ខេត្តឧត្តរមានជ័យ ៖ ក្រោយពេលខកខានធ្វើពិធីប្រណាំងទូក«ង»ប្រចាំឆ្នាំកន្លងមក អស់រយៈពេល២ឆ្នាំដោយសារបញ្ហាកើតមានជំងឺរាតត្បាតពាសពេញសកលលោកដោយវិបត្តិជំងឺកូវីត-១៩ បានវាយលុកចូលមកក្នុងប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០២២នេះ ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីការប្រកួតប្រណាំងទូក«ង»សារជាថ្មីឡើងវិញ ។

ពិធីប្រណាំងទូក«ង»នេះធ្វើឡើងរយៈ២ថ្ងៃ គិតត្រឹមចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២ តុលា ឆ្នាំ២០២២នេះ ស្ថិតនៅត្រង់ចំណុចមុខវេទិកាស្រះបឹងស្នោរ ក្នុងភូមិបុរីរដ្ធបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងការបិទការប្រកួតប្រណាំងទូក«ង»ផងដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមាន
ជ័យបានមានប្រសាសន៏ឲ្យដឹងកាលពីថ្ងៃទី២ តុលា ថា ដោយមើលឃើញពីការខកខានក្នុងការសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តយើងកន្លងមក ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តតែងតែរៀបចំឡើងនូវការប្រកួតប្រណាំងទូក«ង»ជាប្រចាំ តែដោយសារខលខានមិនបានរៀបចំពិធីនេះឡើង ពីព្រោះកន្លងមក យើងមានការលំបាកនូវបញ្ហាជំងឺកូវីត ហើយប្រមុខរាជរដ្ធាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋទូទៅ មិនឱ្យមានការជួបជុំ ដើម្បីទប់ស្កាត់នូវជំងឺដ៏កាចសាហាវកូវីត១៩មួយនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា បើឆ្នាំក្រោយៗទៀត បើសិនជាប្រទេសកម្ពុជាយើងអាចលុបបំបាត់ការឆ្លងនូវជំងឺកូវីត១៩បន្តទៀត រដ្ឋបាលខេត្តនិងរៀបចំធ្វើពិធីបុណ្យបុណ្យប្រណាំងទូកបន្តទៀត ហើយនៅក្នុងពិធីបុណ្យប្រណាំងទូក «ង»នេះ មានទូកសរុបចំនួន១៨ទូក បូករួមទាំងទូកនាគ១មកពីតាមមន្ទីរនានាជុំវិញក្រុង/ស្រុកទាំង៥ ហើយនៅក្នុងនោះទូកដែលទទួលបានជ័យជំនះលេខ១ ទទួលបាន៨លានរៀល លេខ២ទទួលបាន៦លានរៀល និងលេខ៣ទទួលបាន៤លានរៀលផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៏ខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅ
ល្ងាចថ្ងៃទី២ ខែតុលា ថា ចំពោះភ្ញៀវជាតិមកលេងកំសាន្តនៅក្នុងពិធីបុណ្យអុំទូករយៈពេលចំនួន
២ថ្ងៃនេះ មានរហូតដល់ទៅ៣.១២០០នាក់(បីម៉ឺនមួយពាន់ពីរយនាក់)។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យនៅឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានការសាទរទៅដល់ឯកឧត្តមអភិបាលខេត្ត ដែលបានរៀបចំកម្មពិធីនេះឡើង ពិសេសជាងនេះទៅទៀត នៅពេលយប់មានការដាក់តាំងពិព័រតូបជាច្រើន និងមានការប្រគំតន្ត្រៃខ្នាតយក្សរបស់ស្ថានីយទូរទស្សន៍ ដែលមានតារាៗល្បីមកច្រៀងរាំលេងកំសាន្ត។ ជាងនេះទៅទៀត ក៏មានការចូលរួមយកចិត្តទុកដាក់ពីកងកម្លាំងប្រដាប់អាវុធជួយរៀបចំសណ្តាប់ធ្នាប់ការពារសន្តិសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តបានយ៉ាងល្អប្រសើរផងដែរ ៕


ចែករំលែកព័តមាននេះ