រាជធានីភ្នំពេញ ៖ ស្ត្រីរងគ្រោះម្នាក់បានជិះម៉ូតូទៅទិញសាច់គោដើម្បីធ្វើម្ហូបលុះត្រឡប់មកវិញបម្រុងនឹងបត់ចូលផ្ទះ ត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៨ មីនា នៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយយោធាឆ័ត្រយោង៩១១ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ តុន គារ ភេទស្រី អាយុ៤៧ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9066 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារកំបូលគោលបំណងទៅទិញសាច់គោយកមកធ្វើម្ហូប ខណៈពេលទិញរួចហើយបានជិះម៉ូតូត្រឡប់មកផ្ទះវិញជិតដល់ផ្ទះ ហើយបម្រុងនឹងបត់ចូលផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងស្រែកឲ្យគាត់ឈប់ ភ្លាមៗនោះជនសង្ស័ម្នាក់ជិះខាងក្រោយបានយកកាំភ្លើងខ្លីទៅភ្ជង់រួចស្រែកតិចៗថា «កុំមាត់ ហ៊ានតែស្រែកគេបាញ់ឥឡូវ» ជនសង្ស័យដែលកាន់កាំភ្លើងបានយកកូនសោម៉ូតូពីគាត់ហើយជិះចេញទៅទាំង២នាក់បាត់ គាត់រត់ចូលផ្ទះអ្នកជិតខាងដែលនៅខាងត្បូងផ្ទះគាត់ទាំងសភាពភ័យខ្លាចយ៉ាងខ្លាំង ។
ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែក្មេងៗអាយុត្រឹម២០ឆ្នាំចុះ ក្រោម ឬលើសតិចតួចប៉ុណ្ណោះ ។ ជនរងគ្រោះនិយាយទាំងសោកស្តាយថា ម៉ូតូរបស់គាត់ទើបនឹងទិញបាន២ខែ មិនហ៊ានជិះទៅឆ្ងាយផងទើបតែជិះបានជិតៗប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំបូលដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ