ខេត្តកណ្ដាល ៖ យុវជនតណ្ហាក្រាស់ម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចលើនារីម្នាក់មានជំងឺសរសៃប្រសាទ និងថ្លង់ គរ នៅក្នុងបន្ទប់ទឹក ហើយត្រូវម្ដាយនារីរងគ្រោះទៅទាន់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ជ្រា បូផាន់ ហៅ សុខម៉ាញ នៅលីវ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកឯនារីរងគ្រោះអាយុ២២ឆ្នាំ ជាមនុស្សថ្លង់ គរ និងមានជំងឺសរសៃប្រាសាទ។
នគរបាលបានឱ្យដឹងបន្ថែមថា ពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា មុនពេលកើតហេតុនារីរងគ្រោះបានដើរតាមផ្លូវមកជិតផ្ទះរបស់ខ្លួន ក៏បានជួបនឹងជនសង្ស័យធ្វើដៃជាសញ្ញាស្រឡាញ់គ្នាដាក់នារីរងគ្រោះ ពេលនោះនារីរងគ្រោះបានងក់ក្បាលដាក់ជនសង្ស័យវិញ ជាសញ្ញាថា ព្រមស្រលាញ់។ បន្ទាប់មកជនសង្ស័យបានដើរចូលបន្ទប់ទឹក ហើយពេលដើរចេញមកវិញ ក៏បានធ្វើជាសញ្ញាឱ្យនារីរងគ្រោះចូលក្នុងបន្ទប់ទឹក ពេលដែលនារីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ ស្រាប់តែជនសង្ស័យក៏បានដើរចូលទៅក្នុងបន្ទប់ទឹកនោះដែរ ពេលចូលដល់ជនសង្ស័យបានបិទទ្វារបន្ទប់ទឹក និងបានធ្វើសកម្មភាពចាប់ស្រាតខោនារីរងគ្រោះ ហើយរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។ ស្របពេលនោះម្តាយជនរងគ្រោះបាត់កូនស្រីក៏ដើររក ស្រាប់តែក៏ឃើញកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ទឹករបស់ជនសង្ស័យ ព្រមទាំងឃើញជនសង្ស័យដើរចេញពីក្នុងបន្ទប់ទឹកនោះទៀត ដោយមានការសង្ស័យឪពុកម្តាយនារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី ហើយកម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតែម្តង។
នៅចំពោះមុខនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើជាសញ្ញាបបួលនារីរងគ្រោះ មករួមរ័កនៅក្នុងបន្ទប់ទឹករបស់ខ្លួនពិតប្រាកដមែន គឺមិនបានចាប់បង្ខំរំលោភនោះទេ ហើយក៏ត្រូវម្ដាយនារីរងគ្រោះទៅទាន់។ បើទោះជាបែបនេះក្ដី ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ