រាជធានីភ្នំពេញ ៖ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយក្រសួងសាធារណការ នឹងដឹកជញ្ជូនបានប្រកាសនឹងចាត់វិធានការច្បាប់ចំពោះអ្នកដែលលួចកាត់របងលួសជិះម៉ូតូឆ្លងកាត់ ឬលើកម៉ូតូឆ្លងកាត់របងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូនបានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា ថ្នាក់ដឹកនាំក្រសួងសាធារណការបានសម្រេចក្នុងការធ្វើសហប្រតិបត្តិការជាមួយនគបាលនៅតាមមូលដ្ឋានក្នុងការអនុវត្តតាមច្បាប់ចំពោះប្រជាពលរដ្ឋដែលមិនគោរពច្បាប់ ពិសេសអ្នកដែលជិះម៉ូតូដែលមិនអនុញ្ញាតនៅលើផ្លូវល្បឿនលឿន និងអ្នកលួចកាត់របងលួសនៅពេលឃើញ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននេះបន្ទាប់ពីគេឃើញមានសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនតូចបានជិះម៉ូតូ(ម៉ូតូមិនអនុញ្ញាតឲ្យជិះ)ឆ្លងកាត់ និងលើកម៉ូតូឆ្លងរបងលួសរហូតដល់ទៅ២ជាន់នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
លោក ហ៊ាង សុទ្ធាយុត្តិបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ចំណុចជិះម៉ូតូឆ្លងកាត់ផ្លូវនេះ យើងបានដាក់ទៅក្នុងវិធានផ្ទៃក្នុងដែលមិនអនុញ្ញាតពិសេស គឺម៉ូតូតែម្តងដែលកើតឡើងតាមរូបភាពគាត់ផ្លោះរបងរហូតដល់ពីរជាន់»។
លោកលើកឡើងថា អ្នកដែលលើកម៉ូតូឆ្លងកាត់របងនេះ គឺគាត់បានហែករបងលួសមួយជាន់ហើយ ទើបគាត់លើកផ្លោះរបងដែកមួយជាន់ទៀត។ ដូច្នេះយើងបានឯកភាពគ្នាជាមួយនគរបាលនៅមូលដ្ឋាននៅពេលចាប់បាន គឺអនុវត្តវិធានការច្បាប់ហើយឈប់អប់រំទៀតហើយ ដោយសារករណីនេះបង្កឲ្យមានគ្រោះថ្នាក់ច្រើនហើយក៏បង្ហាញពីរូបភាពមួយគ្មានសណ្តាប់ធ្នាប់ និងអសុវត្ថិភាពនៅពេលធ្វើដំណើរផងដែរ។

ពាក់ព័ន្ធនឹងរូបភាពឆ្លងផ្លូវដោយម៉ូតូគ្មានអនុញ្ញាតយ៉ាងដូច្នេះថា ៖«គាត់ជិះមកអីចឹងបើរថយន្តបើកមកល្បឿនលឿនរហូតដល់១០០ម៉ែត្រក្នុងមួយគីឡូ គឺបុកហើយនឹងមានជីវិតទេ»។
បើតាមអ្នកនាំពាក្យលើកឡើងថា ការអនុវត្តច្បាប់នឹងធ្វើការពិន័យជាប្រាក់ផង និងអនុវត្តទោសទណ្ឌផងដែរ។ចំពោះម៉ូតូដែលខុសបច្ចេកទេសនៃការអនុញ្ញាតឲ្យបើកលើផ្លូវល្បឿនលឿននេះនឹងមានការពិន័យផ្សេងទៀតដែលច្បាប់ចរាចរណ៍ផ្លូវគោកបានចែង។ ចំពោះទង្វើររបស់ប្រជាពលរដ្ឋដែលជិះម៉ូតូឆ្លងកាត់ និងលើកម៉ូតូកាត់របងផ្លូវនេះត្រូវ បានអ្នកនាំពាក្យក្រសួងបានលើកឡើងថា ភាគច្រើនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវល្បឿនលឿនអាចអ្នកមានផ្ទះស្រាប់នៅទីនោះ ឬអ្នកដែលរុះរើផ្ទះនៅក្បែផ្លូវដោយអាងថា ផ្លូវល្បឿនលឿននេះអាចអាស្រ័យផលបាន ឬប្រើបានដូចផ្លូវជាតិ តែជាការយល់មួយច្រឡំ។

អ្នកនាំពាក្យលើកឡើងទៀតថា ៖«ពលរដ្ឋទាំងនោះគិតខុស ហើយធ្វើគ្រប់រូបភាពដែលខុសដូចជាលួចកាត់របងលួសលើកម៉ូតូផ្លោះរបងជាដើម។ អីញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តទៅតាមច្បាប់ផ្លូវគោក និងវិធានផ្សេងៗមានទាំងអនុក្រឹត្យប្រកាសសេចក្តី ណែនាំជាដើម»។
អ្នកនាំពាក្យបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់នឹងថា បើសិនប្រជាពលរដ្ឋមិនគោរពតាមហើយ ធ្វើខុសនោះក្រសួងឈប់លើកលែងទៀតហើយ គឺអនុវត្តច្បាប់ពីព្រោះករណីនេះមានគ្រោះថ្នាក់ខ្លាំងណាស់។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានបន្ថែម បើសិនប្រជាពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកទេនោះនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ដូច្នេះសូមចូលរួមធ្វើការអប់រំ និងគោរពច្បាប់ឲ្យបានទាំងអស់គ្នា។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាតាំងពីចាប់ផ្តើមដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្ងៃទី១ តុលា មកក្រសួងបានទទួលព័ត៌មានថា មានករណីប្រជាពលរដ្ឋជិះម៉ូតូឆ្លងកាត់ ឬជិះបញ្ជ្រាស់ និងលើកម៉ូតូឆ្លងកាត់របងលួស មានប្រមាណពី១០ទៅ២០ករណី ដែលតាមនគបាលបានចុះណែនាំ។
យ៉ាងណាក្តីអ្នកនាំពាក្យបានអះអាងថា ករណីជិះម៉ូតូឆ្លងកាត់នេះមិនមានច្រើននោះទេ ដោយសារអ្នកដែលជិះខុសបែបនេះមិនរួចផុតពីបងប្អូនដែលធ្វើដំណើរដោយរថយន្តនោះទេ ពួកគេនឹងថតធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមជាមិនខាននៅពេលពួកគេជិះជួប ដោយសារគេមិនចង់ទង្វើរបែបនេះនោះទេ៕
ចែករំលែកព័តមាននេះ