ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​គ្មាន​វាចា​! ឮ​សំឡេង​ម្តាយ​ស្តីបន្ទោស យក​ដែកកេះ​មក​ដុត​ផ្ទះ​ខ្ទេច

1 ឆ្នាំ មុន
  • កណ្តាល

លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​ខឹង​ម្តាយ​ស្តីបន្ទោស​ឱ្យ រួច​ក៏​ដុត​ផ្ទះ​ចោល ដាក់​

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​ខឹង​ម្តាយ​ស្តីបន្ទោស​ឱ្យ រួច​ក៏​ដុត​ផ្ទះ​ចោល ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​» តាម​មាត្រា​៤១៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​១០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ពៅ សុខ​លន ភេទ​ស្រី ស្ថិត​នៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ពៅ សុខ​លន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល (​ត្រូវជា​ម្ដាយបង្កើត​) ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ ពៅ សំណាង ហៅ​ខ្នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល (​ត្រូវជា​កូនបង្កើត​)​។

លោក​វរសេនីយ៍ លន ច​ន្ថា អធិការ​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនសង្ស័យ​នៅ​ដេក​ក្នុងផ្ទះ លុះ​ពេល​ឮ​ម្ដាយ (​ជន​រង​គ្រោះ​) និយាយ​ស្ដីបន្ទោស​ឲ្យ​ខ្លួន ក៏​កើត​ចិត្ដ​ខឹង​នឹង​ម្ដាយ ហើយ​ក៏​បាន​យក​ដែកកេះ​មក​ដុត​ពូក​ដេក​របស់​ខ្លួន បណ្ដាល​អោយ​ឆេះ និង​រាលដាល​ឆេះ​ទៅ​ដល់​ផ្ទះ​ទៀត​ផង​។ បន្ទាប់​មក​ជនសង្ស័យ ក៏​រត់​ចុះពីលើផ្ទះ ដោយ​មាន​កាន់​កាំបិត​ផ្គាក់​នៅ​នឹង​ដៃ រួច​រត់គេច​ខ្លួន​បាត់ ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ភ្លើង​ឆេះ ក៏​ស្រែក​ឆោឡោ​ឡើង រួច​នាំ​គ្នា​មក​ជួយ​ពន្លត់ភ្លើង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​មិន​បានឃើញ​ជនសង្ស័យ​ទេ​។ ក្រោយមក​កម្លាំង​ប៉ុស្ដិ៍​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ក៏​បាន​រក​ឃើញ​ជនសង្ស័យ រួច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ដុត​ផ្ទះ​របស់​ម្ដាយ​ពិតប្រាកដ​មែន​»​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង និង​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ