ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​ការ​ប្រមូល ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ​មាន​កំណើន​ជិត​10%

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ប្រមូល​ពន្ធ​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន និង​ធ្វើ​បែបបទ​សលាក​ប​ត្រ​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន​៤២១.០៨៦,៣១​លាន​រៀល

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ប្រមូល​ពន្ធ​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន និង​ធ្វើ​បែបបទ​សលាក​ប​ត្រ​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន​៤២១.០៨៦,៣១​លាន​រៀល (​ប្រមាណ​១០៥,២៧​លាន​ដុល្លារ​)​។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា កើនឡើង​ចំនួន​៣៨.១៨៥,៧២​លាន​រៀល​(​ប្រមាណ​៩,៥៤​លាន​ដុល្លារ​) ឬ​ស្មើនឹង​អត្រាកំណើន ៩,៩៧% ។ នេះ​បើ​តាម លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​គ្រប់គ្រង​ប្រមូល​ចំណូល​ប្រចាំខែ​កុម្ភៈ​ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ​កាល​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ។

សម្រាប់​រយៈពេល​២​ខែ ឆ្នាំ​២០១៧ ចំណូលពន្ធ​-​អាករ​គ្រប់​ប្រ​ភ​ទ​ប្រមូល​បាន​មាន​ចំនួន១.៤០៦.៣១៣,១២​លាន​រៀល​(​ប្រមាណ​ជា ៣៥១,៥៨​លាន​ដុល្លារ​) ស្មើនឹង​២០,៤៩%​នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់ ។

ចំណូល​ពន្ធ​តាម​ប្រភេទ​ពន្ធ​ដែល​ប្រមូល បាន​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ មានការ​កើន ឡើង​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជា​ពិសេស​ប្រភេទ​ពន្ធ​អាករ​សំខាន់​ៗ​មាន​ជា​អាទិ៍​៖ ពន្ធ​លើ​ប្រាក់​ចំណូល​កើនឡើង​១៦% ពន្ធលើប្រាក់បៀវត្ស​រ៍កើនឡើង​៥៣,១% និង​អាករ​ពិសេស​កើនឡើង​៤៧,៩% ខណៈ​ដែល​អាករ​លើ​តម្លៃបន្ថែម​មានការ​ថយ​ចុះ​២,២%​។
លោក គង់ វិបុល បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការ​ប្រមូល​ចំណូល​ពន្ធ បាន​គ្រប់​តាម​ផែនការ​កំណត់​ដោយ​ច្បាប់ចំនួន​៦.៨៦៣.៣០០​លាន​រៀល​(​គិត​ជា​ដុល្លារ ១.៧១៥,៨៣​លាន​ដុល្លារ​) លោក​បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

-​បន្ត​ពង្រឹង​យន្តការ​នៃ​ការ​ចុះបញ្ជី​ពន្ធ ដារ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ
-​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ចាត់ចែង​ការ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​របស់​អ្នក​ជាប់ពន្ធ
-​បន្ត​ពង្រឹង​ការ​ធ្វើ​សវន​កម្ម​លើ​សហគ្រាស​ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ព្យាយាម​គេចវេះ​កាតព្វកិច្ច​បង់ពន្ធ​តាម​គ្រប់​រូបភាព 
-​បន្ត​ពង្រឹង​និង​បណ្តុះបណ្តាល​សមត្ថភាព​របស់​មន្ត្រីរាជការ​ពន្ធដារ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម ទាំង​ក្នុង​និង​ក្រៅប្រទេស
-​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​និង​កែប្រែ​ផ្នត់គំនិត​របស់​មន្ត្រី​ពន្ធដារ​ឲ្យ​ក្លាយជា​អ្នកបម្រើ​សេវា​សាធារណៈ​បាន​ល្អ
-​បន្ត​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជា​ពិសេស​រៀបចំ​អភិវឌ្ឍន៍​កម្មវិធី​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​តាម​ប​ច្ចេ​វិទ្យា​ព័ត៌មាន
-​បន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ ក្នុង​ចំណោម​ធុរជន​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ៕