ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​កាស៊ីណូ​១០​ម៉ឺ​ន​ដុល្លាររួច ​ថៅកែ​ចោទ​ថា «លេងល្បិច»

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មេ​មិន​នៅ​ក្រោម​ពង​ទេ សូមជ្រាប​ ! នេះ​ជាស​ម្តី​មេ​ល្បែង ។ បើ​និយាយ​ពី​កាស៊ីណូ​វិញ គេ​មិន​ដែល​ល្បី​ថា​អ្នក​ចូល​លេង​ឈ្នះ​ធ្វើ​សេដ្ឋី​នោះ​ទេ ក្រៅពី​បោស​គូទ​ខោ​ ឬ​

ខេត្ត​ព្រះ​សីហ​នុ ៖  មេ​មិន​នៅ​ក្រោម​ពង​ទេ សូមជ្រាប​ ! នេះ​ជាស​ម្តី​មេ​ល្បែង ។ បើ​និយាយ​ពី​កាស៊ីណូ​វិញ គេ​មិន​ដែល​ល្បី​ថា​អ្នក​ចូល​លេង​ឈ្នះ​ធ្វើ​សេដ្ឋី​នោះ​ទេ ក្រៅពី​បោស​គូទ​ខោ​ ឬ​លក់​អស់​ដីធ្លី ផ្ទះសម្បែង យក​លុយ​ស្រង់​ដើម ទីបំផុត​ធ្លាក់ខ្លួន​រហេមរហាម ។

សំណុំរឿង​ក្តៅ​ៗ​មួយ​បាន​កើតឡើង ដោយសារ​តែ​អ្នក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​យ៉ា​ឌូ​លី ក្រុងព្រះសីហនុ បាន​លេង​ឈ្នះ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ក៏​ត្រូវ​ថៅកែ​ចោទ​ថា​លេងល្បិច ហើយ​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់ ខណៈ​ពេល​មនុស្ស​ចំនួន​១៣​នាក់​ក្នុង​នោះ​ស្ត្រី​៣​នាក់ មក​ពី​ខេត្តកំពត បាន​នាំ​គ្នា​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ខាងលើ ។ ពួក​គេ​ត្រូវ​បាន​កម្លាំង​នគរបាលប្រតិបត្តិការ​គ្រប់គ្រង​កាស៊ីណូ​របស់​ក្រសួង​មហាផ្ទៃ ចាប់​ខ្លូ​ន​កាលពី​យប់​ថ្ងៃ​ទី​១១ ខែមីនា ។

ការ​ចាប់​បង្ខាំង​ទុក​នេះ ក៏​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ផង​ដែរ ។

សាច់ញាតិ​ក្រុម​ជន​ចំណាប់ខ្មាំង​ម្នាក់ គឺ យុវជន គឹ​ម សាល​វិសិដ្ឋ បាន​និយាយ​រៀប រាប់​ថា ពួក​គេ​ទាំងអស់​គ្នា​រស់នៅ​ឯ​ខេត្តកំពត បាន​នាំ​គ្នា​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ហើយ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​យ៉ា​ឌួ​លី និង​បាន​ឈ្នះ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ ។ ក្រោយ​ពី​បាន​ឈ្នះ​ក៏មាន​បំណង​ឈប់​លេង ហើយ​នាំ​គ្នា​យក​កាក់​លុយ​កាស៊ីណូ​ដែល​ឈ្នះ​នោះ​ទៅ​ប្តូរ​យក​លុយ​សុទ្ធ​ដើម្បី​ត្រឡប់​ទៅ​វិញ ស្រាប់តែ​ពួក​គេ​ទាំងអស់​គ្នា​ត្រូវ​ថៅកែ​កាស៊ីណូ​បញ្ជា​ឲ្យ​ក្រុម​សន្តិសុខ ហៅ​ចូល​បន្ទប់​ម៉ាស៊ីនត្រជាក់ រួច​ហើយ​ធ្វើការ​ឃាត់​ខ្លូ​ន​តែ​ម្តង ដោយ​ចោទ​ថា លេងល្បិច​ក្នុង​កាស៊ីណូ ។

បន្ទាប់​មក បាន​នាំ​ខ្លួន​ពួក​គេ​ចេញ​តាម​ទ្វារ​ក្រោយ​យក​ទៅ​បង្ខាំង​ទុក​នៅ​ទីស្នាក់ការ​ក្រុម​ប្រតិបត្តិការ​គ្រប់គ្រង​កាស៊ីណូ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ធ្វើការ​ដកហូត​លុយ​ដែល​មាន​ជាប់​នឹង​ខ្លូ​ន​ពី​ពួក​គេ​ប្រមាណ​១២៣.០០០​ដុល្លារ រថយន្ត​ចំនួន​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព្រមទាំង​ទូរស័ព្ទ​ជាង​២០​គ្រឿង ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ដៀប ឆាយ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ស៊ី​ណូ​យ៉ា​ឌូ​លី បាន​ធ្វើការ​បញ្ជាក់​ថា រឿង​ចាប់ខ្លួន​នេះ​គឺជា​រឿង​របស់​ថៅកែ ចំណែក​គាត់​មិនដឹង​អ្វី​ទេ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ ។

ដោយឡែក លោក ប៉ឹ​ក សា​លិ​ន ប្រធាន​ស្នាក់​ការ​ប្រតិបត្តិការ​គ្រប់គ្រង​កាស៊ីណូ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​ពុំ​មាន​អ្នក​ទទួល បើ​ទោះបី​អ្នក​យក​ព័ត៌មាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ច្រើន​សា​យ៉ាងណា​ក្តី ។ ដោយសារ​មិន​អាច​ស្វែងរក​អ្នក​បំភ្លឺ​បាន ធ្វើ​ឱ្យ​ព័ត៌មាន​នេះ​កំពុង​តែ​ក្លាយ​ក្អែក​១​ជា​ក្អែក​១០​ទៅ​ហើយ ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​និយាយ​ថា ចៅ​កែ​កាស៊ីណូ​ធ្វើ​បែប​នេះ​គឺជា​ការ​រំលោភ​បំពាន​ទៅ​ស្រុង​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ពីព្រោះ​ថា បើ​និយាយ​ពី​នីតិវិធី​នែ​ច្បាប់ ការ​ចាប់ខ្លួន​ជន​ណា​ម្នាក់​បាន លុះត្រាតែ​មាន​ដីកា​ចេញពី​តុលាការ ឬ​ការ​ចុះ​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​ព្រះរាជអាជ្ញា គឺ​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង ទើប​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​នេះ​ថៅកែ​កាស៊ីណូ​ចាប់​មនុស្ស​ឆៅ​ៗ​តែ​ម្តង ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​នោះ គឺ​ច្បាប់​កាស៊ីណូ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ បញ្ជាក់​យ៉ាង​ច្បាស់​ថា កាស៊ីណូ បើក​សម្រាប់​តែ​ជនជាតិ​បរទេស​ចូល​លេង​តែ​ប៉ុណ្ណោះ ហើយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ទេ ។ ប៉ុន្តែ​កាស៊ីណូ​មួយនេះ បែរជា​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ហើយ​ប្រើ​ល្បិច បើសិនជា​អ្នកលេង​ឈ្នះ​ច្រើន​ពេក ទំនង​គ្មាន​លុយ​សង​ចោទ​ថា​លេង​ប្រើ​ល្បិច ក៏​ចាប់ខ្លួន​អ្នក​ឈ្នះ​ទាំងនោះ​តែ​ម្តង ដើម្បី​បំភិតបំភ័យ​ជន​រង​គ្រោះ​ក្នុង​គោលបំណង​ជំរិត​យក​ប្រាក់​វិញ ហើយ​ករណី​បែប​នេះ​ដូច​ជា​មាន​២​ទៅ​៣​ដង​មក​ហើយ​ក្នុង​ពេល​កន្លង​មក ។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ដដែល​នោះ​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ​លោក​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ការ​ពិត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា  នៅ​ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​មានកាស៊ីណូ​ចំនួន​២៣​ទីតាំង កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រលូន បើកចំហ​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ផ្គើន​ទៅ​នឹង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កន្លង​មក សម្តេច​បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ចំពោះ​ក្រុមហ៊ុន​បើក​ល្បែង​កាស៊ីណូ​ទូ​ទាំង​ប្រទេស គឺ​ហាម​ផ្តាច់​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ទេ​។

ចំណែក​នៅ​ក្នុង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ច្បាប់​ធ្វើ​អាជីវ​កម្ម​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ផង​ដែរ ដូចនេះ​បើសិនជា​មាន​កាស៊ីណូ​ណាមួយ​អនុវត្តផ្ទុយ​ពី​ច្បាប់​អនុញ្ញាត គឺ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ។

មិនតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ដាក់​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ចុះ​មក​តាមដាន​និង​ហាម​មិន​ឲ្យ​ខ្មែរ​ចូល​លេង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ខ្មែរ​អាច​ចូល​លេង​ម៉ា​សេរី ដល់​ពេល​ខ្មែរ​ឈ្នះ​ទើប​ឃើញ​កងកម្លាំង​នេះ​មក​ឃាត់ខ្លួន​ដោយ​ចោទ​ថា អ្នកលេង​ទាំងនោះ​ប្រើ​ល្បិច​ទៅ​វិញ ហើយ​ថែម​ទាំង​បាន​ឃាត់ខ្លួន​មនុស្ស​ដោយ​ពុំ​មាន​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ឡើយ ។

រហូត​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ជនជាតិ​ខ្មែរ​ត្រូវ​បាន​ឃាត់ខ្លួន​នោះ ត្រូវ​បាន​ដោះ​លែង​ជា​បណ្តើរ​ៗ​វិញ​ហើយ ដោយ​ពុំ​មាន​ខាង​ណាមួយ​ធ្វើការ​បំភ្លឺ​ច្បាស់លាស់​ជុំវិញ​បាតុភាព​នេះ​ទេ ៕