ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ប្រព្រឹត្ត​អ្វីខ្លះ នៅ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ ?

7 ឆ្នាំ មុន

នៅ​ពេល​និយាយ​ដល់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ រឿង​ជា​ច្រើន​អាច​រំខាន​អ្នក ទាំង​ការ​ចំណាយ​តូចតាច​ច្រើន ការ​ពន្យារពេល​របស់​យន្តហោះ​មិនដឹង​មូលហេតុ និង​រឿង​មិន​សប្បាយចិត្ត​ផ្សេង​ៗ ក្នុង​នោះ​មាន​អ្នក​

នៅ​ពេល​និយាយ​ដល់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ រឿង​ជា​ច្រើន​អាច​រំខាន​អ្នក ទាំង​ការ​ចំណាយ​តូចតាច​ច្រើន ការ​ពន្យារពេល​របស់​យន្តហោះ​មិនដឹង​មូលហេតុ និង​រឿង​មិន​សប្បាយចិត្ត​ផ្សេង​ៗ ក្នុង​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​ខ្លះ​មិនដឹង ឬ​មិន​ចាប់អារម្មណ៍ ។

អត្ថបទ​នេះ​មិន​បាន​បញ្ជាក់​ពី​ឥរិយាបថ​ឲ្យ​សម​ស្រប​ទាំងអស់​ទេ ទៅ​លើ​ថា តើ​គួរ​ដោះ​ស្បែកជើង​លើ​យន្តហោះ​ឬទេ និង​ទារក​គួរ​ត្រូវ​ហាមឃាត់​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឬទេ?

ឥរិយាបថ​ខ្លះ​នៅ​លើ​យន្តហោះ ជា​ឥរិយាបថ​ដែល​ស្ទើរតែ​អាច​បង្កើត​ភាព​មិន​ពេញចិត្ត ប៉ុន្តែ​ការ​ណែនាំ​៦​ចំណុច​ខាងក្រោម​នេះ អាច​នឹង​បំពេញ​ចំណុច​ខ្វះខាត​ដល់​អ្នក ។

១-​ផ្តេក​កៅអី ៖
ការ​ផ្តេក​កៅអី​ដោយ​មិន​ប្រាប់​មុន អាច​មាន​បញ្ហា​ជា​ច្រើន និង​ឧស្សាហ៍​ជួប​ប្រទះ​លើ​យន្តហោះ ពេល​ខ្លះ​ត្រូវ​ជជែក​ថា តើ​អ្នក​គួរ​ផ្តេក​កៅអី​ចុះ​ឬទេ ។ តាម​ពាក្យ​ណែនាំ​ពី​អ្នកជំនាញ គឺ​គួរ​ប្រាប់​មនុស្ស​ដែល​អង្គុយ​ខាងក្រោយ មុន​នឹង​អ្នក​ទម្រេត​កៅអី​ចុះ​ក្រោម ។ នៅ​ពេល​ចង់​ផ្អៀង​ខ្នង​ចុះ បែរខ្នង គួរ​ប្រាប់​អ្នក​នៅ​ក្រោយ​ផង​ដែរ បន្ទាប់​មក​ទើប​ទម្រេត​ចុះ​តិច​ៗ​បែប​សុភាព​។ វា​នឹង​ជួយ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​អ្នក​ណា​ម្នាក់​មិន​សប្បាយចិត្ត ។

២-​និយាយ​មិន​សមរម្យ​ជាមួយ​អូ​តេស ៖
ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ មិនមែន​ជា​ការ​ទៅ​ពិ​ក​និក (Picnic) ទេ ហើយ​ការ​យក​អារម្មណ៍​មួម៉ៅ​របស់​អ្នក​ទៅ​បញ្ចេញ​លើ​ភ្នាក់ងារ​យន្តហោះ គឺ​មិន​សមគួរ​ឡើយ ។ ពួក​គេ​មិនមែន​ជាដើម​ហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ពន្យារពេល (Delay) ឬ​មនុស្ស​ធ្វើ​ដំណើរ​ពេញ​យន្តហោះ ឬ​ដោយសារ​កៅអី​របស់​អ្នកតូច​នោះ​ទេ ។ អូ​តេស​ម្នាក់​និយាយ​ថា ៖ « ខ្ញុំ​យល់​ស្រប​ថា វា​ពិតជា​រឿង​អាក្រក់​ដែល​ការ​ហោះហើរ (Flight) របស់​អ្នក​ត្រូវ​ពន្យារពេល ហើយ​អ្នក​បាត់បង់​រឿង​សំខាន់​មួយ​ចំនួន ។ ខ្ញុំ​ខ្លួនឯង​ក៏​គួរតែ​បាន​ត្រឡប់​ទៅ​ផ្ទះ មើល​ការ​ប្រគំ​តន្ត្រី តែ​ពេល​នេះ ខ្ញុំ​ក៏​ជាប់​នៅ​ក្នុង​គ្រឿង​ដែក​នេះ ហើយ​មាន​មនុស្ស​មក​ស្រែក​ដាក់​ខ្ញុំ » ។

នៅ​ពេល​ទាក់ទង​ជាមួយ​អូ​តេស អ្នក​គ្រាន់តែ​ញញិម និង​និយាយ​រាក់ទាក់​ពេល​ឡើង​យន្តហោះ គឺជា​រឿង​ល្អ ។ ចូរ​ព្យាយាម​ចៀសវាង​ឥរិយាបថ​មិន​សុភាព​ដូច​ជា ការ​ផ្ទាត់​ម្រាមដៃ​ហៅ​អូ​តេស​។ ការ​ធ្វើ​បែប​នេះ ពួក​គេ​នឹង​ធ្វើ​ដាក់​អ្នក​វិញ ដោយ​មារយាទ​ដូច​គ្នា​នេះ ។

៣-​ស្រវឹង ៖
បើ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ញឹកញាប់ អ្នក​នឹង​ធ្លាប់​ឃើញ​មាន​អ្នក​ណា​ម្នាក់​ស្រវឹង​ខ្លាំង​។ វា​ជា​ការ​ល្អ បើ​បុគ្គល​ស្រវឹង​នោះ​អាច​គ្រាន់តែ​រំខាន ប៉ុន្តែ​បើ​សំណាង​មិនល្អ​វិញ គេ​អាច​ជាដើម​ហេតុ​ធ្វើ​ឲ្យ​យន្តហោះ​ពន្យារពេល​ហោះហើរ ខណៈ​ជន​នោះ​ចាប់ផ្តើម​អុកឡុក​អូ​តេស ឬ​អ្នកដំណើរ​ផ្សេង​ទៀត ។

តាម​ស្ថិតិ​បង្ហាញ​ថា ២៥%​នៃ​បញ្ហា​របស់​អ្នកដំណើរ គឺ​កើតឡើង​ដោយសារ​ជាតិ​អាល់កុល និង​ថ្នាំ ។

៤-​ការ​ប្រើប្រាស់​ថត​ដាក់​អីវ៉ាន់​ផ្នែក​ខាងលើ​មិន​បាន​ត្រឹមត្រូវ ៖
បន្ទាប់​ពី​កន្លែង​ដាក់​ជើង​ហើយ ថត​ដាក់​អីវ៉ាន់​ផ្នែក​លើ គឺជា​កន្លែង​ចាំបាច់​នៅ​លើ​យន្តហោះ​ដែរ​។ តាំងពី​ក្រុមហ៊ុន​ហោះហើរ​ជា​ច្រើន​ចាប់ផ្តើម​គិតថ្លៃ​បន្ថែម​លើ​កាបូប​ដែល Load នៅ​បាត​យន្តហោះ​មក គឺ​ធ្វើ​ឲ្យ​អ្នកដំណើរ​មួយ​ចំនួន​យក​អីវ៉ាន់​ឡើង​លើ​យន្តហោះ ។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ពេល​ខ្លះ​ថត​ដាក់​អីវ៉ាន់​ទាំងនោះ​ពេញ​ណែន មុន​ពេល​អ្នកដំណើរ​ចុង​ក្រោយមក​ដល់​ទៅ​ទៀត ។ អ្នកដំណើរ​មិន​ចាប់អារម្មណ៍​ថា គួរ​ឬ​មិន​គួរ​ដាក់​អ្វី​នៅ​ថត​ខាងលើ ហើយ​វា​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង ។

ពាក្យ​ណែនាំ​ពី​ភ្នាក់ងារ​យន្តហោះ​គឺ ៖ «​អាច​យក​កាបូប​ទំហំ​ធំ​ទៅ​ដាក់​នៅ​ថត​ខាងលើ ចំណែក​កាបូប​យួរដៃ និង​វត្ថុ​តូច​ៗ​ដាក់​នៅ​ត្រង់​កន្លែង​ដាក់​ជើង ។ ការ​ធ្វើ​បែប​នេះ អ្នកដំណើរ​គ្រប់​គ្នា​នឹង​មាន​កន្លែង​ដាក់​អីវ៉ាន់​គ្រប់គ្រាន់ » ។

កុំ​យក​កន្លែង​ដាក់​អីវ៉ាន់​ផ្នែក​ខាងលើ សម្រាប់​ដាក់​អីវ៉ាន់​មិន​សមគួរ​ដូច​ជា អាវ​រងា ថង់​អីវ៉ាន់ ឬ​កាបូប​យួរដៃ ។ សម្ភារ​ទាំងនេះ អ្នក​អាច​ដាក់​នៅ​ត្រង់​កន្លែង​ដាក់​ជើង​បាន ។ ពេល​ដាក់​អីវ៉ាន់​នៅ​ផ្នែក​ខាងលើ​ហើយ ចូរ​ព្យាយាម​រៀបចំ​វា​ឲ្យ​មាន​របៀប​ល្អ ដើម្បី​មាន​ចន្លោះ​ទំនេរ​គ្រប់គ្រាន់​សម្រាប់​អ្នកដំណើរ​ដទៃ​ទៀត ។

៥-​ធ្វើខ្លួន​ជា​មិត្ត​ខ្លាំង​ពេក ៖
តាម​ការ​ស្ទង់​មតិ​របស់ Expedia ក្នុង​ឆ្នាំ​២០១៥ ទៅ​លើ​ក្រុម​អ្នក​ទេសចរណ៍​តាម​យន្តហោះ​បង្ហាញ​ថា អ្នក​និយាយ​ច្រើន​ពេក គឺជា​ដើមហេតុ​នៃ​ភាព​រំខាន​ខ្លាំង​រហូត​ដល់​៤៣% ។ ខណៈ​អ្នក​ព្យាយាម​ធ្វើខ្លួន​ជា​មិត្ត ហើយ​បើក​ប្រធានបទ​ជជែក​ជាមួយ​អ្នក​រួម​ដំណើរ​ឯទៀត គឺ​សូម​រំឭក​ថា មិនមែន​គ្រប់​គ្នា​ត្រូវការ​បង្កើត​មិត្តភាព​នៅ​លើ​យន្តហោះ
ទេ ។ បើសិនជា​មនុស្ស​ដែល​អ្នក​ព្យាយាម​ជជែក​នោះ ឆ្លើយ​តប​សំណួរ​បែប​ខ្លី​ៗ និង យក អ្វី​មក​បិទ​ត្រចៀក ឬ​សម្លឹង​មើលសៀវភៅ​របស់​គេ គឺ​បង្ហាញ​ថា ពួក​គេ​មិន​ចង់​ជជែក​ជាមួយ​អ្នក​ឡើយ ។

ក្រៅពី​នេះ ការ​ព្យាយាម​សាងសង លេប​ខា​យ​ជាមួយ​មិត្ត​រួម​ដំណើរ ក៏​មិន​គួរ​ធ្វើ​ជា​ដាច់ខាត ។ ២៥%​ពី​ការ​ស្ទង់​មតិ​បង្ហាញ​ថា ការ​ព្យាយាម​បបួល​ជជែក​បែប​លេប​ខា​យ គឺ​គួរ​ឲ្យ​រំខាន​ខ្លាំង​បំផុត ។

៦-​ទាត់​កៅអី​ខាង​មុខ ៖
តាម​ការ​ស្ទង់​មតិ​របស់ Expedia ឲ្យ​ដឹង​ថា អ្នកឆ្លើយ​៦១%​ប្រាប់​ថា ការ​ទាត់​កៅអី​ពី​អ្នក​ជិះ​ផ្នែក​ខាងក្រោយ គឺជា​រឿង​រំខាន​បំផុត​ដែល​កើតឡើង​នៅ​លើ​យន្តហោះ ។ អ្នក​ទាត់​កៅអី​នោះ​តែង​ជា​ក្មេង ដែល​នាំ​ឲ្យ​បញ្ហា​នេះ​កាន់តែ​លំបាក​ចាត់ការ​ខ្លាំង​ឡើង​ថែមទៀត ។ បើ​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ក្មេង វា​ជា​តួនាទី​របស់​អ្នក​ក្នុង​ការ​មើលថែ​ក្មេង​នោះ ។ ទោះជា​មិន​អាច​មើល​ពួក​គេ​ឲ្យ​អង្គុយ​ស្ងៀមស្ងាត់​រៀបរយ​រហូត​ក្តី ប៉ុន្តែ​ត្រូវ​ព្យាយាម​កាត់​បន្ថយ​បញ្ហា និង​រំខាន​ដល់​អ្នកដំណើរ​ផ្សេង​ទៀត ។

ពាក្យ​ណែនាំ​ពី Wendy Perrin ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាត់​កៅអី​របស់​ក្មេង​ៗ គឺ​ត្រូវ​ដោះ​ស្បែកជើង​របស់​ពួក​គេ​ចេញ ឬ​យក​តុក្កតា​ដែល​ពួក​គេ​ចូល​ចិត្ត​ដាក់​នៅ​កន្លែង​ទំនេរ​ផ្នែក​មុខ ៕