ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​អង្ករ​ចុះថោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​បាន​ខិតខំ​ជំរុញ​ផលិតកម្ម​ស្រូវ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ផល​ស្រូវ​ជន់​ដូច​ជា ឥណ្ឌា​សល់​ស្រូវ​រាប់​សិប​លាន​តោន ថៃ​សល់

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​បាន​ខិតខំ​ជំរុញ​ផលិតកម្ម​ស្រូវ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ផល​ស្រូវ​ជន់​ដូច​ជា ឥណ្ឌា​សល់​ស្រូវ​រាប់​សិប​លាន​តោន ថៃ​សល់​ស្រូវ​ប្រមាណ​១០​លាន​តោន ខណៈ​កម្ពុជា​សល់​ស្រូវ​ប្រមាណ​៥​លាន​តោន​ដែល​ធ្វើ​ឲ្យ​ប្រទេស​ត្រូវការ​ស្រូវ អង្ករ មានឱកាស​បន្ទាប​ថ្លៃ និង​ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ ពេល​ខ្លះ​លក់​មិន​រួច​ថ្លៃដើម​ផង ។ នេះ​គឺជា​ក្រឹត្យក្រម​នៃ​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១២ មីនា ថា នៅ​ពេល​ណា​ការ​ផ្គត់ផ្គង់​មាន​កម្រិត ហើយ​តម្រូវការ​ច្រើន​នោះ ទំនិញ​នឹង​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​បើ​ការ​ផ្គត់ផ្គង់​មាន​បរិមាណ​ច្រើន ហើយ​តម្រូវការ​មាន​កម្រិត ថ្លៃ​ទំនិញ​នឹង​ចុះថោក​ជា​មិន​ខាន ។

លោក​បន្ដ​ថា ក្នុង​ស្ថានភាព​ប្រែប្រួល​នេះ បើសិនជា​មានការ​រំលោភ​ក្រឹត្យក្រម​សត្យា​នុ​ម័ត​នោះ នឹង​នាំ​ឲ្យ​បរាជ័យ​ក្នុង​មុខ​ជំនួញ​មិន​ខាន ។​ជាក់ស្តែង កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដើម្បី​យកចិត្ត​កសិករ លោកស្រី យី​ង ទ្បា​ក់ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ដាក់​ផែនការ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​រាប់​លាន​តោន ប៉ុន្តែ​ដល់​យក​ទៅ​លក់​នៅ​ទីផ្សារ​ខាង​ក្រៅ​ប្រទេស គឺ​លក់​មិន​ចេញ​ដោយ​ថ្លៃ​ខ្ពស់​ជាង ធ្វើ​ឲ្យ​ខាត​ជាង​១​ម៉ឺន​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សល់​ស្តុក​ស្រូវ​រាប់​លាន​តោន​ក្នុង​ឃ្លាំង ដែល​លោកស្រី​ត្រូវ​បាន​តុលា​ការ​ថៃ​កាត់ទោស​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ថ្លែង​ថា ៖ « បញ្ហា​នេះ​វា​កើត​ទ្បើ​ង​មិនមែន​តែ​ថ្លៃ​ស្រូវ​អង្ករ​ទេ នៅ​មាន​កសិផល​ផ្សេង​ៗ​ទៀត​ដូច​ជា កៅស៊ូ ដំឡូង​មី ស្វាយចន្ទី ម្រេច សណ្តែក និង​ល្ង ។​ល​។ ក៏​មាន​បញ្ហា​ចោទ​ដូច​គ្នា​ដែរ នៅ​ពេល​ផល​ជោរជន់​នោះ តម្លៃនឹង​ចុះថោក​ជា​មិន​ខាន ។ នេះ​ជា​ស្ថានភាព​ប្រែប្រួល​នៃ​តម្លៃ កសិផល ដែល​តែងតែ​កើត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ​ចៀស​មិន​រួច ហើយ​គ្មាន​សេដ្ឋកិច្ច​ណា ឬ​អ្នកនយោបាយ​ណា​ថា ពូកែ​អាច​ដោះស្រាយ​បាន​ទេ កុំ​ជឿ គឺ​សុទ្ធតែ​ជា​រឿង​បោកប្រាស់​ប៉ុណ្ណោះ ។ ជា​ពិសេស ប្រទេស​កម្ពុជា​យើង​តូច​មាន​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ នៅ​រណប​ប្រទេស​ធំ ហើយ​ទីផ្សារ​ខាងក្រៅ​ប្រទេស​អាច​នឹង​ជួប​ហានិភ័យ​ក្នុង​ការ​នាំ​ចេញ​កសិផល​នានា​ចៀស​មិន​រួច នៅ​ពេល​ប្រែប្រួល​ថ្លៃ​លើ​ទីផ្សារ​អន្តរជាតិ » ។

យោង​តាម​របាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ បង្ហាញ​ថា បរិមាណ​អង្ករ​កម្ពុជា​ដែល​បាន​នាំ​ចេញ​ក្នុង​កំឡុង​ពេល​២​ខែ​ឆ្នាំ​នេះ មាន​ចំនួន​១០៩.៥៥១​តោន កើនឡើង​១៤,២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៩៥.៩៤៥​តោន ។

ចំណែក​គោលដៅ​ប្រទេស​ដែល​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​ក្នុង​រយៈពេល​២​ខែ​នេះ  បារាំង​ឈរ​លំដាប់​លេខ​១ មាន​ចំនួន​១៥.៣១៨​តោន​, ប៉ូ​ឡូញ​លំដាប់​លេខ​២ មាន​ចំនួន​៩.១៣៦​តោន និង​អង់គ្លេស មាន​ចំនួន​៦.៣៨៥ ឈរ​លំដាប់​លេខ​៣ ៕