រាជធានីភ្នំពេញ៖ ថៅកែកំពង់ចម្លងព្រែកលៀប ចុងកោះដាច់ ដែលល្បីឈ្មោះខាងកាប់ឆៅ ទារប្រាក់ថ្លៃឆ្លងថយន្តលើសសៀវភៅបន្ទុក បានផ្ទុះបាតុភាពជាថ្មី កាលពីយប់ថ្ងៃទី៦ ខែមីនា ដោយទារប្រាក់រថយន្តដឹកដែកមួយគ្រឿង ១៥០ដុល្លារ ព្រមទាំងមានទំនាស់ពាក្យសម្ដីគ្នា ជាមួយអ្នកកាសែតដែលបានចុះទៅថត និងសួរនាំផងដែរ។ នេះជាបាតុភាពថ្មីមួយទៀតក្នុងចំណោមបាតុភាពជាច្រើន ដែលក្នុងនោះ កន្លងមក ក៏ធ្លាប់បានផ្ទុះបាតុភាពជាមួយអ្នកនាង ខាត់ សុឃីម ជាអ្នកចម្រៀង ដោយទារថ្លៃរថយន្តដឹកសម្ភារសំអាងការក្នុងជើង ១០០ដុល្លារផងដែរ។
បន្ទាប់ពីផ្ទុះបាតុភាព នៅព្រឹកថ្ងៃទី៧ ខែមីនាលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានបញ្ជាឲ្យអភិបាលរង កោះហៅម្ចាស់អាជីកម្មកំពង់ចម្លង មកព្រមាន និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យទារប្រាក់ពីអ្នកធ្វើដំណើរលើសពីសៀវភៅបន្ទុក ឬភាសាសមញ្ញ ហៅថាកាប់ឆៅនោះ តាមទំនើងចិត្តបែបនេះទៀតទេ។ តាមព័ត៌មានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានរថយន្តស្ទូច ដឹកដែកចំណុះ៥តោនមួយគ្រឿងមកឆ្លងនៅកំពង់ចម្លងព្រែកលៀប ទៅចុងកោះដាច់ ដែលមានទីតាំងនៅក្បែរអតីតសណ្ឋាគារ ឆាយហុង ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ស្រាប់តែថៅកែកំពង់ចម្លងបានទារថ្លៃឆ្លង ១៥០ដុល្លារ ដែលថ្លៃហួសហេតុ ដោយម្ចាស់ដចាត់ទុកថារថយន្តនោះមិនបានចែងនៅក្នុងសៀវភៅបន្ទុក។ ខណៈនោះ ម្ចាស់រថយន្តក៏បានទូរស័ព្ទទៅម្ចាស់ដែកសុំជួប ដើម្បីសុំចុះតម្លៃ ហើយម្ចាស់កំពង់ចម្លងរូបនោះមិននិយាយរកដោយប្រាប់ថា ជាប់រវល់ និងបានប្រើសម្ដីមិនសមរម្យទៀត។ តាមព័ត៌មានបានឲ្យដឹងទៀតថា នៅយប់នោះ អ្នកសារព័ត៌មានក៏បានទៅសួរនាំ និងថតទិដ្ឋភាពកំពង់ចម្លង និងស្លាកសសេរតារាងតម្លៃ ក៏បានផ្ទុះបាតុភាពដោយ ម្ចាស់កំពង់ចម្លងបានហៅបងប្អូន ស្ទុះមកប្រតាយចាប់យកម៉ាស៊ីនថត និងថតអ្នកព័ត៌មានវិញ។
គួរបញ្ជាក់ថា កន្លងមកកំពង់ចម្លងនេះ ល្បីឈ្មោះខ្លាំងណាស់ខាងកាប់ឆៅ ដោយទារតម្លៃយកលើលសៀវភៅបន្ទុក។ ចំណែករថយន្តដែលមិនមាននៅក្នុងសៀវភៅ គឺទារតាមចិត្ត និងធ្វើឲ្យផ្ទុះបាតុភាពជាច្រើនលើកច្រើនសារមកហើយ ដូចជារឿងរថយន្តអ្នកចម្រៀង ខាត់ សុឃីម រឿងផ្ញើមាន់យកមាន់គេស៊ីអស់ ពេលគេសួរនាំ ថាស្អុយបោះចោល និងរថយន្តដឹកខ្មោច មិនដឹកទេ ដោយទារថ្លៃកប់ពពក។ ក្រៅពីនោះនៅមានរថយន្តដឹកដែក គ្រឿងសំណង់ ជាច្រើនឲ្យតែមិនមានក្នុងសៀវភៅ យកលេសទារតាមចិត្តដែលបង្កឲ្យផ្ទុះបាតុភាពជាច្រើនលើកមកហើយ។
ទន្ទឹមនោះដែរ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានហៅព្រមាន និងធ្វើកិច្ចសន្យាជាច្រើនលើកមកហើយ តែម្ចាស់នៅតែមិនគោរព និងបង្កឲ្យមានការថ្មាំងថ្នាក់ជាញឹកញាប់។ កន្លងមកលោក ឃ្លាំង ហួត ធ្លាប់ណែនាំ ឱ្យម្ចាស់អាជីវកម្មទាំងអស់ធ្វើកិច្ចសន្យាបញ្ឈប់ការទារលុយលើសពីសៀវភៅបន្ទុក ដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានកំណត់តម្លៃ និងតម្រូវឱ្យម្ចាស់កំពង់ចម្លងនីមួយៗធ្វើស្លាកប៉ាណូបិទតារាងតម្លៃនៅកំពង់ចម្លង។
ការចម្លងរាល់ថ្ងៃត្រូវអនុវត្តទៅតាមពេលវេលាកំណត់ដោយចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង៨និង៣០នាទីយប់ ប៉ុន្តែបើមានករណីបន្ទាន់ដូចជាស្ត្រីឈឺពោះឆ្លងទន្លេ ប្រជាពលរដ្ឋ ឈឺថ្កាត់យប់ព្រលប់ រថយន្តដឹកសពត្រូវជួយចម្លងដោយមិនឱ្យឆ្លៀតឱកាសយកលើសតម្លៃឡើយ តែនៅតែគ្មានប្រសិទ្ធិភាព។ នៅក្នុងតារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ថា រថយន្តមធ្យមឆ្លងម្តង១ម៉ឺនរៀល រថយន្តតូច៦ពាន់រៀល រទេះសេះ២ពាន់រៀល មនុស្សម្នាក់ម៉ូតូ១គ្រឿង១០០០រៀល កង់១មនុស្សម្នាក់៧០០រៀល គោ ក្របី សេះ ២០០០រៀល សម្ភារ១០០គីឡូក្រាម៥០០រៀល អង្ករ១បាវ៣០០រៀល៕
ចែករំលែកព័តមាននេះ