ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ចំណាយ​ថវិកា​លើ​វិស័យ​សង្គមកិច្ច​ជាង​5%​នៃ​ផលិតផល​ក្នុងស្រុក​សរុប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១៧​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥,៤៣%​នៃ​ផលិតផល​ក្នុងស្រុក សរុប​សម្រាប់​មនុស្ស​ម្នាក់ ដែល​នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​សង្គមកិច្ច រួម

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១៧​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥,៤៣%​នៃ​ផលិតផល​ក្នុងស្រុក សរុប​សម្រាប់​មនុស្ស​ម្នាក់ ដែល​នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​សង្គមកិច្ច រួម​ទាំង​ការងារ​យេ​ន​ឌ័​រ​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​ស្ត្រី ក្នុង​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១០៦​នា​ព្រឹក​ថ្ងៃ​ទី​៩ មីនា​ថា ឆ្នាំ​២០១៧ ថា កញ្ចប់​ថវិកា​ប្រមាណ​៥,៤៣%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់ នឹង​ផ្ដល់​ជូន​ប្រើប្រាស់​ក្នុង​វិស័យ​សង្គមកិច្ច ហើយ​ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​សមភាព​យេ​ន​ឌ័​រ ។

លោក​បន្ត​ថា ថវិកា​នេះ​នឹង​យក​ទៅ​ចំណាយ​លើ​ការងារ​ពាក់ព័ន្ធ​ផ្ទាល់ និង​យេ​ន​ឌ័​រ ព្រមទាំង​សកម្មភាព​ផ្តល់​ប្រយោជន៍​ចំពោះ​ស្ត្រី ហើយ​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​កិច្ចការ​នារី​បាន​កើន​ជា​លំដាប់​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖ « ការ​វិនិយោគសាធារណៈ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ប្រព័ន្ធ​ទឹក ភ្លើង ផ្លូវថ្នល់ ការ​ដឹក​ជញ្ជូន ព័ត៌មានវិទ្យា ក៏​ដូច​ជា​វិស័យ​កសិកម្ម សិប្បកម្ម ផលិតកម្ម និង​សង្គមកិច្ច ជា​ពិសេស វិស័យ​អប់រំ សុខាភិបាល ដែល​ទាំង​អស់នេះ​សុទ្ធតែ​បង្កើត​នូវ​អំណោយផល​ផង​ដែរ​។ កម្ពុជា​បាន​វិវត្តន៍​ខ្លួន​ចេញពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប មក​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ឈាន​មក​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥​។ រាជរដ្ឋាភិបាល​គ្រោង​នាំ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាង​មុខ​នេះ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​សង្គមកិច្ច ដែល​ផ្តោត​លើ​ផ្នែក​អប់រំ សុខាភិបាល និង​ស្ត្រី​ជាដើម​គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​វា​ជា​វិស័យ​ជួយ​ប្រទេស​ទៅ​ថ្ងៃក្រោយ ដោយសារ​បើ​យើង​ពង្រឹង​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​មានគុណ​ភាព ពួក​គេ​នឹង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ។ ចំណែក​វិស័យ​សុខាភិបាល កាលណា​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ពួក​គេ​នឹង​មាន​បញ្ញា​វាងវៃ និង​បង្កើត​ផលិតភាព​របស់​ជាតិ ។

លោក​បន្ត​ថា ៖ « វា​ជា​ទិស​ដៅ​ត្រឹមត្រូវ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​ការ​ចំណាយ​ធ្វើ​ឡើង​ចំ​ទិស​ដៅ និង​មាន​ប្រសិទ្ធភាព​ឬ​អត់ ជា​រឿង​ត្រូវ​តាមដាន និង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​»​។ លោក​បន្ត​ថា ៖ « ការ​ឈាន​ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​មាន​ប្រាក់​ចំណូល​ខ្ពស់ ផ្អែក​លើ​សេដ្ឋកិច្ច និង​ការ​ខិតខំ​របស់​យើង ទោះបី​ទៅ​មិន​ដល់ ក៏​ទៅ​ជិត​ដល់​គោលដៅ​ដែរ » ។

លោក​បណ្ឌិត ម៉ី កល្យាណ បន្ថែម​ថា ៖ «​អ្វី​សំខាន់​នា​ពេល​នេះ​ត្រូវ​ខិតខំ និង​ដំឡើង​សាច់ដុំ​របស់​កម្ពុជា​ឲ្យ​បាន ហើយ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ការ​មិន​សប្បាយចិត្ត​របស់​ប្រជាពលរដ្ឋ និង​បំពេញបន្ថែម​នូវ​អ្វី​ជា​ចំណុច​ខ្វះខាត​របស់​ខ្លួន » ៕