ឈើគ្រញូងអាយុកាលជាង២០០ឆ្នាំដែលគេលួចកាប់ក្នុងតំបន់អង្គរចេញជារូបរាង
ខេត្តសៀមរាប ៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំត្រូវបានក្រុមជនទុច្ចរិតលួចកាប់
ខេត្តសៀមរាប ៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំត្រូវបានក្រុមជនទុច្ចរិតលួចកាប់
ខេត្តសៀមរាប ៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំត្រូវបានក្រុមជនទុច្ចរិតលួចកាប់នៅក្នុងតំបន់ឧទ្យានអង្គរនោះ គឺអាជ្ញាធរធ្វើការដកហូត និងប្រគល់ជូនគណកម្មការវត្តថ្មីដំរីសែនជ័យ ឥឡូវនេះកំណាត់ឈើបានប្រែក្លាយទៅជារូបបដិមាសំខាន់ៗសម្រាប់ជាការគោរពបូជារបស់បងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាចំនួន៦អង្គផងដែរ ។
គណកម្មាការវត្តថ្មីដំរីសែនជ័យបានឲ្យដឹងថា ឈើគ្រញូងដែលគេកាប់នោះត្រូវអាជ្ញាធរខេត្តប្រគល់មកឲ្យវត្តថ្មីដំរីសែនជ័យរក្សាទុក ហើយក៏បានរកជាងឈើមកឆ្លាក់រូបបដិមាសំខាន់ៗសម្រាប់ជាការគោរពបូជារបស់បងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាចំនួន៦អង្គក្នុងនោះរួមមាន៖ទី១-រូបបដិមាព្រះ អង្គ ចេក, ទី២-រូបបដិមាព្រះអង្គ ចម, ទី៣-រូបបដិមាព្រះ អង្គជប់ភ្នុំគូលេន, ទី៤-រូបបដិមាព្រះបាទ ជ័យវរ្ម័នទី៧, ទី៥-រូបបដិមាលោកតា រាជ រូបបដិមាអ្នកតា ដំបងគ្រញូង ។
ប្រភពបន្តទៀតថា រូបចម្លាក់ទាំងអស់នេះព្រះតេជគុណចៅអាធិការវត្តថ្មីដំរីសែនជ័យគ្រោងរៀបចំពិធីអភិសេកនៅថ្ងៃ១៥ កើត ពេញបូណ៌មី ត្រូវថ្ងៃទី១២ មីនា រហូតដល់ថ្ងៃទី១៤ មីនា ខាងមុខនេះ ។ គួររម្លឹកផងដែរថា ឈើគ្រញូងមួយដើមយ៉ាងធំមានអាយុកាលជាង២០០ឆ្នាំនៅក្នុងឧទ្យានជាតិអង្គរត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ហើយត្រូវបានថ្នាក់ដឹកនាំបញ្ជារឲ្យចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធមួយចំនួនយកទៅផ្តន្ទាទោសផងដែរ ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅដាក់ពន្ធនាគានោះមានទី១-ឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលបន្ទុកព្រៃឈើ និងទី២-លោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ។ គេកត់សម្គាល់ឃើញថា ដើមគ្រញូងដែលដុះនៅតាមខ្នងបារាយណ៍ និងក្នុងតំបន់អង្គរនោះមានជាច្រើនដើមកំពុងឈរបង្អួតភ្នែកទេសចរណ៍ ៕
ចែករំលែកព័តមាននេះ