ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹង​ត្រង់ ក្រូចឆ្មារ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ស្ពាន​ស្ទឹង​ត្រង់ ក្រូចឆ្មារ ដែល​គ្រោង​ចំណាយ​រហូត​ដល់​៥៧​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​នេះ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ស្ពាន​ស្ទឹង​ត្រង់ ក្រូចឆ្មារ ដែល​គ្រោង​ចំណាយ​រហូត​ដល់​៥៧​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​នេះ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។

លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា ការ​សាងសង់​ស្ពាន​នេះ​នឹង​ចំណាយ​រយៈពេល​បី​ឆ្នាំ និង​សាងសង់​ដោយ​ក្រុមហ៊ុន​សៀង​ហៃ ព្រមទាំង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វា​ង​ចូ​វ វ៉ា​ន​អាន ។

លោក​បន្ត​ថា ស្ពាន​នេះ​មាន​ប្រវែង​១.១៣១​ម៉ែត្រ និង​ផ្លូវ​ភ្ជាប់​នៅ​ត្រើយ​ខាងកើត ឬ​ទឹកដី​ស្រុក​ក្រូចឆ្មារ​មាន​ប្រវែង​៧៥០​ម៉ែត្រ និង​ត្រើយ​ខាងលិច​ស្ថិត​ក្នុង​ទឹកដី​ស្រុក​ស្ទឹង​ត្រង់ មាន​ប្រវែង​៣.០៨៩​ម៉ែត្រ ។

លោក​ថ្លែង​ថា ៖ « ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវ​ចេញពី​ក្រុង​កំពង់ចាម ទៅ​កាន់​ស្រុក​ស្ទឹង​ត្រង់​ផង​ដែរ ព្រោះថា បើ​យើង​មាន​ស្ពាន​ស្អាត​ហើយ តែ​ផ្លូវ​មិន​ស្អាត មិនល្អ ក៏​មិន​សម​ស្រប​ដែរ » ។ លោក​បន្ត​ថា ៖ « រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូ​ទាំង​ប្រទេស ទោះ​ទៅ​ដល់​ទីណា ក៏​យើង​ឃើញ​មាន​ស្ពាន និង​ផ្លូវ​ថ្មី​ៗ​ខ្វាត់ខ្វែង​ផង​ដែរ » ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ថា ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជា​គម្រោង​វិនិយោគ​ធំ​ៗ​របស់​ជាតិ ហើយ​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​ត្រូវការ​ថវិកា​កម្រិត​ទ្វេ​ដង​ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រោះ​ជា​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ទ្វេ​ដង​បន្ថែម​ទៀត ។

លោក​ថ្លែង​ថា ៖ « ប្រសិនជា​រាជរដ្ឋាភិបាល មិន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មិន​កើនឡើង​បន្ថែម​ទៀត​ទេ គឺ​អាច​នៅ​កម្រិត​៧% ឬ​ទាប​ជាង​នេះ » ។ លោក​បន្ត​ថា ៖ « ហេដ្ឋារចនាសម្ព័ន្ធ​មាន​សារសំខាន់​ណាស់​សម្រាប់​ជាតិ​ទាំងមូល ហេតុនេះ​ទើប​ប្រទេស​នានា​ចំណាយ​ថវិកា​ជា​ច្រើន​លើ​វិស័យ​នេះ ដើម្បី​រុញ​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​កម្រិត​ថ្មី​មួយទៀត » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​គិតគូរ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ប៉ុន្តែ​ល្បឿន​យឺត​នៅឡើយ ។ ហេតុនេះ លោក​សំណូមពរ​ឲ្យ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ ព្រោះ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ ដែល​ពិបាក​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ព្រោះ​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​មាន​តម្លៃ​ថ្លៃ ។

លោក​ថ្លែង​ថា ៖ « ចង់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន និង​ទាក់ទាញ​វិនិយោគិន​បន្ថែម​ថ្មី​ៗ កម្ពុជា​ត្រូវ​រៀបចំ​ខ្លួន​ជា​មុន ជា​ពិសេស ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វិនិយោគិន​ទាំងនោះ » ។ លោក​បន្ត​ថា ៖ « ហេដ្ឋារចនាសម្ព័ន្ធ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​របស់​កម្ពុជា ដូច​ជា អគ្គិសនី​ថ្លៃ​ខ្ពស់​និង​មិន​មានគុណ​ភាព ការ​ដឹក​ជញ្ជូន​ថ្លៃ និង​បរិយាកាស​វិនិយោគ​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅឡើយ » ៕