ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះទូក​ទៅ​រាយ​មង ភ្លាត់ស្នៀត​ធ្លាក់ទឹក​លង់​ស្លាប់…!

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ដែល​មានមុខ​រប​ជា​អ្នកនេសាទ បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ស្រវឹងស្រា ហើយ​ជិះទូក​ទៅ​រាយ​មង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០៧ មីនា

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ដែល​មានមុខ​រប​ជា​អ្នកនេសាទ បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ស្រវឹងស្រា ហើយ​ជិះទូក​ទៅ​រាយ​មង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០៧ មីនា នៅ​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្ថិត​ក្នុងភូមិ​កំពង់​ប្រហុក ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿ​ន សល់ អាយុ​៣៣​ឆ្នាំ មានមុខ​រប​ជា​អ្នកនេសាទ រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង​។ អ្នកនេសាទ​រូប​នេះ​បាន​ជិះទូក​ទៅ​រាយ​មង ខណ​:​ដែល​ខ្លួន​ស្រវឹងស្រា​ជោគ​ជាំ លុះ​ពេល​កំពុង​រាយ​មង ស្រាប់តែ​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ទូក​ហែល​មិន​រួច​ក៏​លង់ទឹក​ស្លាប់​តែ​ម្ដង​។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​រអិល​ធ្លាក់​ពីលើ​ទូក​លង់​ស្លាប់​ភ្លាម​ៗ ហើយ​ក្រុម​គ្រួសារ​បានដឹង​នៅ​ពេល​បាត់​ជន​រង​គ្រោះ​មិនឃើញ​ត្រលប់​មក​ផ្ទះ​។ អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាត់​ស្ងាត់ឈឹង​បែប​នេះ គេ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ជិះទូក​ទៅ​រក​កន្លែង​ព្រែក​ដែល​ជន​រង​គ្រោះ​តែង​ទៅ​រាយ​មង ស្រាប់តែ​ឃើញ​ទូក​តែ​បាត់​មនុស្ស​។ អ្នក​ភូមិ និង​សាច់ញាតិ​សង្ស័យ​ថា ជន​រង​គ្រោះ​ប្រាកដជា​ធ្លាក់ទឹក ហើយ​អាច​លង់​ស្លាប់​ទៀត ទើប​នាំ​គ្នា​រាវរក​រហូត​ដល់​វេលា​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ មីនា ទើប​ប្រទះ​ឃើញ​សាកសព និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​លំនៅ​ឋាន រីឯ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ​ផង​ដែរ ដើម្បី​ស្វែងរក​មូលហេតុ ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​។ ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ មន្ត្រី​ជំនាញ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕