ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​៤​ថ្ងៃ ឃាត់ខ្លួន​មនុស្ស​៧​នាក់​ដកហូត​គ្រឿងញៀន​៩​កញ្ចប់

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន តាម​បែប​ភ្លៀងរលឹម​ដោយនៅ​ក្នុង​រយៈពេល​៤​ថ្ងៃ

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន តាម​បែប​ភ្លៀងរលឹម​ដោយនៅ​ក្នុង​រយៈពេល​៤​ថ្ងៃ គឺ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​បាន​ចំនួន​៧​នាក់ និង​ដកហូត​បាន​គ្រឿង ញៀន​ប្រភេទ​ម៉ា​ទឹកកក បាន​ចំនួន​៩​កញ្ចប់​រួម​ជាមួយ​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន និង​សម្ភារ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​។

ការ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នោះ គឺ​ធ្វើ​ឡើង​ដោយ​ការ​ល្បាត​ពួនស្ទាក់​បទល្មើស និង​ការ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​ប្រាប់​ដោយ​ពួក​គាត់​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ នគរបាល​បាន​ឲ្យ​ដឹង​ថា លើក​ទៅ​១ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ ឃាត់ខ្លួន​បាន​ម្នាក់ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​២​កញ្ចប់ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

ជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ប៊ុ​ន រិ​ទ្ធី ហៅ​ឡូញ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​បែក​ចាន​។ បន្ទាប់​ពី​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ចំពោះ​ថ្នាំ​ញៀន​ខ្លួន ទិញ​ពី​ឈ្មោះ ស៊ុន វិបុល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ នគរបាល​ដដែល​បាន​បន្ត​ថា លើក​ទី​២ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែមីនា កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ទៀត នៅ​តាម​ផ្លូវលំ ស្ថិ​នៅ​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​ស​ង្ស័​ទាំង​៣​នាក់​នោះ​១-​ឈ្មោះ សុង សូ​យ  ភេទ​ប្រុស​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ទូរ​សព្ទ័​ដៃ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ២-​ឈ្មោះ ភឹ​ម ជំនាញ ហៅ ពា​ញ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរប​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ៣-​ឈ្មោះ ផ​ន សុធា​នី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស្នាក់​នៅ​ក្នុងភូមិ​អង្គស្នួល ទី​៣-​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ក្រោយ​ចាប់ខ្លួន​កម្លាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៤​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់ ព្រមទាំង​ថង់​សម្រាប់ ច្រកថ្នាំ​មួយ​ចំនួន និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ជនសង្ស័យ​ឈ្មោះ សុង សូ​យ បាន​សារភាព​ថា ខ្លួន​បាន​បង់លុយ​ទៅ​ឲ្យ​ឈ្មោះ ផ​ន សុធា​នី ក្នុង​១​ខែ​ចំនួន​១​លាន​រៀល ដើម្បី​កុំ​ឲ្យ​រាយ​ការ​ប្រាប់​សមត្ថកិច្ច​មិនតែប៉ុណ្ណោះ ឈ្មោះ​នេះ​បាន​ទិញ​ថ្នាំ​ញៀន​ពី​ខ្លួន​យក​ទៅ​ប្រើប្រាស់​រហូត​។

ចំណែក​ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទិញ​ពីមុខ​សញ្ញា​ជួញដូរ​មិន​ស្គាល់ឈ្មោះ​ម្នាក់ នៅ​ម្តុំ​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ យក​ទៅ​លក់​បន្ត​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ផ​ន សុធា​នី  បាន​សារភាព​ថា ខ្លួន​ពិតជា​ទទួល​លុយ​ដាក់​ខែ​ពី​ឈ្មោះ សុង សូ​យ មែនហើយ​ក៏​បាន​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​នោះ​យក​ទៅ​ប្រើប្រាស់ រយៈពេល​១​ឆ្នាំ​មក ហើយ ព្រមទាំង​បាន​ទិញ​ថ្នាំ​ញៀន​ជំពាក់ សុង សូ​យ នេះ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា លើក​ទី​៣​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា កម្លាំង​បាន​បន្ត​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​តាម​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ សួរ នៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ និង​បាន​ដកហូត​បាន​ម៉ា​ទឹកកក​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​ក្រហម លាយ​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1R-2032​។ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​១​កញ្ចប់​នោះ​ក្នុង​តម្លៃ​២​ម៉ឺន​រៀល​ដើម្បី​ប្រើប្រាស់​។ លើក​ទី​៤​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​៦​ដដែល​នោះ កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប​បាន​មួយ​ករណី ទៀត ឃាត់ខ្លួន​បាន​ម្នាក់​នៅ​តាម​ផ្លូវលំ ខាងក្រោយ​ផ្សារ​ថ្នល់ទទឹង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ឈ្មោះ ចាន់ សា​វុ​ធ ហៅ​ពៅ ភេទ​ប្រុស​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដកហូត​បាន​ម៉ា​ទឹកកក​១​កញ្ចប់​តូច លុយ​ចំនួន​២៨០០០​រៀល ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ណូ​គា​ចុច​ពិល ហើយ​ជន​នោះ​បាន​សារភាព​ថា​ថ្នាំ​ញៀន​នេះ ខ្លួន​បាន​ទៅ​ទិញ​ពី​អ្នកលក់​នៅ​ក្បែរ​រោងចក្រ​ឆ្នាំង​ក្នុង សង្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា លើក​ទី​៥​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៧ កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា  ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

ជន​នោះ​មានឈ្មោះ ភឺន មេ​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ដកហូត​បាន​ម៉ា​ទឹកកក​១​កញ្ចប់​មធ្យម រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់ និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ក្រោយ​ពេល​ចាប់ខ្លួន​ជន​នោះ បាន​សារភាព​ថា ចំពោះ​ថ្នាំ​ញៀន​នោះ ខ្លួន​បាន​ទិញ​ពីមុខ​សញ្ញា​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ភ្នំពេញ​- ប៉ោយ​បែ​ត ក្នុង​តម្លៃ​១០​ម៉ឺន​រៀល​យក​មក​លក់​បន្ត​។ ពេល​នេះ​ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ហើយ​៕