ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​បន្ត​ហូរ​ទៅ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​៥០​ខ្នង

2 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ផ្ទៃ​មេឃ​កំពុង​តែ​បន្ត​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្រុងប៉ៃលិន ហើយ​ទឹកភ្លៀង​នេះ ក៏​បាន​ហូរ​បន្ត​ទៅ​ជន់​លិច​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ផ្ទៃ​មេ ឃ​កំពុង​តែ​បន្ត​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្រុងប៉ៃលិន ហើយ​ទឹកភ្លៀង​នេះ ក៏​បាន​ហូរ​បន្ត​ទៅ​ជន់​លិច​ភូមិ​កូន​ដំរី ភូមិ​ដីស ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បណ្តាល​ឱ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពលរដ្ឋ​ជាង​៥០​គ្រួសារ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ជួយ​ជម្លៀស​ជន​រង​គ្រោះ​ទាំងអស់​ទៅ​កាន់​រក​ទីទួល​សុវត្ថិភាព​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សៀ សុ​ខុន អភិបាលរង​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជំនន់ ទឹកភ្លៀង​បាន​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២​មក​ម្ល៉េះ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែតុលា​នេះ ទឹក​នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ ទាំង​ឃុំ​អូរ​អណ្តូង ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​ពេល​នេះ ជំនន់​ទឹកភ្លៀង​មិន​ទាន់​ស្រក​អស់​ចេញពីផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំ​ស្ទឹង​ត្រង់​នៅឡើយ​ទេ ខណៈ​មេឃ​កំពុង​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ក្រុងប៉ៃលិន ដែល​ជា​ហេតុ​អាច​នឹង​បន្ត​ហូរ​ធ្លាក់​ទៅ​ក្នុង​អូរ ស្ទឹង និង​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង​ដែរ​។

ទោះបីជា​យ៉ាងណា លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ធ្វើការ​ចែក​អំណោយ​ស្បៀង​សង្គ្រោះ​បន្ទាន់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២​នេះ មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​ក្នុង​ក្រុងប៉ៃលិន រីឯ​នៅ​ស្រុក​សាលា​ក្រៅ ផ្ទៃមេឃ​ក៏​នៅ​មាន​សភាព​អួរ​អាប់​គួរ​ឱ្យ​ព្រួយបារម្ភ ក្រែង​មាន​ភ្លៀង​ធ្លាក់​ថែម​ទៀត អាច​នឹង​លិចលង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។ ចំណែក​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៅ​មូលដ្ឋាន ក៏​កំពុង​តែ​ដុតដៃដុតជើង ត្រៀម​រៀបចំ​កម្លាំង​ចុះ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ខាងលើ​ហើយ បើសិន​មាន​ករណី​ជំនន់​ខ្លាំង​កើតឡើង​ដូច​កាលពី​ឆ្នាំ​មុន​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ