រាជធានីភ្នំពេញ ៖ ឆ្លងចរន្តឆេះខ្សែភ្លើងអស់០១បង្គោល ឭស្នូរដូចរន្ទះ តែមិនបង្កអោយរាលដាលដល់ហាងជាប់ក្បែរនោះឡើយ ។ ករណីឆេះខ្សែភ្លើងនេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងផ្លូវ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីពលរដ្ឋអ្នករាយការណ៍អោយដឹងថា មុនកើតហេតុ គេឃើញបង្គោលខ្សែភ្លើងចំនួន០១ដើម បានបែកផ្កាភ្លើងលា.ន់ស្នូរដូចរន្ទះ ព្រៀកៗចំនួន០២-០៣ដង ទើបឈានដល់កើតមានផ្សែងហ៊ុយ លាយលំ អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ភ្លាមៗ អ្នកឃើញហេតុការណ៍ បានស្រែកឆោឡោហៅពលរដ្ឋ ដើម្បីយកបំពង់ពន្លត់ទៅបាញ់អស់ជាច្រើនជាបំពង់ នៅតែមិនរលត់ ទើបសម្រេចចិត្តរាយការណ៍ជូនសមត្ថកិច្ចជំនាញ អោយជួយចុះអន្តរាគមន៍ ជៀសវាងមានការរាលដាលដល់ហាងនៅជាប់បង្គោលភ្លើងខាងលើនោះ ។
អគ្គិភ័យនេះដែរ បានឆាបឆេះខ្សែភ្លើងអស់ចំនួន០១បង្គោល តែមិនបង្កអោយរាលដាលដល់បង្គោលផ្សេងនោះឡើយ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០១គ្រឿង បាញ់អោយរលត់ជាស្ថាពរ ៕
ចែករំលែកព័តមាននេះ