ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​គរ​ដូច​ភ្នំ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ប៉ះពាល់​សុខភាព

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ជិត​គំនរ​សំរាម មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​ក្រុម​គ្រួសារ​របស់​ពួក​គាត់

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ជិត​គំនរ​សំរាម មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ខណៈ​គំនរ​សំរាម​គរ​ដូច​ភ្នំ ជះក្លិន​ស្អុយ​អសោច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់ ជះក្លិន​ស្អុយ និង​កើត​មាន​សត្វ​រុយ​រោម​គំនរ​សំរាម ហើយ​ហើរ​មក​រោម​ចំណីអាហារ​ពេល​បរិភោគ​។ បើ​តាម​ស្ត្រី​ម្នាក់​ដែល​មានផ្ទះ​ជិត​គំនរ​សំរាម​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៧​ថា ទីតាំង​ចាក់សំរាម​នេះ បាន​បង្កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០៤ មក​ម្លេះ កាលនោះ​លោក រស់​ឆាយ ជា​អភិបាលស្រុក​ស្វាយ​រៀង លោក​បាន​ជីករណ្តៅ​សម្រាប់​ចាក់សំរាម​មិនសូវ​ជះក្លិន​ស្អុយ ឬ​មាន​សត្វ​រុយ​ច្រើន​ទេ​។

ក៏​ប៉ុន្តែ​អ្នកម៉ៅការ​ប្រមូល​សំរាម​ថ្មី​ក្រោយ​ៗ​មក​ពុំ​បាន​ជីករណ្តៅ​ដាក់​សំរាម​ទេ គឺ​បាន​ចាក់សំរាម​លើ​គ្នា រហូត​គំនរ​សំរាម​គរ​ដូច​ភ្នំ ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​។ ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​រដូវប្រាំង គឺ​ក្លិនស្អុយ​សាយភាយ​តិច ក៏​ប៉ុន្តែ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ គឺ​សាយភាយ​ធំ​ក្លិនស្អុយ​តាម​ខ្យល់​បក់​មក​ចំ​ម្ដង​ៗ​ពិបាក​ដកដង្ហើម​យ៉ាង​ខ្លាំង ជា​ពិសេស​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ និង​ពេល​ទឹក​ឡើង​លិច​វាល គឺ​គំនរ​សំរាម​រលួយ​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង និង​មាន​កើត​សត្វ​រុយ​ជា​ច្រើន​ហើរ​មក​ទុំ​ផ្ទះ និង​បន្លែបង្កា ពេល​អង្គុយ​លេង​រុយ​រោម ត្រូវ​ដុត​ធូបមូស​ទើប​អង្គុយ​លេង​បាន​។ បើ​ពេល​ញ៉ាំ​បាយ​ត្រូវ​ចង​មុង​ទើប​ញ៉ាំ​បាយ​បាន បើ​មិន​ចង​មុង​ទេ រុយ​ហើរ​មក​រោម​មិន​អាច​ហូប​បាយ​បាន​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​គំនរ​សំរាម​ទាំងអស់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ប៉ះពាល់​សុខភាព​។

ហើយ​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ដោះស្រាយ កែ​ច្នៃ​សំរាម ឬ​ដុត​សំរាម​ថង់​ប្លា​ស្ទិ​ក​ចោល​នៅ​ពេល​រដូវប្រាំង​នេះ​កុំ​ឲ្យ​នៅ​គរ​ដូច​ភ្នំ និង​ហើរ​ថង់​ប្លា​ស្ទិ​ករាយ​ប៉ាយ​ជះក្លិន​ស្អុយ​អសោច​បន្ត​ទៀត​។ ទាក់ទិន​ករណី​ខាងលើ​នេះ​លោក ឈី​វ សា​រ៉​ន​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ថា យើង​គ្មាន​ទីតាំង​ដាក់​សំរាម​ទេ កន្លង​មក​គឺ​អាជ្ញាធរ​សុំ​ដី​របស់​ឈ្មោះ ភី ដាក់​សំរាម​បណ្តោះអាសន្ន ដោយ​ទីតាំង​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​គ្មាន​ជម្រើស​ឡើយ​។

លោក ឈី​វ សា​រ៉​ន បន្ត​ទៀត​ថា សំរាម​មាន​២​ប្រភេទ​គឺ ៖ សំរាម​កាក​សំណល់​តាម​ផ្ទះ និង​សំរាម​សាធារណៈ​។ ចំពោះ​សំរាម​តាម​ផ្ទះ​គ្មាន​ក្រុមហ៊ុន​ណា​មក​ដេញថ្លៃ​ប្រមូល​ទេ ដោយ​គ្មាន​ទីតាំង​ចាក់សំរាម គឺ​អាជ្ញាធរ​ក្រុង​បាន​ឲ្យ​ទៅ​ឈ្មោះ ហ៊ុម ណា​ក់ ប្អូន​ម្ចាស់​ដី​ឈ្មោះ ហ៊ុម សុ​ភី ជា​អ្នក​ប្រមូល​សំរាម និង​សម្របសម្រួល​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​បង់​សេវា មួយ​ខ្នង​ផ្ទះ​តម្លៃ​៧.០០០​រៀល បើ​ផ្ទះ​ណា​មាន​សំរាម​ច្រើន​យក​តម្លៃ​១០.០០០​រៀល ហើយ​សេវា​នេះ​ឯកជន​សុទ្ធសាធ​។ ចំពោះ​សំរាម​សាធារណៈ ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ក្រសួងបរិស្ថាន ក្នុង​មួយ​ឆ្នាំ​ថវិកា​ជាង​៣០០​លាន​រៀល ក៏​ពុំ​មាន​ដេញថ្លៃ​ដែរ ដោយ​គ្មាន​ក្រុមហ៊ុន​ណា​មក​ដាក់​ពាក្យ​ប្រកួតប្រជែង​ដោយ​គ្មាន​ទីតាំង​ចាក់សម្រាម ទើប​អាជ្ញាធរ​ប្រគល់​ឲ្យ​ក្រុមហ៊ុន ភី​សម្បត្តិ ជា​អ្នក​ប្រមូល​សំរាម​សាធារណៈ​ដែល​ជា​ម្ចាស់​ដី​ចាក់សម្រាម​នេះ​។

លោក ឈី​វ សា​រ៉​ន បន្ត​ទៀត​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម រក​ទីតាំង​ចាក់សំរាម​ថ្មី​បាន​ហើយ នៅ​ក្នុងភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពុង​រៀបចំ​ពិនិត្យ​បច្ចេកទេស និង​សាងសង់ ក៏​ប៉ុន្តែ​មិនដឹង​ថា រួចរាល់​នៅ​ខែ​ណា​នោះ​ទេ អាជ្ញាធរ​ក្រុង​កំពុង​ដោះស្រាយ​៕