ខេត្តកណ្ដាល ៖ ស្ត្រីម្នាក់ដោយសារតែមានជីវភាពក្រីក្រហើយជំពាក់លុយគេច្រើនថែមទៀតនោះ បានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយបានយកថ្នាំបំពុលកុកទៅប្រឡាក់ជាមួយត្រីឆ្លូញហើយហូបជាមួយបបរ បណ្ដាលឲ្យពុលបែកពពុះមាត់ប្រកាច់ស្លាប់ ។ ក្រោយមកពេលដែលប្ដីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ប៉ុន្តែពេលទៅដល់ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះអស់រយៈពេលជាង២ម៉ោង ដោយសារតែមានអាការធ្ងន់ធ្ងរពេកក៏បានស្លាប់ ។
ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ មីនា នៅក្នុងភូមិចំការជោរ ឃុំពើក ស្រុកអង្គស្នួល ។ ស្ត្រីដែលបានសម្លាប់ខ្លួនខាងលើនោះឈ្មោះ យស់ ស្តើង អាយុ៣៩ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ២ទៅ៣ថ្ងៃ ស្ត្រីរូបនោះបាននិយាយប្រាប់ប្ដីថា នាងពិបាកចិត្តខ្លាំងណាស់ព្រោះខ្លួនក្រីក្រ និងជំពាក់លុយគេច្រើនពេក និងមិនដឹងថាបានលុយពីណាដើម្បីសងគេ ប៉ុន្តែបុរសជាប្ដីមិនបានប្រាប់ថា ប្រពន្ធគាត់ជំពាក់លុយគេប៉ុន្មាននោះឡើយ ។
លុះដល់ថ្ងៃទី៩ មីនា ដែលជាថ្ងៃកើតហេតុនាងក៏បានត្អូញត្អែរពីរឿងនោះម្ដងទៀតនៅនឹងមុខប្ដី ប៉ុន្តែប្ដីមិនបានចាប់អរម្មណ៏ថា នាងចង់សម្លាប់ខ្លួននោះឡើយក៏បាននិយាយលួងលោមប្រពន្ធឱ្យឈប់ពិបាកចិត្តទៅ ។ រហូតដល់វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃដដែលនោះស្ត្រីខាងលើបានដួសបបរហូប ដោយបានយកថ្នាំបំពុលកុកប្រឡាក់ជាមួយត្រីឆ្លូញហូបជាមួយបបរនោះ ហើយនៅក្នុងខណៈនោះ បុរសជាប្ដីបានឃើញប្រពន្ធគាត់ដួសបបរហូបក៏បានដើរទៅមើលឃើញចានប្រឡាក់ថ្នាំបំពុលកុកពណ៏ខ្មៅ មានការសង្ស័យដែរ ប៉ុន្តែមិនដឹងថា ជាថ្នាំបំពុលកុកនោះឡើយ ។
ប្រភពដដែលបានបន្តថា ខណៈនោះដោយមានការងឿងឆ្ងល់បុរសជាប្ដីបានសួរទៅប្រពន្ធថា «តើស្អីគេនឹងខ្មៅៗចឹង» ភ្លាមៗនោះនាងបានឆ្លើយថា «ល្ងរប្រឡាក់ជាមួយត្រីឆ្លូញ» បន្ទាប់ពីសួររួចបុរសជាប្ដីនោះក៏បានដើរចេញហើយមួយសន្ទុះក្រោយមកទៅមើលម្ដងទៀត ឃើញសំបកថ្នាំបំពុលកុកទើបដឹងថា ចានដែល ប្រឡាក់ពណ៏ខ្មៅនោះ មិនមែនជាល្ងរឡើយគឺប្រពន្ធយកថ្នាំបំពុលកុកប្រឡាក់ជាមួយត្រីឆ្លូញ ។ បន្ទាប់មកគាត់ក៏ទៅមើលប្រពន្ធរបស់គាត់ តែប្រពន្ធបានប្រកាច់បែកពពុះមាត់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបាននាំគ្នាយកម៉ូតូសណ្ដោងរ៉ឺម៉ក់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីសង្គ្រោះបន្ទាន់ហើយពេលទៅដល់គ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ប៉ុន្តែដោយសារនាងមានអាការធ្ងន់ធ្ងរពេកក៏បានស្លាប់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនោះ ។
នគរបាលបានបន្តថា ក្រោយពេលកើតហេតុកម្លាំងនគរបាលបច្ចេកទេសស្រុកអង្គស្នួលបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ គ្រូពេទ្យ រួមជាមួយអាជ្ញាធរសង្កាត់ ធ្វើការពិនិត្យហើយជាលទ្ធផលគឺស្ត្រីរូបនេះ បានធ្វើអត្តឃាតដោយខ្លួនឯង និងស្លាប់ដោយសារថ្នាំបំពុលកុកនោះប្រាកដមែន ៕
ចែករំលែកព័តមាននេះ