ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​កោះហៅតំណាង​អ្នក​ឃុំ​ស្រែណូយ​៤រូប​បំភ្លឺ​​ អ្នកភូមិ​ជាង​​​២៦០នាក់លើក​គ្នា​មក​ជាមួយ

14 ឆ្នាំ មុន

ខេត្ត​សៀមរាប​​ ៖ ​ក្រុម​អ្នក​ភូមិ​ប្រមាណ​ជាង២៦០នាក់​មក​ពី​សហគមន៍​ជីក្រែង ស្រុក​ជី​ក្រែង សហគម​ន៍​ស្គុន ស្រុក​បន្ទាយស្រី និង​សហគម​ន៍​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ២០១១ បាន​លើកគ្នាមក​កាន់​មុខ​អគារ​រដ្ឋបាល​សាលាដំបូង​ខេត្ដសៀមរាប ដើម្បី​ចូលរួម​លើកទឹកចិត្ដ​ដល់​តំណាង​អ្នក​ឃុំ​ស្រែ​ណូយ​ចំនួន៤រូប ដែល​​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​សាកសួរ​ពី​បទ​ចាប់​ជំរឹត​ទា​រប្រាក់

ខេត្ត​សៀមរាប​​ ៖ ​ក្រុម​អ្នក​ភូមិ​ប្រមាណ​ជាង២៦០នាក់​មក​ពី​សហគមន៍​ជីក្រែង ស្រុក​ជី​ក្រែង សហគម​ន៍​ស្គុន ស្រុក​បន្ទាយស្រី និង​សហគម​ន៍​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ២០១១ បាន​លើកគ្នាមក​កាន់​មុខ​អគារ​រដ្ឋបាល​សាលាដំបូង​ខេត្ដសៀមរាប ដើម្បី​ចូលរួម​លើកទឹកចិត្ដ​ដល់​តំណាង​អ្នក​ឃុំ​ស្រែ​ណូយ​ចំនួន៤រូប ដែល​​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​សាកសួរ​ពី​បទ​ចាប់​ជំរឹត​ទា​រប្រាក់​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​ ។ អ្នកតំណាង​​ទាំង​៤​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​​ដឹកនាំ​ក្រុម​អ្នក​ឃុំ​ស្រែ​ណូ​យ​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​ដំបង និង​កាំបិត​ឡោម​ព័ទ្ធបណ្ដេញគ្រឿងចក្រ​របស់​ក្រុមហ៊ុន​អភិ​វ​ឌ្ឈ​ន៍​ទីក្រុង​រណប​« ​បាន​យ៉ា​គ្រុប» ដែល​ធ្វើសកម្ម​ភាព​ឈូស​​ឆាយ​ព្រំ​ដីប៉ះពាល់​ដី​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី២៣ ខែ​កុ​ម្ភៈ ឆ្នាំ ២០០៩កន្លង​ទៅ​ ។

ទោះបី​ជា​យ៉ាងណា​ ការ​លើ​កគ្នា​មក​ឈរ​នៅ​មុខ​តុលាការ​នេះ​ត្រូវ​​បាន​ពួកគាត់​​អះអាង​ថា ​មិន​មែនមក​​ចាំ​ការពារ ឬ​ប្រើ​អំពើ​ហិង្សា​ដាក់​នរណា​​ម្នាក់​ទេ​​ គ្រាន់តែ​មក​លើកទឹកចិត្ដ​ដល់​​អ្នក​តំណាង​ទាំង៤រូប​ ដែល​​ត្រូវចូល​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​តែ​ប៉ុណ្ណោះ ។ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​នាក់​​ទៀត​ដែល​ឈរ​នៅ​មុខ​អគារ​រដ្ឋបាល​សាលា​ដំបូង​ខេត្ដសៀមរាប​បាន​និយាយ​ថា ​ការ​លើកគ្នា​មក​កាន់​ទី​នេះ​ មាន​​អ្នក​ភូមិ​​២៦០​​នាក់​​មក​ពី​សហគមន៍​ចំនួន៣ផ្សេង​គ្នា គឺ​សហ​គមន៍​​ជីក្រែង ស្រុក​ជីក្រែង សហគម​ន៍​ស្គុន ស្រុកបន្ទាយស្រី និង​សហគម​ន៍​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ដើម្បី​​លើក​ទឹកចិត្ដ​ដល់​តំណាង​៤នាក់​របស់​សហគមន៍​ស្រែ​ណូ​យ​ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺជុំវិញបណ្ដឹង​ចោទប្រកាន់​ពី​បទ​ចាប់​ជំរឹត​ទា​រ​ប្រាក់ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ។

តំណាង​អ្នក​ឃុំ​ស្រែ​ណូ​យ​ទាំង៤​​រូបនោះ​​១-ឈ្មោះម៉ៅ ឌិន ២-ឈ្មោះ​ប៉ិ ងំ ៣-ឈ្មោះ​​ភឿន ផា និង​៤-ឈ្មោះ​ដួង ឡាញ់ ភេទ​ស្រី អ្នក​ទាំង​៤រូប​នេះ​រស់នៅ​ភូមិ​វត្ដ និងភូមិ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ដែល​មានដី​ស្រែ និង​ដីចំការ​បុ​ស ស្ថិត​នៅ​ក្នុង​ប្លង់​គោល​នៃ​ក្រុមហ៊ុនវិនិយោគ​ក្រុង​រណប «បាន​យ៉ា​គ្រុប» ។ ​​ដើម​​ចម​បណ្តាល​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​​​ខាង​លើ​គឺ​​កាលពី​ថ្ងៃ​ទី២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០០៩ ក្រុម​ហ៊ុន «​បាន​យ៉ា​គ្រុប» ដែល​ទទួល​​សិទ្ធិពី​រាជ​រដ្ឋា​ភិបាលក្នុង​កា​រវិយោគ​អភិ​វ​ឌ្ឍន៍​ទីក្រុង​រណប​លើ​ផ្ទៃដី៧ពាន់​ហិ​កតា នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​វ៉ា​រិ​ន ខេត្ដ​សៀម​រាប រួម​ប​ញ្ជូ​ល​ទាំង​ឃុំស្រែ​​ណូ​យ​ផង​ដែរនោះ​ បាន​បញ្ជូន​គ្រឿងចក្រ​ជា​ច្រើន​​គ្រឿង​ទៅ​ធ្វើការ​ឈូស​ឆាយ​ព្រំដីដោយ​ក្រុម​សហគមន៍​បាន​អះអាង​ថា​ ក្រុម​ហ៊ុន​បាន​ហ៊ុម​​ព័ទ្ធ​ឈូស​ឆាយ​ទាំង​ដីស្រែ​និង​ដីចំការ​បុ​សរបស់​ពួក​គាត់​។ នៅពេល​នោះ​ហើយ​ប្រជាពលរដ្ឋ​ស្រី​ប្រុស ក្មេង​ចាស់​រាប់​សិប​នាក់​ប្រដាប់​ដោយ​កាំបិត​និង​ដំបង​ដឹកនាំដោយតំណាង​ទាំង៤​នាក់ ដែល​​បាន​​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នោះ​បាន​លើក​គ្នា​ធ្វើកា​រ​ឡោម​​ព័ទ្ធ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នោះមិន​ឱ្យ​​ឈូស​ឆាយ ​ដោយ​សំអាង​ថា​បាន​ប៉ះពាល់​ដី​ពួក​គាត់​ ។

លោក​ភឿន ផា តំណាង​អ្នក​ភូមិ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ភូមិ​៣​នាក់​ទៀត ​ដែល​ត្រូវ​កោះហៅ​ឱ្យ​ចូលបំភ្លឺ​បាន​និយាយ​ប្រាប់​ថា ​គេ​ចោទ​ពួក​គាត់​​ដោយសារ​តែ​កាលពី​ថ្ងៃ​ទី២៣ ខែកុ​ម្ភៈ ២០០៩ ប្រជាពលរដ្ឋ​បានលើកគ្នា​ទៅ​ហាមឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន«​​បាន​យ៉ា​គ្រុប» ​​ដែល​ឈូស​ព្រំ​ដីប៉ះ​ចំ​ដី​ប្រជាពលរដ្ឋ ហើយ​ពេល​នោះ​មន្ដ្រី​នគរបាល​ប៉ុ​ស្ដិ៍ឃុំ​ស្រែ​​ណូ​យ​​បាន​ហៅ​ពួក​គាត់​ឱ្យមក​ដោះស្រាយ​គ្នា​នៅ​ឃុំ ​ដោយ​ប្រាប់​ថា​មេឃុំរង់ចាំ​នៅ​ទីនោះ ។ ពេល​​ពួក​គាត់​លើកគ្នា​ទៅ​កាន់​សាលាឃុំ អត់​ឃើញ​មេឃុំ​នៅទេ ឃើញ​តែ​ជំទប់​ទី​១ ទើប​ពួក​គាត់​ដេក​ចាំ​នៅ​សាលាឃុំ​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ ។ តំណាង​អ្នក​ភូមិ​រូប​នោះ​បាន​បន្ដ​ថា អ្នក​ដែល​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​​នោះ​គឺជា​អនុប្រធាន​ភូមិ​ និង​​កូនលោក​ស្រី​ប៉ក់ ម៉​ម តែ​ពួក​គាត់​រួម​ទាំង​អ្នក​ភូមិ​ទាំងអស់​អត់​បាន​ធ្វើ​ដូច​ការ​ចោទប្រកាន់​​នោះ​ទេ​។

មន្ដ្រី​ស៊ើបអង្កេត​សមាគម​​ការពារ​សិទ្ធិ​​មនុស្ស«​​អា​ដ​ហុ​ក»​​ប្រចាំ​ខេត្ដសៀមរាប ដែល​បាន​ចុះ​អ​ង្កេតទៅ​លើ​ករណី​នេះ​បាន​ថ្លែង​ថា ករណី​នេះ​វា​មាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ហ៊ុន«​បាន​យ៉ា​គ្រុប​»​ពិតមែន​តែ​ក្រុម​ហ៊ុន​នេះ​អត់​មាន​កំហុស​ទេ ព្រោះ​ក្រុមហ៊ុនបាន​ទម្លាក់​លុយ​ដោះ​ស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋរួច​ហើយ​តាម​រយៈ​មេឃុំ​និង​មេ​ភូមិ ។ ​ចំពោះ​ការ​លើកគ្នា​មក​តវ៉ា​ឡោម​ព័ទ្ធ​គ្រឿងចក្រ​មិន​ឱ្យ​ឈូសឆាយ​នាំ​ឱ្យ​កើត​មានការ​ប្ដឹង​ប្ដល់​គ្នា​នេះ ​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​អះអាង​ថា​ពួក​គាត់​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​ដោះស្រាយ​គោលនយោបាយ​ពី​អា​ជា្ញ​ធរ​ភូមិ​ឃុំនៅឡើយ ដូច្នេះ​ពួក​គាត់​ក៏លើកគ្នា​ទៅ​ទារ​លុយ​​តែម្តង​​ទៅ ។

មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ដដែល​នោះ​បាន​បន្ថែម​ថា ការ​ចោទប្រកាន់​ពី​បទ​ចាប់​ជំរឹត និង បង្ខាំង​មនុស្ស​ខុសច្បាប់ប្រឆាំង​ទៅ​លើ​តំណាង​អ្នក​ឃុំ​ស្រែ​ណូ​យ​ទាំង៤នាក់​នោះ វា​ហាក់ដូចជា​មិន​ត្រឹមត្រូវ​ទេ នេះ​បើ​ផ្អែកទៅ​លើ​​កន្លែង​កើត​ហេតុ​គឺ​នៅ​ក្នុង​បរិវេណ​សាលាឃុំ​ដែល​ជា​អគារ​រដ្ឋ​បាល​​សាធារណៈ​របស់​រដ្ឋ ។ ជា​ពិសេសក្នុង​ករណី​​ដែល​អា​ជា្ញ​ធរ​ភូមិ​ឃុំមិន​ទាន់​ប្រគល់​ប្រាក់​ដោះ​ស្រាយ​គោលនយោបាយ​ដែល​ក្រុមហ៊ុន​បាន​​យ៉ាគ្រុបទម្លាក់់​មក​ឱ្យពួក​គាត់​ជា​ប្រជាពល​រដ្ឋ​​​ ដូច្នេះ​ពួកគាត់​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ទាម​ទារដដែល ។ នៅ​វេលា​ម៉ោង១១និង៤៧នាទី​​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី២៧ ខែ​មីនា កោះសន្ដិភាព​បាន​ហៅ​ទូរស័ព្ទ​ចំនួន​៣​លើក​ចុង​ក្រោយទៅ​កាន់​លោក​ម៉ៅ​ ភ​ន អគ្គនាយក​​​ក្រុមហ៊ុនបាន​យ៉ា​គ្រុប ប៉ុន្ដែ​ការ​ហៅ​ចូល​ត្រូវ​បាន​​ចុចឱ្យ​ជាប់រវល់ ដូច្នេះ​មិន​អាច​សុំ​ការ​ពន្យល់​​បន្ថែម​ជុំវិញ​របៀប​ដោះស្រាយ​គោល​នយោ​បាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋដែល​នៅ​មាន​ការ​ជំពាក់ជំពិន​នោះ​បាន​ទេ​ ៕