ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ទិញ​វិទ្យុ​រហូត​អស់ពី​ហាង ក្រោយ​ការ​ណែនាំ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ

1 ឆ្នាំ មុន

ថៃ ៖ ប្រជាជន​ស្ថិត​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ បាន​ប្រញាប់ប្រញាល់​សម្រុក​នាំ​គ្នា​ទៅ​ទិញ​វិទ្យុ

ថៃ ៖ ប្រជាជន​ស្ថិត​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ បាន​ប្រញាប់ប្រញាល់​សម្រុក​នាំ​គ្នា​ទៅ​ទិញ​វិទ្យុ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ណែនាំ​ទៅ​កាន់​អ្នកស្រុក​ក្នុង​ខេត្ត​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ថា វិទ្យុ​គឺជា​បណ្តាញ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ព័ត៌មាន​អំពី​បញ្ហា​ទឹកជំនន់​។

លោក Jin Seng អាយុ​៥៥​ឆ្នាំ ម្ចាស់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច Tia Sae Huat ស្ថិត​នៅ​ផ្លូវ Mitraphap Highway ក្នុង​សង្កាត់ Muang បាន​និយាយ​ថា ហាង​របស់​គាត់​គឺជា​ហាង​លក់ដុំ​វិទ្យុ​ក្នុងស្រុក​ម៉ាក Thanin អស់​រយៈពេល​៣​ទស​វត្ស​មក​ហើយ​។ ហើយ​ប្រភេទ​វិទ្យុ​ប្រើ​ថ្ម​ធម្មតា ធ្លាប់​មានការ​ពេញ​និយម​ខ្លាំង​ណាស់ ជា​ពិសេស​ស៊េរី TF-268 ដែល​អាច​ទទួល​បាន​ទាំង​ការ​ផ្សាយ FM និង AM​។ ប៉ុន្តែ​វិទ្យុ​បាន​បាត់បង់​ប្រជាប្រិយភាព​កាលពី​២០​ឆ្នាំ​មុន ដោយសារ​មនុស្ស​ងាក​ទៅ​តាមដាន​ព័ត៌មាន និង​ស្តាប់​តន្ត្រី​តាម​ទូរ​ស័ព្ទ​ដៃ​ជំនួស​វិញ​។ លើកលែងតែ​កសិករ​មក​ពី​ស្រុក​ផ្សេង​ទៀត ដែល​តែងតែ​មក​ជាវ​យក​ទៅ​ស្តាប់​។

កាលពី​ថ្ងៃ​ទី​៣ ខែតុលា លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ប្រាប់​ទៅ​កាន់​អភិបាលខេត្ត​ទាំងអស់ នៅ​ក្នុង​សន្និសីទ​ទូរគមនាគមន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា ក្នុង​ករណី​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេង​ទៀត​ជាប់​គាំង ពួក​គេ​អាច​ចេញ​ការ​ព្រមាន​អំពី​បញ្ហា​ទឹកជំនន់​តាម​រយៈ​ស្ថានីយ៍​វិទ្យុ ដែល​មនុស្ស​អាច​ស្តាប់​តាម​វិទ្យុ​ត្រង់​ស៊ី​ស្ទ័​រ (Transistor Radio)​។ លោក​បន្ត​ថា ជា​បទ​ពិសោធន៍​វិទ្យុ​ដំណើរការ​បាន​យ៉ាង​ល្អ អំឡុង​ពេល​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំ ២០១១ នៅ​ពេល​ដែល​មានការ​ដាច់​ចរន្ត​អគ្គី​ស​នី​យ៉ាង​ទូលំទូលាយ​។

ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​ចែកចាយ និង​ផ្ទុះ​ឡើង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​មាន​អ្នក​រិះគន់​ចំអក ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហួស​សម័យ​បែប​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ទទូច​ថា មនុស្ស​ជា​ច្រើន​នៅ​តែ​ស្តាប់​វិទ្យុ​បែប​ចាស់ ជា​ពិសេស​នៅ​តាម​ជនបទ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៥ ខែតុលា អតិថិជន​បាន​សម្រុក​នាំ​គ្នា​មក​ទិញ​វិទ្យុ​ត្រង់​ស៊ី​ស្ទ័​រ​តាម​បណ្តា​ហាង​ជា​ច្រើន​។ លោក Jin Seng បាន​និយាយ​ថា គាត់​កំពុង​លក់​វិទ្យុ TF-268 ស៊េរី Thanin ក្នុង​តម្លៃ ២៩០​បាត ដែល​ស្មើនឹង ៧.៧៥​ដុល្លារ​ក្នុង​១​គ្រឿង​។ ប៉ុន្តែ​ដោយសារ​តម្រូវការ​ភ្លាម​ៗ​ក្នុង​កម្រិត​ខ្ពស់ ការ​លក់​វិទ្យុ​ប្រភេទ​នេះ ត្រូវ​អស់ពី​ហាង​តែ​ម្តង​។

ដោយឡែក លោកស្រី Arun Silpa អាយុ​៧១​ឆ្នាំ ដែល​មាន​ហាង​ទូទៅ​ស្រុក Kham Thale So ខេត្ត​នគររាជ​សីមា (Nakhon Ratchasima) បាន​និយាយ​ថា «​កាលពី​ម្សិលមិញ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​អតិថិជន​សម្រុក​មក​ទិញ​វិទ្យុ​រហូត​ទាល់តែ​អស់ពី​ក្នុង​ហាង​របស់ខ្ញុំ ដោយ​មិនដឹង​មក​ពី​មូលហេតុ​អ្វី​ទេ រហូត​ទាល់តែ​ខ្ញុំ​ដឹង​ព័ត៌មាន​អំពី​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​»៕ (​ប្រភព​ពី​បាងកក​ប៉ុ​ស្តិ៍ និង Nation Thailand)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ