ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រា​យុទ្ធ ចាន់​អូចា វិល​ត្រលប់​ចូល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​​ថ្ងៃ​ចន្ទនេះ

1 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​វិល​ត្រលប់​ទៅ​ការិយាល័យ​របស់​លោក​វិញ ដើម្បី​បំពេញការងារ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ…

ទីក្រុង​បាងកក ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​វិល​ត្រលប់​ទៅ​ការិយាល័យ​របស់​លោក​វិញ ដើម្បី​បំពេញការងារ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ក្រោយ​ពី​តុលាការ​ធម្មនុញ្ញ បាន​ផ្អាក​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស់​សម្រាប់​រយៈពេល នៃ​ការ​កាន់​អំណាច ។

ដូច​ការ​គ្រោងទុក តុលាការ​ធម្មនុញ្ញ​នៅ​ប្រទេស​ថៃ បាន​ចេញ​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែកញ្ញា​ថា លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា មិន​ទាន់​កាន់​អំណាច​គ្រប់​ប្រាំបី​ឆ្នាំ នៅឡើយ​ទេ ។ ដូច្នេះ​បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​របស់​ថៃ តុលាការ​ធម្មនុញ្ញ​សម្រេច​ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា អាច​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ថៃ ជា​បន្ត​ទៀត​បាន ។

តុលាការ បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ ដោយ​សម្លេង ៦-៣ គាំទ្រ​នាយក​រដ្ឋមន្ត្រី និង​បាន​រក​ឃើញ​ថា អាណត្តិ​របស់​លោក ប្រា​យុទ្ធ គួរតែ​ត្រូវ​បាន​គណនា ចាប់ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ ជំនួស​ឲ្យ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ពេល​ដែល​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​របប​យោធា បន្ទាប់​ពី​ធ្វើ​រដ្ឋប្រហារ​ក្នុង​ខែឧសភា​ឆ្នាំ​នោះ ។

តុលាការ​ធម្មនុញ្ញ សម្រេច​ថា លោក ប្រា​យុទ្ធ នៅ​តែ​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី រយៈពេល ២​ឆ្នាំ​កន្លះ​បន្ថែម​ទៀត ពីព្រោះ​ដែន​កំណត់​រយៈពេល​ប្រាំបី​ឆ្នាំ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ គួរតែ​ត្រូវ​បាន​រាប់​តែ នៅ​ពេល​ដែល​របប​យោធា ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋធម្មនុញ្ញ ដែល​ចូល​ជា​ធរមាន នៅ​ខែមេសា ឆ្នាំ​២០១៧ ។

សូម​បញ្ជាក់​ថា តុលាការ​ធម្មនុញ្ញ​របស់​ថៃ កាលពី​ថ្ងៃ​ពុធ ទី​២៤​សីហា បាន​ផ្អាក​ការងារ​របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ពី​នាយក​រដ្ឋមន្ត្រី​ថៃ បន្ទាប់​ពី​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ សម្រេច​ទទួលយក​ពាក្យបណ្ដឹង​តវ៉ា​របស់​ក្រុមប្រឆាំង ដែល​សុំ​អោយ​ពិនិត្យ​លើ​ភាព​ស្របច្បាប់​នៃ​រយៈពេល​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ បច្ចុប្បន្ន​នេះ ។

លោក ប្រា​យុទ្ធ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ដោយ​សន្យា​ថា នឹង​ដឹកនាំ​ប្រជាជន​ថៃ ឆ្ពោះទៅ​រក “​យុគសម័យ​មាស​ថ្មី​” នៃ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍន៍ ដោយ​ជំរុញ​ឲ្យ​មាន​គម្រោង​ដឹក​ជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ។

ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​គ្រោង​នឹង​បន្ត​ធ្វើ “​រឿង​អស្ចារ្យ​” បន្ថែម​ទៀត​សម្រាប់​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ