី​នោះ​ទៅ​អភិវឌ្ឍ​ដើម្បី​ប្រយោជន៍​រួម​ទេ គឺ​បាន​យក​ទៅ​ឲ្យ​អ្នកមាន​លុយ​ធ្វើ​ផ្សារ​ដើម្បី​ផលប្រយោជន៍​ឯកជន​។ ដូច្នេះ​អ្នកស្រី​មិន​អាច​ចាកចេញ​ទេ បើ​អ្នកមាន​លុយ​យក​ដី​រដ្ឋ​ធ្វើ​ផ្សារ​និង​ស្ថានីយ​ប្រេង​បាន គាត់​ក៏​អាច​ធ្វើ​ផ្ទះ​នៅ​បាន​ដែរ មិន​ត្រូវ​ដេញ​គ្រួសារ​គាត់​ចេញ ហើយ​យក​ដី​ប្រគល់​ឲ្យ​ឯកជន​បែប​នេះ​ទេ​។ តើ​ឲ្យ​គ្រួសារ​គាត់​ទៅ​រស់​នៅឯណា បើ​គ្មាន​ទាំង​ដី​ភូមិ​សម្រាប់​ស្នាក់​នៅ និង​ដី​សម្រាប់​ធ្វើស្រែ​ចំការ​នឹង​គេ​មួយ​ចំអាម​ផង​នោះ ?

កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​ង៉ុ​ង ឆាន់​លី មេឃុំ​បាយដំរាំ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ជុំវិញ​ការ​ចោទប្រកាន់​របស់​ពលរដ្ឋ ដោយ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​កំពុង​ជាប់​ទ​ទូល​សញ្ញាបត្រ​នៅ​ភ្នំពេញ​។  រីឯ​លោក​ជុំ ញ៉ អភិបាលស្រុក​បាណ​ន់ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយសារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល​។ ដោយឡែក​ឈ្មោះ​ចាន់ សុភា ដែល​អ្នក​ភូមិ​ប្រាប់​ថា អ្នក​មើល​ការ​ខុស​ត្រូវ​សំណង់​ផ្សារ​ក៏​មិន​អាច​ទំនាក់ទំនង​សួរនាំ​បាន​ដែរ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ថា អាជ្ញាធរ​ធ្វើ​នេះ​ដូច​ជា​ហួសហេតុ​ពេក​ហើយ អាង​ខ្លួន​មាន​អំណាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ។ ពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​អាជ្ញាធរ​និង​អ្នកមាន​លុយ អាច​ធ្វើ​សំណង់​រំលោភ​លើ​ដី​ចំណី​ស្ទឹង​បាន ពលរដ្ឋ​ក៏​ធ្វើ​បាន​ដែរ ។ ពួក​គេ​និយាយ​ថា ថ្ងៃក្រោយ​ទឹកស្ទឹង​សង្កែ​អាច​នឹង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​អំពី​បញ្ហា​បរិស្ថាន ដោយសារ​កាក​សំណល់ និង​ទឹក​កខ្វក់​ដែល​បង្ហូរ​ចេញពី​ផ្សារ​អ្នកមាន​អំណាច​នេះ​។ មិនតែប៉ុណ្ណោះ​ជម្រក​សត្វ​ជ្រឹង​នៅ​ខាង​មុខ​វត្ត​បាយដំរាំ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ពេញ​និយម និង​ដ៏​សំខាន់​នា​បច្ចុប្បន្ន​នេះ ក៏​ប្រឈម​នឹង​ការ​បាត់បង់​ផង​ដែរ ។ ដូច្នេះ​បើ​តាម​ការ​ពិនិត្យ​រាល់​ទ​ង្វើ​របស់​អាជ្ញាធរ គឺ​ហាក់​មិន​បាន​គិត​គួរ​អំពី​ផលប្រយោជន៍​រួម​ទេ គឺ​គេ​គិតតែ​ពី​ផលប្រយោជន៍​បុគ្គល​និង​បក្សពួក​ខ្លួន​មួយ​ក្ដាប់​តូច​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ដែរ​ថា សព្វ​ថ្ងៃនេះ​នៅ​ចុងស្ពាន​បេ​ឡេ​ត៍​ត្រើយ​កើត ខាង​មុខ​វត្ត​បាយដំរាំ ពលរដ្ឋ​ដែល​មានមុខរ​បលក់​ដួ​រ​តូចតាច​បាន​នាំ​គ្នា​យក​ទំនិញ​នានា​ទៅ​លក់​លើ​កម្រាល​ផ្ទាល់​ដី​លើ​ដងផ្លូវ​ដូច​ជា ខោអាវ បន្លែ ត្រី សាច់ និង​គ្រឿងទេស​ផ្សេង​ៗ តែ​ផ្សារ​ដ៏​តូច​នេះ​បើក​លក់​តែ​រយៈពេល​ពី​៣​ទៅ​៤​ម៉ោង​ប៉ុណ្ណោះ ក៏​រលាយ​ទៅ​វិញ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ ។ ដោយសារ​សម្លឹង​ឃើញ​ឱកាស​បែប​នេះ​ហើយ ទើប​អាជ្ញាធរ​បាន​លេស ឃុបឃិត​ជាមួយ​អ្នកមាន​លុយ មាន​អំណាច​បណ្ដេញ​ពលរដ្ឋ​ចេញ​ដើម្បី​ចាក់​ដី​លុប​ចំណី​ស្ទឹង ធ្វើ​ផ្សារ​និង​ស្ថានីយ​ប្រេង ដើម្បី​លក់​តូប​ឲ្យ​ពលរដ្ឋ​ដោយ​មិន​ខ្វល់​អំពី​ផល​ប៉ះពាល់​ឡើយ បើ​ទោះជា​ពលរដ្ឋ​រិះគន់​កប់​ៗ​មាត់​យ៉ាងណា​ក្ដី ក៏​មិន​ស្រ​កៀរ​ត្រចៀក​ដែរ ៕