ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​យុវជន​រង​គ្រោះ​ដែល​ទាហាន​បាញ់​សម្លាប់​ជាង​១០​ថ្ងៃមុន អង្វរ​ដល់​សម្ដេច​តេ​ជោ​ជួយ​រក​យុត្តិធម៌

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ដែល​ករណី​មន្ត្រី​យោធា​ម្នាក់​យក​កាំភ្លើង​អាការ បាញ់ប្រហារ​ទៅ​លើ​គូទំនាស់ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ដែល​ករណី​មន្ត្រី​យោធា​ម្នាក់​យក​កាំភ្លើង​អាការ បាញ់ប្រហារ​ទៅ​លើ​គូទំនាស់ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំ ពេញ​។ ប៉ុន្តែ​ជន​ដៃដល់​នៅ​មិន​ទាន់​ចាប់ខ្លួន​នៅឡើយ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ កំពុង​ព្រួយបារម្ភ​ថា ជន​ដៃដល់​នៅ តែ​អាច​គេច​ពី​សំណាញ់​ច្បាប់ ចំណែក​អ្នក​ស្លាប់​នៅ​តែ​ទទួល​ភាព​អយុត្តិធម៌​បំផុត​។ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ ភាគី​នៃ​គូ​នំ​នា​ស់​ម្ខាង​បាន​រៀបរាប់​ថា គាត់​ឈ្មោះ ឃឹម ប៊ុ​ន​លី ហៅ​ប៊ុ​ន អាយុ​៦០​ឆ្នាំ គាត់​ជា​ម្តាយ​ជន​រង​គ្រោះ ឈ្មោះ សោម វ​ណ្ណា អាយុ​១៨​ឆ្នាំ​។

គាត់​មាន​ទីលំនៅ​ភូមិ​អន្លុង​ត្នោត  ឃុំ​លង្វែក  ស្រុក​កំពង់ត្រឡាច​។ នៅ​ថ្ងៃ​កើតហេតុ ក្រោយ​ពី​បាញ់​ត្រូវ ស្ត្រី​ម្នាក់​ដែល​ជា​ម្តាយធំ​របស់​មិត្តភក្ដិ​កូន​គាត់ បណ្តាល​ឲ្យ​រង​របួស​មក កូនប្រុស​គាត់​បាន​ទៅ​ជួយ​លើក ស្រាប់តែ​ត្រូវ​ទាហាន​រូប​នោះ​បាញ់​បន្ថែម មក​លើ​កូនប្រុស​គាត់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​ស្លាប់​តែ​ម្តង​។ ស្ត្រី​ដែល​បាន អះអាង​ថា ជា​ម្តាយ​ជន​រង​គ្រោះ បាន​យំ​ខ្សឹកខ្សួល​ប្រាប់​តាម​ទូរ​សព្ទ័​ថា ប្តី​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ហើយ តែ​មក ដល់​ពេល​នេះ​ស្ងាត់ឈឹង មិន​ទាន់​ឃើញ​មាន​នរណា​ហៅ​សួរនាំ​អ្វី​នោះ​ទេ​។

សព្វថ្ងៃ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ សព្វថ្ងៃ​គាត់​នៅ ម្នាក់ឯង​ព្រោះ​ប្តី​គាត់​បាន​បែក​គ្នា​តាំងពី​កូន​ដែល​ស្លាប់​នៅ​ក្នុង​ពោះ​មក​ម្លេះ មក​ដល់​ពេល​នេះ​១៨​ឆ្នាំ​ហើយ ។ តែ​ពេល​មានរឿង ប្តី​គាត់​បាន​មក​ជួយ​ធ្វើ​បុណ្យសព​កូន និង​ជួយ​ធ្វើ​ពាក្យបណ្តឹង​ដែរ តែ​មក​ដល់​ថ្ងៃនេះ​មិន​ទាន់​ឃើញ​ខាង ណា ហៅ​សួរនាំ​អ្វី​ឡើយ​។ ហេតុនេះ គាត់​សូម​អង្វរ​ដល់​តុលាការ អាជ្ញាធរ​ខេត្ត និង​សម្តេច​តេ​ជោ ហ៊ុន សែន សូម​ជួយ​រក យុត្តិធម៌​ឲ្យ​កូនប្រុស​គាត់​ផង កុំ​ឲ្យ​កូនប្រុស​គាត់​ស្លាប់​ទៅ​យ៉ាង​អយុត្តិធម៌​បែប​នេះ​។

សូម​រំ​ឮ​កថា កាលពី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ នៅផ្ទះ​ឈ្មោះ ប្រាក់ នឿ​ន មាន​ទីលំនៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន ជ័យ មានការ​ផឹកស៊ី​មួយ​រវាង​ក្មេង​ៗ​នៅផ្ទះ​ក្បែ​គ្នា​។ ការ​ផឹកស៊ី​បាន​ជជែក​គ្នា​រំខាន​ដល់​អ្នក​ជិតខាង ពេល​នោះ​មាន​មន្ត្រី យោធា​ម្នាក់​ឈ្មោះ ហែម សទ្ធា ឋានៈ​ជំនួយការ​សុខាភិបាល នៅ​កងពល​អន្តរាគមន៍​ពិសេស លេខ​១​លង្វែក បាន​ចេញ មក​ហាមឃាត់ ហើយ​ក៏​បាន​កើត​ជម្លោះ ពេល​នោះ​មន្ត្រី​យោធា​ឈ្មោះ ហែម សទ្ធា បាន​យក​កាំភ្លើង​អាការ មក​បាញ់​រះ ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​យុវជន​ឈ្មោះ សោម វ​ណ្ណា អាយុ​១៨​ឆ្នាំ​ធ្លាយ​ពោះ​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ តុល យាន ត្រូវ​ចំនួន​២​គ្រាប់​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។

ក្រោយ ពេល​កើតហេតុ ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ព្រឹក​ឡើង​សមត្ថកិច្ច​បាន​ពិនិត្យ​កន្លែង​កើតហេតុ រក​ឃើញ​នៅ​មុខ​ផ្ទះ​ជន​ដៃ ដល់ ឃើញ​មាន​សំបក​គ្រាប់​អាការ ចំនួន​៤​គ្រាប់ និង​នៅផ្ទះ​ជន​រង​គ្រោះ​ឃើញ​មាន​ក្បាល​គ្រាប់​១​គ្រាប់​។ ប្រភព​ក្រៅផ្លូវការ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ជន​ដៃដល់​ដែល​កំពុង​គេចខ្លួន បាន​ចំណាយ​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ឲ្យ​អ្នក​រត់ការ​បញ្ចប់រឿង​ក្តី​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ  ត្រង់​ពិត​ឬ​យ៉ាងណា​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ តែបើ​ពិតជា​ដូច​បែប​នេះ​មែន​ច្បាប់​ស្រុក​ខ្មែរ នឹង​ទៅ​ជា​យ៉ាងណា​៕