ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៣ មីនា ថា ករណីកងរាជអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើ ព្រមទាំងឃាត់អ្នកបើកបរម្នាក់ផងនោះ ពេលនេះ ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងបន្តនីតិវិធីសាកសួររកឈ្មួញឈើ ដែលនៅពីក្រោយខ្នង ។
លោកមេបញ្ជាការបន្តថា ខាងសមត្ថកិច្ចនៅមិនទាន់បានឃាត់ខ្លួនឈ្មោះស៊ី ស ដែលអ្នកបើកបរឆ្លើយដាក់ថា ជាថៅកែឈើនោះនៅឡើយទេ។ ចំណែកលោក ឆេង ឡុង នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត ដែលជាឪពុកក្មេករបស់ឈ្មោះ សុី ស នោះ នៅមិនទាន់ដឹងថា តើមានពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនោះទេ រង់ចាំបើកការស៊ើបអង្កេតបន្ត ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់នៅរសៀលថ្ងៃទី១៣ ខែមីនាថា បន្ទាប់ពីមានការសួរនាំទៅឃើញថា កូនប្រសារបស់លោក ឆេង ឡុង ឈ្មោះ សុី ស ទៅវិញទេ ដែលជាថៅកែ។ យ៉ាងណាក៏ដោយ លោក ឆេង ឡុង មិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការរកស៊ីឈើនោះទេ តែប្រសិនបើរកឃើញថាមានពាក់ព័ន្ធក្នុងជំនួញឈើនេះមែននោះ លោក ឆេង ឡុង ក៏ត្រូវមានទោសដែរ ។
លោក អេង ហុី បន្តថា ចំពោះលោក ឆេង ឡុង នេះថ្នាក់លើធ្លាប់បានហៅមកធ្វើកិច្ចសន្យាច្រើនដងមកហើយ ក្នុងរបរជំនួញឈើខុសច្បាប់នេះ ។ នៅរសៀលថ្ងៃដដែល មន្ត្រីជំនាញក៏បានហៅមកសួរនាំផងដែរ ចំពោះការលើកឡើងខាងលើ តែមិនទាន់ដឹងពីលទ្ធផលនោះទេ រង់ចាំបញ្ចប់ការសុើបអង្កេតសិន ។
លោកបន្តទៀតថាករណីនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានបញ្ជាឲ្យតាមចាប់ខ្លួនឈ្មោះ ស៊ី ស ដែលត្រូវជាកូនប្រសារបស់លោក ឆេង ឡុង ផងដែរ ។
ទាក់ទងនឹងរឿងនេះមានការលើកឡើងថា លោក ឆេង ឡុង ត្រូវបានមន្ត្រីជំនាញហៅមកសួរនាំ បន្ទាប់ពីកម្លាំងអាវុធហត្ថចុះបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើនៅក្នុងដីឡូត៍ភូមិគ្រឹះរបស់លោក ។ លោក ជូ សារុន បញ្ជាក់ថា នៅមិនទាន់មានការហៅលោក ឆេង ឡុង មកសួរនាំនៅឡើយទេ ។
បើតាមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ មួយរូបប្រាប់ថា ក្រោយពីកម្លាំងអាវុធហត្ថចាប់បានរថយន្តខាងលើនោះរួចមក ក៏បន្តចាប់ឃាត់រថយន្ត១គ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣ A-៩១២៦ ដឹកឈើធ្នង់ និងម្រេញពេញ១រថយន្តនៅខាងមុខភូមិគ្រឹះលោក ឆេង ឡុង តែអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
លុះនៅថ្ងៃបន្ទាប់ កម្លាំងអាវុធហត្ថ បានបន្តចុះទៅឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើ នៅក្នុងដីឡូត៍ភូមិគ្រឹះរបស់លោក ឆេង ឡុង តែម្តង ដោយរកឃើញកំណាត់ឈើធំៗជាច្រើនដុំ ដែលរហូតមកដល់រសៀលថ្ងៃទី១៣ ខែមីនា កម្លាំងអាវុធហត្ថនិងមន្ត្រីជំនាញស្ទូចយកឈើចេញពីភូមិគ្រឹះលោក ឆេង ឡុង មិនទាន់អស់នៅឡើយទេ ។
ចែករំលែកព័តមាននេះ