ខេត្តបាត់ដំបង ៖ បើទោះជាក្រសួងអយស្ម័យាន្តកម្ពុជា បានប្រកាសបិទឈប់មិនឲ្យមានការប្រើប្រាស់ «ឡូរី ឬ រទេះប្ញស្សី» ដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្តលើផ្លូវដែកដ៏ពេញនិយមនៅស្ថានីយរថភ្លើង«អូរដំបង» ក្នុងស្រុកសង្កែ អស់រយៈពេលច្រើនឆ្នាំកន្លងទៅនេះក្ដី ។ ប៉ុន្តែស្ថានីយរថភ្លើងដ៏តូចនិងមានវ័យចំណាស់មួយនេះ នៅតែជាគោលដៅទេសចរដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ខណៈភ្ញៀវទេសចរជាតិ សម្រុកខ្លាំងទៅជិះ«ឡូរី»កម្សាន្តលើផ្លូវដែកសិប្បនិម្មិត ដែលក្រុមហ៊ុនឯកជនមួយបានរៀបចំ ធ្វើនៅរមនីយដ្ឋានក្បែរជើងភ្នំបាណន់ ។

យ៉ាងហោចណាស់ ក៏មានភ្ញៀវទេសចរបរទេសចន្លោះពី១៥ ទៅ២០នាក់ដែរក្នុងមួយថ្ងៃ ដែលបានធ្វើដំណើទៅរក«ឡូរី ឬរទេះប្ញស្សី» ជិះកម្សា្តលើផ្លូវដែកនៅស្ថានីយរថភ្លើង«អូរដំបង» ក្នុងទឹកដីស្រុកសង្កែ។ នេះបើតាមការអះអាងរបស់អ្នកដឹកភ្ញៀវកំសាន្តតាម«ឡូរី»ដែលសេសសល់ប៉ុន្មាននាក់ប្រចាំនៅ«រ៉ាអូរដំបង»នោះ ។ ពួកគេបានរៀបរាប់ប្រាប់កោះសន្តិភាពថា ស្ថានីយរថភ្លើងនៅ«អូរដំបង»នេះ ត្រូវបានអ្នកគ្រប់គ្រងផ្លូវដែកបិទមិនឲ្យ«ឡូរី»ដឹកភ្ញៀវច្រើនឆ្នាំកន្លងមកហើយ ព្រោះគេត្រូវការសាងសងឬជួសជុល ដើម្បីដំណើការរថភ្លើងឡើងវិញ។ ប៉ុន្តែក៏នៅមានអ្នកភូមិប៉ុន្មាននាក់ដែលមាន«ឡូរី»គ្មានការងារធ្វើ ចេះតែឆ្លៀតលួចដឹកភ្លៀវកម្សាន្តគ្រាន់បានចំណូលបន្តិចបន្ទូចចិញ្ចឹមគ្រួសារ។
ពួកគេបានបញ្ជាក់ថា សព្វថ្ងៃមានតែភ្ញៀវបរទេសទេ ដែលនាំគ្នាទៅរកជិះ«ឡូរី ឬរទេះប្ញស្សី» នៅ «រ៉ាអូរដំបង» នេះ រីឯភ្ញៀវក្នុងស្រុកវិញ ស្ទើរទាំងស្រុងបាននាំគ្នាទៅជិះ«ឡូរី»នៅស្រុកបាណន់ ដែលជារបស់ក្រុមហ៊ុនឯកជន ។ ប្រភពដដែលនេះបានប្រាប់ថា បើនិយាយពីភ្ញៀវបរទេស ពួកគេមិនព្រមទៅជិះ«ឡូរី»នៅជើងភ្នំបាណន់ទេ។ ព្រោះពួកគេចាត់ទុក «ឡូរី» ដែលជិះកម្សាន្តនៅលើផ្លូវដែកជើងភ្នំបាណន់ជា«ផ្លូវដែកសិប្បនិម្មិត ពួកគេមិនចូលចិត្ត» ។ ដូច្នេះហើយ ទើបភ្ញៀវទេសចរបរទេសទាំងអស់តែងនាំគ្នាមករក«ឡូរី»នៅ«រ៉ាអូរដំបង» ជិះកំសាន្តនៅពេលពួកគេមកជាន់ទឹកខេត្តបាត់ដំបងម្ដងៗ ។

អ្នកដឹកភ្ញៀវទេសចរបរទេសដ៏មមារញឹកម្នាក់ លោក លាភ ធារី បានប្រាប់កោះសន្តិភាព នៅក្នុងស្ថានីយរថភ្លើង«អូរដំបង» ថា លោកតែងដឹកភ្ញៀវបរទេសជាញឹកញាប់ពីភ្នំពេញ មកកាន់ខេត្តបាត់ដំបង ឬ ទៅតាមបណ្ដាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ។ នៅពេលសួរថា ភ្ញៀវបរទេសដែលលោកដឹកមកកាន់ខេត្តបាត់ដំបង តើពួកគេចូលចិត្តទៅទស្សនាតំបន់ណាជាងគេ ? អ្នកដឹកភ្ញៀវទេសចរបរទេសរូបនេះ ហាក់គ្មានការស្ទាក់ស្ទើរទេ ក្នុងការផ្ដល់ចម្លើយ ដែលគាត់ហាក់ដូចជាបានដឹងចិត្តភ្ញៀវអស់ទៅហើយ ។ លោកបានប្រាប់ថា ពេលជាន់ទឹកដីបាត់ដំបងភ្លាម ពួកគេប្រាកដជាប្រាប់ឲ្យលោកដឹកទៅជិះ«ឡូរី»កំសាន្តនៅស្ថានីយ«អូរដំបង»នេះមុនគេ ។

លោក លាភ ធារី បាននិយាយថា បើតាមការកត់សម្គាល់របស់លោក ភ្ញៀវបរទេសដែលមកលេងខេត្តបាត់ដំបង ភាគច្រើនពួកគេបានកំណត់គោលដៅទេសចរជាមុនរួចស្រេចទៅហើយ មុនពេលចេញដំណើរ ។ លោកបានបញ្ជាក់ថា គោលដៅដែលភ្ញៀវទេសចរបរទេសទាំងនោះបានកំណត់ មាន៤គោលដៅ ដែលសំខាន់បំផុតនៅក្នុងខេត្តបាត់ដំបង គឺ ទី១-ទៅជិះ«ឡូរី ឬ រទេះឬស្សី» នៅស្ថានីយរថភ្លើងអូរដំបង ទី២-ទៅទស្សនាល្អាងប្រជៀវភ្នំសំពៅ ទី៣-ទៅមើលការផលិតសំបកណែមរបស់អ្នកភូមិដូនទាវ នៅស្រុកឯកភ្នំ និងទី៤-ពួកគេទៅទស្សនាការធ្វើកសិកម្មដំណាំស្រូវឬដំណាំបន្ទាប់បន្សំផ្សេងៗទៀត (បើមកចំពេលរដូវវស្សា) ។ តើហេតុអ្វីបានលោកមិនដឹកភ្ញៀវបរទេសទាំងនោះទៅជិះ «ឡូរី» នៅជើងភ្នំបាណន់ដែលគេទើបបង្កើតថ្មី ?

លោក លាភ ធារី គ្រវីក្បាលជាមួយនឹងបន្លឺសំណើចតិចៗ រួចនិយាយថា « តាមពិតពួកភ្ញៀវបរទេស វាដឹងជាងយើងឆ្ងាយណាស់ ពាក់ព័ន្ធនឹងរឿងជិះឡូរីកម្សាត្តនេះ ។ បើតាមខ្ញុំធ្លាប់ដឹកភ្ញៀវបរទេស ខ្ញុំបានដឹងច្បាស់ណាស់ពីគោលដៅពួកគេ គឺពួកគេចូលចិត្តដើរទស្សនាស្វែងយល់ ស្រាវជ្រាវនូវតំបន់ណាដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។ ដូច្នេះ ចំពោះការជិះឡូរីនៅជើងភ្នំបាណន់ ភ្ញៀវបរទេសភាគច្រើនមិនចង់ទៅទេ ។

ពួកគេយល់ថា ទីនោះជាកន្លែងសិប្បនិម្មិតខុសពីផ្លូវដែកនៅស្ថានីយអូរដំបង ដែលមានប្រវត្តិរាប់រយឆ្នាំកន្លងមកនេះ»។ ដោយឡែក អ្នកដឹកភ្ញៀវទេសចរបរទេសមួយរូបទៀត គឺ លោក ឃួន វឹង ក៏បានទាញហេតុផលមិនខុសពីលោក លាភ ធារី ជាអ្នកដឹកភ្ញៀវបរទេសដូចគ្នាដែរ។ លោក ឃួន វឹង បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំដឹកភ្ញៀវជនជាតិកូរ៉េចំនួន០៤នាក់ ចេញពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ។ ប៉ុន្តែភ្ញៀវបានប្រាប់ឲ្យខ្ញុំដឹកឆ្ពោះមកកាន់បាត់ដំបងសិន មុនចេញទៅសៀមរាប»។ នៅពេលសួរថា តើមូលហេតុអ្វី បានភ្ញៀវឲ្យលោកដឹកពួកគាត់មកបាត់ដំបង មុនទៅសៀមរាប ?

លោក វឹង បានផ្ដល់ចម្លើយថា ពួកភ្ញៀវកូរ៉េទាំង០៤នាក់នេះ គាត់ចង់ទៅជិះ«ឡូរី» នៅស្ថានីយរថភ្លើងអូរដំបង និង ចង់ទៅទស្សនាសត្វប្រជៀវហោះចេញពីល្អាងភ្នំសំពៅពេលល្ងាច រួចទើបបន្តដំណើទៅកាន់ខេត្តសៀមរាប។ អ្នកដឹកភ្ញៀវរូបនេះបានបញ្ជាក់ដែរថា ភាគច្រើនភ្ញៀវបរទេស ដែលលោកបានដឹកមកកាន់ខេត្តបាត់ដំបង ស្ទើរគ្រប់ជាតិសាសន៏ គឺ តែងទៅជិះឡូរីកំសាន្តនៅស្ថានីយរថភ្លើងអូរដំបង រួចទើបបន្តដំណើរទៅទស្សនាល្អាងប្រជៀវភ្នំសំពៅ ដែលជាគោលដៅទស្សនាសំខាន់របស់ពួកគេ។ ស្ថានីយរថភ្លើង«អូរដំបង» មានទីតាំងនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ។

គោលដៅនៃការធ្វើដំណើតាម«ឡូរី ឬ រទេះឬស្សី» កំសាន្តនៅលើផ្លូវដែកនេះមានចម្ងាយប្រហែល០៧គីឡូម៉ែត្រ ចាប់ពីចំណុចស្ថានីយអូរដំបង រហូតទៅដល់ចំណុចស្ថានីយ អូរស្រឡៅ ស្ថិតក្នុងឃុំអូរស្រឡៅ ស្រុកសង្កែ រួចដឹកភ្ញៀវត្រឡប់មកកាន់ ស្ថានីយអូរដំបងវិញ។ តម្លៃនៃការធ្វើដំណើកម្សាន្តបើតាមម្ចាស់ឡូរី បានប្រាប់ថា សម្រាប់ភ្ញៀវបរទេសម្នាក់តំលៃ៥ដុល្លា (ទៅមក) រីឯភ្ញៀវខ្មែរម្នាក់តំលៃ២.៥ដុល្លា (ទៅមក)។

ប៉ុន្តែបច្ចុប្បន្នពុំមាន«ឡូរី ឬ រទេះប្ញស្សី»នេះ បំរើសេវ៉ាដឹកភ្ញៀវកំសាន្តជាផ្លូវការនៅលើផ្លូវដែករបស់រដ្ឋ នៅក្នុងស្ថានីយរថភ្លើងខាងលើនេះដូចប៉ុន្មានឆ្នាំមុននោះទេ ។ ក្រុមហ៊ុនអយស្ម័យាន្តកម្ពុជា បានរៀបចំសាងសង់ ឬ ជួសជុលផ្លូវដែកនេះ ដើម្បីដំណើការរថភ្លើងដឹកទំនិញ ឬ ដឹកអ្នកដំណើឡើងវិញ ទើបត្រូវបិតឈប់មិនឲ្យអ្នកភូមិប្រើប្រាស«ឡូរី»បំរើសេវាដឹកភ្ញៀវកម្សាន្តរហូតមកដល់សព្វថ្ងៃនេះ។

ដំណាលគ្នានៃការបិទបញ្ឈប់មិនឲ្យមានឡូរី រត់លើផ្លូវដែករបស់រដ្ឋខាងលើនេះ ក៏ស្របពេលដែលផ្លូវដែកសិប្បនិម្មិតថ្មី សម្រាប់ឲ្យ«ឡូរី»ដឹកភ្ញៀវកម្សាន្តត្រូវបានបង្កើតឡើងរួចរាល់ ដោយក្រុមហ៊ុនឯកជនមួយ នៅតំបន់ជើងភ្នំបាណន់ផងដែរ ។ គេបានប្រកាសបិទទាំងស្រុងមិនឲ្យមាន «ឡូរី» រត់ដឹកភ្ញៀវលើផ្លូវដែក នៅស្ថានីយអូរដំបង តែអាជ្ញាធរ បានជម្រុញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តទឹកដីខេត្តបាត់ដំបង ទៅជិះ«ឡូរី»កំសាន្តនៅលើផ្លូវដែកសិប្បនិម្មិតថ្មី នៅក្បែរជើងភ្នំបាណន់ វិញដែលជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រផង និង បែបធម្មជាតិផង។

យ៉ាងណាក្ដី ដោយសារពុំមានការងារធ្វើ និងធ្លាប់ប្រកបមុខរបរដឹកភ្ញៀវកំសាន្តនៅក្នុងមូលដ្ឋានខ្លួន ទើបអ្នកភូមិដែលមាន«ឡូរី» សេសសល់ប៉ុន្មានគ្រឿងក៏នាំគ្នាឆក់ឱកាស លួចដឹកភ្ញៀវទាំងភ្នែកលើថ្ងាស់ បំពានបំរាមអ្នកគ្រប់គ្រងផ្លូវដែករបស់រដ្ឋ រហូតពេលខ្លះត្រូវបានគេចាប់រឹបអូសយក«ឡូរី»របស់ពួកគាត់ទៀតផងក៏មានដែរ។

រហូតដល់សព្វថ្ងៃអ្នកភូមិអូរដំបង ដែលមានសេសសល់«ឡូរី ឬ រទេះឬស្សី» នេះប៉ុន្មានគ្រឿង
មិនដឹងយកទៅណា ក៏នៅតែនាំគ្នាឆ្លៀតដឹកភ្ញៀវបរទេសកម្សាន្ត យ៉ាងកញ្ឆក់កណ្ដៀតគ្រាន់បានចំណូលបន្តិចបន្ទូចចែករំលែគ្នាទិញស្បៀងអាហារសម្រាប់គ្រួសាររស់ប្រចាំថ្ងៃ ខណៈភ្ញៀវបរទេសចេះតែទៅរក «ឡូរី»ជិះជាហូហែរមិនដាច់ បើទោះជាត្រូវអ្នកគ្រប់គ្រងផ្លូវរថភ្លើងនេះ ហាមឃាត់ ឬត្រូវចាប់រឹបអូស«ឡូរី ឬរទេះប្ញស្សី» នេះយ៉ាងណាក្ដី៕

៦៥
ចែករំលែកព័តមាននេះ