ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្តេជ្ញា​ជំរុញ​កិច្ចសហ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ និង​វិស័យ​ទេស​ចរណ៍​​រវាង​ប្រទេស​ទាំង​២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់ភ្នំ​ពេញ ឯកឧត្តម ថោ​ង

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់ភ្នំ​ពេញ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និងជា​អនុប្រធាន​អចិ​ន្ទ្រៃ​យ៍​គណៈកម្មាធិការ​ជាតិCAMSOC-CAMAPGOC បាន​ជួប​ពិភាក្សាការងារ​ជាមួយ​ព្រះ​អង្គ​ម្ចាស់ Adbullaziz BinTurki Al Saud រដ្ឋមន្ត្រីក្រសួង​កីឡា​នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​ប្រធាន NOC និង​ជា​អនុប្រធាន​ក្រម​ប្រឹក្សា​អូ​ឡាំ​ពិ​ក​អា​សុ​ី ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ជម្រាប​ជូន​ប្រតិភូ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អំពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព ស្ថេ​រភាព​ពេញលេញ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​នេះ កម្ពុជា​ក៏​នៅ​បន្ត​ត្រូវការ​ការ​វិនិយោគ​បន្ថែម​ទៀត ជា​អាទិ៍​វិស័យ​សណ្ឋាគារ​ប្រណីត​នៅ​តាម​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សំខាន់​ៗ​មួយ​ចំនួន​និង​ការ​ហោះហើរ​ត្រង់​ត​ភ្ជាប់​ជាមួយ​គ្នា​។

ទន្ទឹម​នឹង​នោះ ដោយ​ប្រទេស​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ រីឯ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក៏​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ក្នុង​សាល និង​ក្បាច់គុន​ប្រយុទ្ធ​អាស៊ី ឆ្នាំ​២០២៥, ការ​ប្រកួត​កីឡា​អាស៊ី​រដូវរងារ ឆ្នាំ​២០២៩ និង​ការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០៣៤ ប្រតិភូ​ទាំង​ពីរ​ប្រទេស​បាន​ឯកភាព​គ្នា​រៀបចំ​គណៈប្រតិភូ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​។

ជាមួយ​គ្នា​នេះ​ដែរ ដោយ​មើលឃើញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ព្រះ​អង្គ​ម្ចាស់ Adbullaziz Bin Turki Al Saud បាន​សន្យា​នឹង​ខិតខំ​កៀរគរ​វិនិយោគិន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មក​កម្ពុជា ក៏​ដូច​ជា​ខិតខំ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ព្រះ​អង្គ​ម្ចាស់ Adbullaziz Bin Turki Al Saud បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ថា នៅ​ពេល​ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បង្កើត​ឱ្យ​មាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុ​ជានា​ពេល​ឆាប់​ៗ​មុខ​នេះ គឺ​កិច្ចសហការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ពិតជា​នឹង​មានការ​ងាយស្រួល និង​រីក​ចម្រើន​យ៉ាង​រហ័ស​។

នៅ​ទី​បញ្ចប់ ព្រះ​អង្គ​ម្ចាស់ Adbullaziz Bin Turki Al Saud បាន​សម្តែង​នូវ​ក្តី​រីករាយ និង​សន្យា​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ តាម​ការ​អញ្ជើញ​ពី​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ