ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ខ្មែរ​ត្អូញត្អែរ​ពិបាក​រកស៊ី ដោយសារ​ឈ្មួញ​វៀតណាម​ចូល​មក​ប្រកួតប្រជែង

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ឈ្មួញ​ខ្មែរ​ដែល​ទិញ​ស្រូវ​ពី​កសិករ​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ឈ្មួញ​វៀតណាម​ដែល​ចូល​មក​ទិញ​ស្រូវ​ប្រណាំងប្រជែង

ខេត្តព្រៃវែង ៖ ឈ្មួញ​ខ្មែរ​ដែល​ទិញ​ស្រូវ​ពី​កសិករ​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ឈ្មួញ​វៀតណាម​ដែល​ចូល​មក​ទិញ​ស្រូវ​ប្រណាំងប្រជែង​ជាមួយ​ពួក​គាត់​នៅ​ក្នុងស្រុក​ពាម​ជ័រ​យ៉ាង​អនាធិបតេយ្យ ថែម​ទាំង​យក​រថយន្ដ​បើក​ចូល​ទឹកដី​ខ្មែរ ដោយ​គ្មាន​ច្បាប់ទម្លាប់​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រកស៊ី ។

ឈ្មួញ​ខ្មែរ​ម្នាក់​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ លោក​តែងតែ​ដើរ​ទិញ​ស្រូវ​ពី​កសិករ​នៅ​ស្រុក​ពាម​ជ័រ ទៅ​លក់​ឲ្យ​វៀតណាម​តាម​ច្រក​អន្តរជាតិ​កោះ​រកា គ្រាន់​បាន​ចំណេញ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ប៉ុន្ដែ​ឆ្នាំ​នេះ​ពួក​គាត់​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​តែ​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ស្រូវ​ដោយ​សេរី​នៅ​ក្នុងភូមិ​សាស្ត្រ​នេះ ធ្វើ​ឱ្យ​ការ​ប្រមូល​ទិញ​របស់​ពួក​គាត់​មានការ​ប្រកួតប្រជែង​ច្រើន​។ មិនតែប៉ុណ្ណោះ ព្រមទាំង​អនុញ្ញាត​ឲ្យ​ឈ្មួញ​វៀតណាម​ទាំងនោះ​យក​រថយន្ត​បើក​ចូល​មក​ទិញ​ស្រូវ​ក្នុង​ដី​ខ្មែរ​ទៀត​ផង ។

ឈ្មួញ​ទិញ​ស្រូវ​រូប​នេះ​បន្ត​ថា ៖ « ឈ្មួញ​វៀតណាម​គួរតែ​នៅ​ឈរជើង​ចាំ​ទិញ​ស្រូវ​ពី​ឈ្មួញ​ខ្មែរ​តាម​ព្រំដែន មិន​គួរ​មក​ដើរ​ទិញ​ស្រូវ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ទេ » ។

ឈ្មួញ​ខ្មែរ​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ គាត់​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​១​គីឡូក្រាម​តម្លៃ​៧៧០​រៀល ហើយ​យក​ទៅ​លក់​នៅ​វៀតណាម​បាន​តម្លៃ​៨០០​រៀល​ក្នុង​១​គីឡូក្រាម ។ លោក​និយាយ​ថា ៖ « ការ​ដឹកស្រូវ​ក្នុង​១​រថយន្ត​ខ្នាត​តូច គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ខ្មែរ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា ចំនួន​២​ម៉ឺន​៣​ពាន់​រៀល និង​បង់​ឲ្យ​ខាង​វៀតណាម​អស់​២៣​ម៉ឺន​ដុ​ង ស្មើនឹង​៣​ម៉ឺន​៥​ពាន់​រៀល បើ​សរុប​ទាំងអស់​ចំនួន​៥​ម៉ឺន​៨​ពាន់​រៀល ហើយ​បើ​ទូទាត់​សោហ៊ុយ ថ្លៃ​ប្រេង និង​កម្មករ​លើកដាក់​ក្នុង​មួយ​ជើង គាត់​ចំណេញ​បាន​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​ប៉ុណ្ណោះ » ។

លោក​បន្ដ​ថា ៖ « ក្នុង​មួយ​ថ្ងៃ​ដឹក​បាន​តែ​១​ជើង​ឬ​២​ជើងទេ ហើយ​ជួនកាល​២​ទៅ​៣​ថ្ងៃ​ដឹក​បាន​១​ជើង​ក៏​មាន​ដែរ ព្រោះថា​ទិញ​ស្រូវ​មិន​បាន ខណៈ​ឈ្មួញ​វៀតណាម​មក​ដេញថ្លៃ » ។

ពាក់ព័ន្ធ​នឹង​ឈ្មួញ​វៀតណាម​ចូល​ទិញ​ស្រូវ​ដោយ​គ្មាន​លិខិត​ស្នាម​នេះ នាយ​រង​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា លោក ហ៊ុន សុវណ្ណ បកស្រាយ​ថា ៖ « រឿង​លុយកាក់​ដែល​ក្រុម​អ្នក​ដឹកស្រូវ​ឲ្យ​មក​មន្ត្រី​នោះ គឺ​បន្តិចបន្តួច​ទេ ដោយ​ខាងយើង​មិន​បាន​បង្គាប់​ឡើយ គឺ​គ្រាន់​នឹង​ដោះស្រាយ​ថ្លៃ​បាយ​ទឹក កាហ្វេ ។ ឯ​រឿង​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ស្រូវ​នោះ យើង​ទទួលស្គាល់​ដែរ​ថា ពិតជា​មាន​មែន តែ​ក្រុម​ឈ្មួញ​ទាំងនោះ​មាន​គ្នា​ត្រឹមតែ​៥​ទៅ​៦​នាក់​ទេ ហើយ​ធ្វើ​ដូច​ខ្មែរ​យើង គឺ​ព្រឹក​ចូល ល្ងាច​ចេញ ។ បើ​យើង​មិន​ឲ្យ​ចូល គេ​ថា​យើង​តឹង​ពេក » ៕