រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានថ្លែងព្រមាន ដោយផ្តាំផ្ញើដល់អ្នក អ្នកនយោបាយ ជ្រុលនិយមថៃ២រូប គឺលោក សិទ្ធិ លឹមថងគុល និងលោកចតុផនព្រំផាន់ ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ មុនបើកសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវបន្តទុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល ហើយកុំធ្វើ ចរិកជ្រុលនិយមដូចពលរដ្ឋថៃមួយក្រុមតូច នៅទីក្រុងបាំងកក ដែលយកខ្មែរធ្វើជាសត្រូវ ។
ចំពោះក្រុមជ្រុលនិយមថៃទាំងនោះ ត្រូវបានសម្តេចតេជោបានគូសបញ្ជាក់ថា៖ «គឺស្ថិតក្រោម ការដឹកនាំដោយ របស់លោក សិទ្ធិ លឹមថងគុល អតីតមេដឹកនាំសម្ព័ន្ធប្រជាជន ដើម្បីប្រជាធិបតេយ្យ និងជាសកម្មជនជ្រុលនិយមថៃ ដែលបានធ្វើសកម្មភាពប្រមូលផ្តុំយ៉ាងកុះករ ដើម្បីបង្ហាញពីជំហរការពារអធិបតេយ្យភាពជាតិ ជុំវិញករណីដ៏ក្តៅគគុក នៅតាមព្រំដែនជាមួយកម្ពុជា កាលពីពេលថ្មីៗនេះ ។ ផ្តាំទៅលោក សិទ្ធិ លឹមថងគុល ស្គាល់សម្តេចឱ្យច្បាស់ បើទោះសម្តេចដកខ្លួនចេញពីនាយករដ្ឋមន្ត្រី ប៉ុន្តែនៅឈររឹងមាំ នៅក្នុងអំណាចនៅកម្ពុជា» ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សូមអ្នកឯកកុំភ័ណ្ឌច្រឡំ ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ ហើយអ្នកឯងត្រូវស្គាល់គោរមងារ «តេជោ» ដែលព្រះ មហាក្សត្រ ព្រះប្រោសព្រះរាជទាន អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាល ចំពោះកម្ពុជា ហ៊ុន សែន បានគ្រប់គ្រងប្រទេសនេះ ចូលរួមចំណែកគ្រប់គ្រង ប្រទេសថា អញ្ជឹងទៅចុះ រយៈពេល៤៧ឆ្នាំហើយ អ្នកល្មមដឹងថា តើ ហ៊ុន សែន ជានរណាពិតប្រាកដ ហើយចតុផនព្រំផាន់ ដែលកន្លងទៅធ្លាប់មកជ្រកកោន មកកម្ពុជា ទៅចូលដៃជាមួយ សិន្ធិលឹមថងគុល ថ្នាក់ថ្មមសម្តីបន្តិចអាប្អូន ។
ពីដើមអ្នកឯង អាវក្រហម រត់មកជ្រកកោននៅទីនេះ ឥឡូវចាប់ផ្តើមវាយប្រហារមកកម្ពុជាសូមថ្នាក់ថ្មមសម្តីបន្តិចស្គាល់ សមត្ថមភាពរបស់ ហ៊ុន សែន ច្បាស់ អ្នកឯងធ្លាប់មកជ្រកកោនមកជាមួយខ្ញុំ ខ្ញុំឱ្យបានអ្នក ឯងស៊ី ខ្ញុំចិញ្ចឹមអ្នកឯង» ។
សម្តេចតេជោបានលើកឡើងថា អ្នកឯងទៅចូលជាមួយអ្នកណាជារឿងអ្នកឯង តែសូមប្រាប់ថា កម្ពុជាមិនមែនជាចេកសម្រាប់ងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំ កម្ពុជាជំនាន់ដឹកនាំដោយព្រះបាទនរោត្តម សហមុនីជាព្រះមហាក្សត្រ និងដឹកនាំដោយ ហ៊ុន សែន ហើយកម្ពុជាពេលនេះដឹកនាំដោយហ៊ុន ម៉ាណែត អមដោយឥស្សជនទាំង រដ្ឋសភា ព្រឹទ្ធសភា និងកងកំលាំងប្រដាប់អាវុធ និងជាតិទាំងមូលរួមគ្នា ដើម្បីប្រឈមនិងសភាពការណ៍នេះ។
សម្តេចតេជោបានលើកឡើងទៀតថា កម្ពុជាមិនចង់ឲ្យអាស៊ានឈឺក្បាល ហើយយើងមិន ចង់ និយាយបញ្ហានេះទេ ប៉ុន្តែនៅពេលប្រជុំអាស៊ានយើងសង្ឃឹមថា នាយករដ្ឋមន្ត្រីកម្ពុជា នឹងនិយាយហើយ ។ កម្ពុជានឹងនិយាយទៅកាន់បរទេសនានាថា បើលើកទឹកចិត្តឲ្យវ៉ៃគ្នា គឺមិនចាំបាច់ទេ ប៉ុន្តែបើលើកទឹកចិត្តឲ្យដោះស្រាយដោយសន្តិវិធី និងផ្លូវច្បាប់យើងស្វាគមន៍ ។
សូមរំលឹកថា លោក សិន្ធិលឹមថងគុល ធ្លាប់បានដាក់ញាតិទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra ដោយអំពាវនាវឱ្យរដ្ឋាភិបាលការពារអធិបតេយ្យភាពរបស់ថៃឱ្យបានច្បាស់លាស់ ហើយថែមទាំងស្រែកក្តែងៗប្រាប់អ្នកគាំទ្រខ្លួនទៀតថា កម្ពុជាបានរំលោភលើទឹកដីថៃចំនួន៤៧០ដងក្នុងរយៈពេល២៥ឆ្នាំមកនេះ៕
ចែករំលែកព័តមាននេះ