ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​រៀបចំ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ក្នុង​គោលដៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ សេវាកម្ម និង​សុវត្ថិភាព​ម្ហូបអាហារ​ជាដើម ។

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ក្នុង​គោលដៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ សេវាកម្ម និង​សុវត្ថិភាព​ម្ហូបអាហារ​ជាដើម ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា​ថា ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​បាន​ធ្វើ​កន្លង​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ទេ​។ ពេល​នេះ​ក្រសួង​ជំរុញ​ឲ្យ​រមណីយដ្ឋាន​នានា​គោរព​តាម​ស្តង់ដា​ច្បាស់លាស់ ទាំង​សេវាកម្ម អនាម័យ សុវត្ថិភាព​ចំណីអាហារ ព្រមទាំង​រៀបចំ​ឲ្យ​មាន​ភាព​ទាក់ទាញ​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖ « អាជ្ញាធរ​ថ្នាក់​រាជធានី​-​ខេត្ត មន្ទីរ​ជំនាញ​និយាយ​ពី​កង្វះខាត​ថវិកា​សម្រាប់​វិនិយោគ ឬ​រៀបចំ​រមណីយដ្ឋាន​ទាំងនោះ​ឲ្យ​ល្អ​ប្រសើរ ប៉ុន្តែ​ការ​ពិត​អាជ្ញាធរ​មូលដ្ឋាន​អាច​រៀបចំ​បាន​តាម​រយៈ​ការ​សហការ​ជាមួយ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​រួម​គ្នា ឬ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ជួយ ហើយ​សំខាន់​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​នានា​ឲ្យ​បាន​ល្អ » ។

លោក​បន្ត​ថា ៖ « មន្ទីរ​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​អាច​លើក​សំណើ​មក​ក្រសួង ប្រសិនជា​ពួក​គេ​ចង់​ឈ្វេងយល់​ពី​ការ​គ្រប់គ្រង​រមណីយដ្ឋាន​បែប​ណា ពួក​គេ​អាច​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​១​ខែ​ឬ​២​ខែ នឹង​យល់​ដឹង​ច្រើន និង​យក​បទ​ពិសោធន៍​ទាំងនោះ​មក​អនុវត្ត​នៅ​កម្ពុជា » ។

កម្មវិធី​ប្រឡងប្រណាំង​រមណីយដ្ឋាន​នេះ នឹង​ប្រកាស​លទ្ធផល​នៅ​ខែវិច្ឆិកា​ខាង​មុខ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា ការ​រៀបចំ​ចលនា​ប្រឡងប្រណាំង​បែប​នេះ​ជា​ការ​ល្អ ដែល​ស្តង់ដា​របស់​អាស៊ាន​បាន​ចែង​អំពី​ក្រម​សុខាភិបាល ព្រោះ​ពួក​គេ​បារម្ភ​ពី​គុណភាព​ម្ហូបអាហារ ហើយ​បញ្ហា​ម្ហូបអាហារ​នៅ​កម្ពុជា អាជ្ញាធរ​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​ជា​ប្រចាំ​ផង​ដែរ​។ លោក​បន្ត​ថា ក្រសួង​រៀបចំ​ចលនា​ប្រឡងប្រណាំង​នេះ គឺជា​ការ​លើកទឹកចិត្ត​ម្ចាស់​អាជីវកម្ម​ពង្រឹងគុណភាព​ធនធានមនុស្ស និង​ជំនាញ​ជាក់លាក់​ក្នុង​វិស័យ​នេះ​ឲ្យ​មាន​ស្តង់ដា​មួយ ។

លោក​បន្ត​ថា រមណីយដ្ឋាន​នានា​គួរ​រៀបចំ​សេវាកម្ម​ឲ្យ​មាន​ស្តង់ដា ឧទាហរណ៍ សម្លកកូរ ត្រូវ​មាន​ស្តង់ដា​មួយ​ថា ត្រូវ​ដាក់​បន្លែ​អ្វី ដាក់​សាច់​អ្វី មិនមែន​ចេះ​តែ​ដាក់​តាម​ការ​នឹកឃើញ ហើយ​ហៅ​ថា សម្លកកូរ​នោះ​ទេ ។ លោក​បន្ត​ថា ថវិកា​សម្រាប់​រៀបចំ​ការងារ​នេះ រាជរដ្ឋាភិបាល​បាន​បែងចែក​ទៅ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ​រួច​ហើយ ប៉ុន្តែ​បញ្ហា​គឺ​អាជ្ញាធរ​ខេត្ត​នានា​ហាក់ដូចជា​ដេក​លក់ ដែល​ធ្វើ​ឲ្យ​អនាម័យ​នៅ​តាម​រមណីយដ្ឋាន​បាត់បង់​ការ​គ្រប់គ្រង និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទីបំផុត គឺ​បាត់បង់​ចំណូល​ទាំងអស់​គ្នា ។

លោក ហូ វ​ណ្ឌី បន្ត​ថា ៖ « ប្រសិនជា​រមណីយដ្ឋាន​នានា​យក​ខ្នាត​ដែល​ក្រសួង​បាន​រៀបចំ និង​មានការ​តាមដាន​ជាក់លាក់ លោក​ជឿ​ថា រមណីយដ្ឋាន​នានា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន ហើយ​ជួយ​ភ្ញោ​ច​គំនិត​ម្ចាស់​អាជីវកម្ម រួម​ទាំង​អ្នកទេសចរ​កាន់តែ​សកម្ម​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​នេះ » ៕