ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន ២នាក់ ។
ករណីលួចផ្លាកលេខរថយន្តនេះ កើតឡើងនៅយប់ថ្ងៃទី១ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជនសង្ស័យជាជនជាតិចិនទាំង៣នាក់នេះ មាន ៖
១-ឈ្មោះ Zhang Ding Ding ហៅ Meng Hu អាយុ ៣៩ឆ្នាំ ។ ២-ឈ្មោះ Wei Yong Chang អាយុ៤៤ឆ្នាំ។ ៣-ឈ្មោះ Wei Guo Qiang អាយុ៤០ឆ្នាំ។ ជនជាតិចិនទាំង៣នាក់នេះ គ្មានលិខិតឆ្លង ដែន ដែលមិនដឹងថាលួចចូលមកកម្ពុជាដោយវិធីណាទេ ស្នាក់នៅសណ្ឋាគារ«ហឺលិ» ក្នុងភូមិ៣ សង្កាត់លេខ៤ ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមាន រថយន្តព្រូស ពណ៌ទឹក ប្រាក់ ពាក់ផ្លាកលេខ ២B-៣៣១២ កាំភ្លើងខ្លី១ដើមម៉ាករូឡូ ផ្លាកលេខរថយន្ត ៤សន្លឹក កាំបិតចែត២ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនទាំង៣នាក់ឆ្លើយថា ខ្លួនបានលួចផ្លាកលេខចំនួន៣លើក ហើយយកទៅលក់ឲ្យឈ្មោះ A PING តាមប្រព័ន្ធ តេឡេក្រាម ក្នុងតម្លៃផ្លាកលេខ១សន្លឹក ៤០០ដុល្លារ ។ ចំពោះកាំភ្លើងខ្លី ជាកម្មសិទ្ធិរបស់ Wei Guo Qiang គឺបានពីជនឈ្មោះ A WANG ដែលបច្ចុប្បន្នជនឈ្មោះ A PING និង A WANG កំពុងរត់គេចខ្លួន ។
សម្ភារៈដែលដកហូត ត្រូវបានប្រគល់ជូនម្ចាស់វិញតាមនីតិវិធី ។ ចំណែកជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ