ខេត្តប៉ៃលិន ៖ មកដល់ថ្ងៃទី១៣ មីនា នេះ ឈានចូលដល់រដូវក្តៅកាន់តែខ្លាំងឡើងៗ ស្រាប់តែភ្លើងអគ្គីសនី ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃឡើងគីឡូវ៉ាត់ គួរឱ្យកត់សម្គាល់ ។ ដោយផ្ទះខ្លះឡើងលើសមុនជិតពាក់កណ្តាល ខ្លះទៀតឡើងទ្វេរ ខណៈមិនសូវបានប្រើប្រាស់ច្រើន ហើយប្រើឧបករណ៍ដូចសព្វមួយដង ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ទាំងត្អូញត្អែរថា ភ្លើងអគ្គិសនីបច្ចុប្បន្ន ពិតជាឡើងគីឡូវ៉ាត់គួរឱ្យកត់សម្គាល់ ដោយកាលពីខែកុម្ភៈ ពួកគាត់ធ្លាប់ពីប្រើអស់ត្រឹម៧០ទៅ៨០គីឡូវ៉ាត់ម៉ោង រហូតមដល់ខែមីនា ឆ្នាំ២០១៧ ស្រាប់តែភ្លើងឡើងរហូតដល់១០០ ទៅ១២០គីឡូវ៉ាត់ ខណៈពួកគាត់ប្រើប្រាស់ឧបករណ៍ និងសម្ភារក្នុងផ្ទះដូចកាលពីមុនដែរ ដូចជាអំពូលភ្លើង កង្ហារ ទូទឹកកកជាដើម ។ ពួកគាត់បន្តទៀតថា ពេលខ្លះទៀតបិទភ្លើងអត់ប្រើប្រាស់រយៈពេលជិតកន្លះខែ លុះខាងវិក្កយបត្រភ្លើងយកមកដល់ ស្រាប់តែគីឡូឡើងលើសដើម ធ្វើឱ្យពួកគាត់មានការឆ្ងល់យ៉ាងខ្លាំង តែមិនហ៊ានមាត់.កនោះទេ ។
មិនត្រឹមតែគីឡូឡើងនោះឡើយ ការបង់ថ្លៃភ្លើងប្រើប្រាស់ ត្រូវគេឱ្យបង់ជាប្រាក់បាត (ប្រាក់ថៃ) ថែមទៀត គួរឱ្យប្តូរមកបង់ជាប្រាក់ខ្មែរវិញ ព្រោះភ្លើងអគ្គិសនីពេលនេះ តជាបណ្តាញភ្លើងអគ្គីនីរបស់ខ្មែរ ភ្ជាប់មកពីខេត្តបាត់ដំបង ។ ពួកគាត់បញ្ជាក់ទៀតថា បច្ចុប្បន្ន ភ្លើងអគ្គីសនី១គីឡូវ៉ាត់ម៉ោង ត្រូវបង់ឱ្យឈ្មួញ៨,៥បាត (ប្រាក់ថៃ) ជាង១០០០រៀល ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តបាត់ដំបងជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន គេប្រើប្រាស់ភ្លើ ង១គីឡូវ៉ាត់ម៉ោងបង់ត្រឹមតែ៨០០រៀល (ប្រាក់ខ្មែរ) ប៉ុណ្ណោះ ។ ដូច្នេះ ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយសម្របសម្រួលឱ្យឈ្មួញរៀបចំយ៉ាងណា កុំឱ្យគីឡូដើរលឿនពេក ហើយក៏សុំឱ្យទទួលការបង់ថ្លៃសេវាប្រើប្រាស់ជាប្រាក់ខ្មែរវិញ ដើម្បីរក្សាអត្តសញ្ញាណជាតិ លុះពេលឈ្មួញចង់យកទៅបង់ឱ្យថៃ ឬយ៉ាងណានោះ ចាំឱ្យគេប្តូរយកទៅបង់ខ្លួនឯងចុះ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងឈ្មួញដែលជាម្ចាស់ក្រុមហ៊ុនអគ្គិសនីខេត្តប៉ៃលិនធ្លាប់ឱ្យដឹងដែរថា ខាងភ្លើងតម្រូវឱ្យបង់ជាប្រាក់ថៃ ដោយសារខាងម្ចាស់ក្រុមហ៊ុនមិនទាន់ បានផ្តាច់ភ្លើងថៃទាំងស្រុងនោះទេ លុះត្រាតែប្រើភ្លើងខ្មែរទាំងអស់ទើបប្តូរមកបង់ជាប្រាក់ ខ្មែរវិញ ។ ចំណែកឯភ្លើងអគ្គីសនីដើរលឿនលើសគីឡូវ៉ាត់នោះ ដោយសារតែពេលនេះជារដូវក្តៅ ហើយជួនកាលទៀតមានឧបករណ៍អគ្គិសនី ឬសម្ភារប្រើប្រាស់មានឆ្លងចរន្ត ទើបបណ្តាលឱ្យស៊ីភ្លើងកាន់តែច្រើនបែបនេះ។
ចែករំលែកព័តមាននេះ