ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថា មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងទើបដោះស្រាយបញ្ហាប្រឈមដោយប្រសិទ្ធភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា មាន​តែ​កិច្ច​សហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ជា​ធ្លុង​មួយ​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​សកល​ដោយ​ប្រសិទ្ធភាព​។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា មាន​តែ​កិច្ច​សហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ជា​ធ្លុង​មួយ​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​សកល​ដោយ​ប្រសិទ្ធភាព​។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​តេ​ជោ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​បណ្តា​បក្សនយោបាយ​នៃ​ប្រទេស​នានា​ក្រោម​ប្រធានបទ «​គោលនយោបាយ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Yuzhno-Sakhalinsk សហព័ន្ធ​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២​នេះ​។

យោង​តាម​សុន្ទរកថា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ជា​ការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វី​ត្បិត​តែ​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​របស់​សកល​ដោយ​បាន​បង្កើន​ថវិកាជាតិ​ចំនួន​៣​ដង​សម្រាប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ និង​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ប្រមាណ​៤២% នៅ​ត្រឹម​ឆ្នាំ​២០៣០ ។

ជាមួយ​គ្នា​នេះ សម្តេច​លើក​ឡើង​ថា កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​សម្រាប់​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​បៃតង​ដែល​ធន់​នឹង​អាកាសធាតុ​ជាមួយនឹង​ការ​បញ្ចេញ​កាបូន​តិច​ផង​ដែរ​។កម្ពុជា​ក៏​បាន​កំណត់​ផង​ដែរ ការ​អភិវឌ្ឍ​បៃតង និង​ការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​ជា​សមាសភាព​ដ៏​សំខាន់​នៃ​ការ​កសាង​ភាព​ធន់​របស់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​កំណត់​ក្នុង​ច្បាប់​ស្ដី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ច្បាប់​វិនិយោគ​ថ្មី នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ថាមពលបៃតង​, សេដ្ឋកិច្ច​ចក និង​កិច្ចការពារបរិស្ថាន​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​ពិត​ណាស់​! បញ្ហា​បរិស្ថាន​មិន​ស្គាល់​ព្រំដែន​ប្រទេស​ឡើយ ហេតុនេះ​មាន​តែ​កិច្ច​សហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ជា​ធ្លុង​មួយ​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​សកល​ដោយ​ប្រសិទ្ធភាព និង​ជួយ​សង្គ្រោះ​ភព​ផែនដី​យើង​ពី​គ្រោះ​មហន្តរាយ​ទាំងឡាយ សម្រាប់​ជនានុជន របស់​យើង​ជា​រៀងដរាប​តទៅ​។

សម្ដេច​មាន​ជឿជាក់​ថា យើង​ទាំងអស់​ពិតជា​អាច​ធ្វើ​បាន​។ សម្ដេច​បាន​លើក​ឡើង ជា​ឧទាហរណ៍​ល្អ​ៗ​ជា​ច្រើន​នៃ​សាមគ្គីភាព និង​កិច្ចសហការ​ទាំងនេះ​ដូច​ជា ការ​អនុវត្ត​ពិធីសារ​ម៉ុង​រ៉េ​អាល់​ដែល​បាន​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​បាន​ធ្វើ​ឱ្យ​សម្ដេច​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​ពិតជា​អាច​ជម្នះ​នូវ​រាល់​បញ្ហា​ទាំងនេះ ជាមួយ​គ្នា​បាន​។ជា​ទិស​ដៅ​បន្ត សម្ដេច​យល់​ថា យើង​ត្រូវ​បន្ត​លើក​កិច្ច​សហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ​ទាំង​ទ្វេភាគី និង​ពហុភាគី​ដោយ​ទុក​ភាព​ខុស​គ្នា​ផ្នែក​ប្រព័ន្ធ​ដឹកនាំ​, នយោបាយ​, វប្បធម៌ និង​ជំនឿ​សាសនា​ដោយឡែក ។ការ​គាំទ្រ​ហិរញ្ញវត្ថុ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ប្រទេស​អភិវឌ្ឍ​ដល់ ប្រទេស​កំពុង​អភិវឌ្ឍ គឺជា​ប្រការ​ចាំបាច់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល​ឱ្យ​កាន់តែ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ជាមួយ​គ្នា​នេះ យើង​ក៏​គួរ​ផ្តោត​ជា​សំខាន់​ផង​ដែរ​លើ​ការ​កសាង និង​ការ​ធ្វើ​សមាហរណកម្ម​ធនធានមនុស្ស​តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង​អំពី​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជាដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​បន្ទាន់​នៃ​បញ្ហា​បរិស្ថាន​សកល​។សម្ដេច​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​ស្រេច ហើយ​យើង​ត្រូវការ​ដៃគូ ទាំង​សាធារណៈ និង​ឯកជន ដើម្បី​ជួយ​យើង​សម្រេច​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​ទាំងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ