ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​ធ្វើ​ឱ្យ​ពេទ្យនិង​សមត្ថកិច្ច​ដាច់​បាយ​ដាច់​ទឹក​ដោយសារ​តែ​…

9 ឆ្នាំ មុន

ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាល​រសៀល​ថ្ងៃ​ទី​១១ មីនា ខណៈមាន​ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់

ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាល​រសៀល​ថ្ងៃ​ទី​១១ មីនា ខណៈមាន​ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​ពេទ្យ​សន្និដ្ឋាន​ថា ជា​មនុស្យ​មាន​សតិ​មិន​គ្រប់ ឬ​ក៏​ជា​មនុស្ស​វិកលចរិតដែល​នគរបាល​ក្រុង​បាន​ទទួល​ពី​សាខា​កាកបាទក្រហម​ខេត្ត​ហើយ​យក​មក​ចូល​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទប់សង្គ្រោះបន្ទាន់ ។ តាម​សមត្ថកិច្ច​ដែល​បញ្ជូន​ក្មេង​ស្រី​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ចូល​ដល់​មន្ទីរពេទ្យ​ភ្លាម​ក្មេង​ស្រី​រូប​នេះ​ធ្វើ​ជា​សន្លប់​ស្តូកស្តឹង​ធ្វើ​ឲ្យ​ទាំង​សមត្ថកិច្ច ទាំង​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​បាន​លើក​ក្មេង​ស្រី​នោះ​ដាក់​លើ​គ្រែ​ដើម្បី​ដាក់​សេរ៉ូម​ចាក់​ថ្នាំ ប៉ុន្តែ​ត្រូវ​បាន​ក្មេង​ស្រី​រូប​នេះ​ធ្វើ​ជា​ដឹងខ្លួន​វិញ ហើយ​មិន​ព្រម​ដេក​លើ​គ្រែ សុខចិត្ត​ដេក​នៅ​លើ​ឥដ្ឋការ៉ូ​វិញ ក្រោយមក​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ឲ្យ រួច​ហើយ​បាន​សម្ងំ​ដេក​ទៅ ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ពេល​អ្នកជំងឺ​រូប​នេះ​សម្ងំ​ដេក ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​ឲ្យ​គ្រូពេទ្យ​ជួយ​មើល​មួយ​ភ្លែត​ដើម្បី​សមត្ថកិច្ច​ទៅ​ហូប​បាយ គ្រាន់តែ​សមត្ថកិច្ច​ទៅ​មិន​ទាន់​ដល់​កន្លែង​ហូប​បាយ​ផង ស្រាប់តែ​មាន​ប្រពល​រដ្ឋ​រាយ​ការ​ថា​មាន​មនុស្ស​ស្រី​ក្មេង​ម្នាក់​ឡើង​លើ​បង្កាន់ដៃស្ពាន​ឥន្ទ​នូ​បម្រុង​លោតទឹក​ពេល​នោះ​មានការ​ផ្អើល​ឆោឡោរ​ឡើង​អស់​ប្រជាពលរដ្ឋរ​ត់ទៅ​មើល និង​ជួយ​អន្តរាគមន៍​ដើម្បី​ជួយ​សង្គ្រោះ ។

ចំណែក​សមត្ថកិច្ច​ដែល​យាម​ក៏​មិន​បាន​ហូប​បាយ​ទេ​នៅ​ពេល​នោះ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ក្រុង​ទៅ​យក​ពូក​ជា​ច្រើន​មក​ក្រាល​នៅ​លើ​ស្ពាន​ក្រោម​បង្កាន់ដៃ ខ្លាច​ក្មេង​ស្រី​រូប​នេះ​លោត​ចុះ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ឡើង​ទៅ​ចាប់ពី​សងខាង​បង្កាន់ដៃស្ពាន ។ ខណៈ​ពេល​សមត្ថកិច្ច​ឡើង​ទៅ​ចាប់​នៅ​លើ​បង្កាន់ដៃស្ពាន បាន​យក​មក​ដល់​ដី​ក្មេង​ស្រី​នោះ​ធ្វើ​ជា​សន្លប់​រួច​សមត្ថកិច្ច​ក៏​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ត ប៉ុន្តែ​យក​ចូល​ដល់​ក្នុង​បន្ទប់​សង្គ្រោះ​ក្មេង​ស្រី​នោះ​ក៏​សន្លប់​ទៅ​វិញ រួច​ហើយ​សមត្ថកិច្ច​ក៏​នៅ​យាម​អ្នក​ក្មេង​ស្រី​នោះ​រហូត ។

បើ​តាម​លោក​វរសេនីយ៍ត្រី កែវ មុន្នី អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រូប​នេះ​មាន​ជំងឺ​វិកលចរិត ពីព្រោះ​ពេល​នាង ចង់​ស្រែក​ក៏​ស្រែក ចង់​យំ​ក៏​យំ លោក​បាន​ទៅ​ទទួល​ពី​សាខា​កាកបាទក្រហម​ខេត្ត​តាំងពី​ថ្ងៃ​ទី​៩ មីនា មក​ម្ល៉េះ ហើយ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​ពេទ្យ​ជួយ​ព្យាបាល​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ជួល​កម្មករ​ធ្វើការ​នៅ​ពេទ្យ​ឲ្យ​ជួយ​យាម​ឲ្យ​ផង និង​ទិញ​នំចំណី​ឲ្យ​អ្នកជំងឺ​រូប​នេះ​ហូប​ផង ។ លោក​បន្ត​ទៀត​ថា ពេទ្យ​មើលទៅ​ដូច​ជា​ដឹង​ស្មារតី ហើយ​អាច​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​លោក​សួរនាំ​ពី​ឈ្មោះ និង​ស្រុក​កំណើត ក្មេង​ស្រី​រូប​នោះ​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​ឈ្មោះ យឹ​ម សំណាង អាយុ​១៨​ឆ្នាំ ប៉ុន្តែ​ប្រាប់​ទីលំនៅ​មិន​ច្បាស់លាស់ ម្តង​ថា នៅ​ខេត្តកំពង់ស្ពឺ ម្តង​ថា នៅ​ខេត្តព្រៃវែង ម្តង​ថា នៅ​ខេត្តកំពង់ចាម ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ទៅ​ចាប់​ពីលើ​ស្ពាន​យក​មក​ចូល​មន្ទីរពេទ្យ​បាន​ប្រហែល​ជាង​មួយ​ម៉ោង​ក្រោយមក​ក៏​មាន​ក្រុមការងារ​ខាង​មន្ទីរ​កិច្ចការ​នារី និង​មានការ​ផ្តល់​យោបល់​ជួយ​អន្តរាគមន៍​ពី​លោកស្រី យូ សុ​គ​ន្ឋ អភិបាលរង​ខេត្ត​បាន​ឲ្យ​សមត្ថកិច្ច​យក​ចេញពី​មន្ទីរពេទ្យ​ពីព្រោះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ការពារ​អ្នកជំងឺ​នេះ​បាន​ឡើយ ។ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​យក​មក​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ទៅ​វិញ ។

លោកស្រី ចាន់ កញ្ញា អភិបាលរង​ក្រុង​កំពត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា លោកស្រី​កំពុង​ពិភាក្សា​ជាមួយ​លោក​អធិការ​ក្រុង​ដើម្បី​ទំនាក់ទំនង​ទៅ​ខេត្ត​ដែល​ក្មេង​ស្រី​បាន​ប្រាប់​សមត្ថកិច្ច ប៉ុន្តែ​ជាដំបូង​យើង​ទំនាក់ទំនង​ទៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខេត្ត​នេះ​មក​ទទួល​សិន រួច​ចាំ​ឲ្យ​គេ​ជួយ​ស្រាវជ្រាវ​រក​គ្រួសារ​បន្ត​ទៅ​ទៀត​ចុះ ៕