ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្ដាប់​សម្ដី​លោក ធន់ សុភា និយាយ ក្រោយ​សិស្ស​សំណព្វ ធន់ ផានិត ចាញ់ ពេជ្រ សម្បត្តិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ធន់ សុភា ដែលជាគ្រូ​គុនរបស់កីឡាករធន់ ផានិត បាន​បញ្ចេញ

រាជធានីភ្នំពេញ ៖ លោក ធន់ សុភា ដែលជាគ្រូ​គុនរបស់កីឡាករធន់ ផានិត បាន​បញ្ចេញ
សម្ដីក្នុងន័យបន្ទោសកូនសិស្សសំណព្វរបស់ខ្លួនក្រោយចាញ់កីឡាករពេជ្រ សម្បត្តិថា លោកបាន
បង្ហាត់​ក្បាច់​យ៉ាងច្រើន​ដល់​សិស្ស​របស់​ខ្លួន ក្នុង​ការ​ការពារ និង​ការ​វាយ​សម្រុក​ទៅ​លើ​ក្របីព្រៃ ពេជ្រ
សម្បត្តិ ។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​បំណង​ឡើយ ដោយសារកូនសិស្ស​របស់​ខ្លួន​បាន​ភ្លេច​ពាក្យ​បណ្ដាំរបស់​លោកដែលជាគ្រូ​ធ្វើ​ឲ្យ​ការ​ប្រកួត​ដ៏​សំខាន់​នេះត្រូវ​បរាជ័យ​ត្រឹម​ទឹក​ទី​១ ដោយ​សន្លប់​ឈឹង​តែ​ម្ដង សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រាត់ ដណ្ដើម​ខ្សែក្រវាត់ ខា​រ៉ា​បាវ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កាលពី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២​។

ក្រោយ​ការ​ប្រកួត​ដែលចេញលទ្ធផល​មិន​នឹក​ស្មាន​ដល់ ​លោក ធន់ សុភា បាន​និយាយ​ថា «​លោក​ហាម​ហើយ​ថា កុំ​ប្រើ​កែង​ស្ដាំ ព្រោះ​បើ​ប្រើ​កែង​ស្ដាំ ពិបាក​បិទ​កែង​របស់ សម្បត្តិ ណាស់ ហើយ​តែ​ភ្លាត់​ចូល​មួយ​កែង ឬ​ដៃ​របស់ សម្បត្តិ ដឹង​តែ​យ៉ាប់​ហើយ​ ។ ខ្ញុំ​ថា​ឲ្យ​ប្រើ​តែ​កែង​ឆ្វេង​បាន​ហើយ ប្រើ​កែង​ឆ្វេង​ហើយ​យើង​ដក​ដៃ​មក​បិទ​វិញ​បាន​លឿន ណាមួយ​ដៃ​របស់ សម្បត្តិ គាត់​ធ្ងន់​អ៊ីចឹ​ង​យើង​ប្រយ័ត្ន​ចំណុច​នេះ​បាន​យើង​វ៉ៃ​ដក វ៉ៃ​ដក វ៉ៃ​យក​ពិន្ទុ កុំ​ប្ដូរ​ជាមួយ សម្បត្តិ អាហ្នឹង​យើង​សង្ឃឹម​ច្រើន​»​។

គួរឱ្យដឹងផងដែរថា មុន​ការ​ប្រកួត​មក​ដល់គេ​សង្កេត​ឃើញ​លោកគ្រូ ធន់ សុភា និង​លោកគ្រូ ពេជ្រ សុ​ផា​ន់ បាន​បោះពាក្យ​សម្តី ក៏​ដូច​ជា​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា ដើម្បី​បំពាក់​បច្ចេកទេស​បន្ថែម​ទៅ​ឱ្យ​កូនសិស្ស​រៀង​ៗ​ខ្លួន ក្នុង​ការ​បំបាក់​ដៃគូ​។

ប៉ុន្តែ​សម្រាប់​លោក ពេជ្រ សុ​ផា​ន់ បាន​ប្រើ​ចិត្តសាស្ត្រ​និយាយ​ផ្សេង បង្ហាត់​សិស្ស​ផ្សឹ​ង ពោល​គឺ​ព្យាយាម​ពង្រឹង​ចំណុចខ្សោយ​របស់​កូនសិស្ស ដើម្បី​យក​ចំណុចខ្សោយ​នោះ​ទៅ​ផ្តួល​ដៃគូ​ទៅ​វិញ​។

ក្របីព្រៃ ពេជ្រ សម្បត្តិ បាន​យកឈ្នះ​ ធន់ ផានិត ត្រឹម​ទឹក​ទី​១ ដោយ​ប្រើ​ពេល​មិន​ដល់​មួយ​នាទី ខណៈ​រូបគេ​ប្រើ​ផ្លែ​កែង​ជា​ក្បាច់​បំបាក់​ដៃគូ ដោយ​ការ​បុក​ចូល​ពេញ​ផ្ទៃមុខគូប្រកួត​បណ្ដាល
ឱ្យសន្លប់ធំតែម្ដង ។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​មហាជន​មិន​នឹក​ស្មាន​ដល់​ថា វា​លឿន​ដល់​ថ្នាក់​នេះ​ឡើយ​។

ក្រោយ​ការ​ប្រកួត​ចប់​ភ្លាម​លោក ពេជ្រ សុ​ផា​ន់ ដែលជាគ្រូបង្វឹក​របស់​ក្របីព្រៃ ពេជ្រ សម្បត្តិ បាន​
ទម្លាយ​ថា ពេល​សិស្ស​របស់​ខ្លួន​ឡើង​ដល់​លើ​សង្វៀន​ភ្លាម លោក​ក៏​ឡើង​ទៅ​ប្រាប់​ភ្លែត​ឲ្យ​សិស្ស​របស់​ខ្លួន​ប្រើ​វិធីទាត់​ជើង​ក្រោម ឬ​ទាត់​លើ​ជា​មុន​សិន ដើម្បី​បំភាន់ ផានិត ព្រោះ​កន្លង​មក​គេ​តែងតែ​ឃើញ​ថា សម្បត្តិ​ចេញ​ដៃ​មុន​ជើង​ ។ ការ​ផ្ដល់ឱវាទ​របស់​គ្រូបង្វឹក​ក្លិបចលនា​យុវជន​កម្ពុជា ១៥៧ ពេជ្រ សុ​ផា​ន ទទួល​បាន​ផល​ពិតមែន ក្រោយ​ពេល សម្បត្តិ​ទាត់​ចូល​កញ្ចឹងក​របស់ ផានិត និង​តាម​វាយ​ចូល​ពីរ​ដៃ បន្ទាប់​មក​ប្ដូរ​បាន​មួយ​កែង​ពេញ ទើប​ធ្វើ​ឲ្យ​កូនសិស្ស​លោក ធន់ សុភា ដួល​គ្រាំ​ង​ទៅ​លើ​សង្វៀន​តែ​ម្ដង​ ។

ក្រោយ​ការ​ប្រកួត​នោះ​ដែរ ក្របីព្រៃ គេ​ក៏​មិន​នឹក​ស្មានថា អាច​យកឈ្នះ ផានិត លឿន​បែប​នេះ​ដែរ ព្រោះ​គេ​ដឹង​ថា ដៃគូ​មួយ​នេះ​ល្អ​គ្រប់​បែប​យ៉ាង ​មាន​ក្បាច់ មាន​ផ្លែ ហើយ​រហ័ស​ថែម​ទៀត​ផង។

សម្រាប់​លទ្ធផលចាញ់​របស់ ធន់ ផានិត បាន​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ទៅ​ប្រជែង​យក​លេខ ៣ ដែល​ត្រូវ​ប៉ះ​អ្នក​ចាញ់​ដូច​គ្នា​គឺ កីឡាករ Tuanphae (​ទួន ផេ ) នៅ​សង្វៀន​ខាងលើ​ដដែល​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ ដូច​ការ​ប្រកួត​ដណ្ដើម​លេខ​១ រវាង ពេជ្រ សម្បត្តិ និង Phathana (​ផាត់ ថា​ណា​) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ