ខេត្តកណ្ដាល ៖ អាជ្ញាធរស្រុកកោះធំរយៈពេលពីរថ្ងៃជាប់គ្នាគឺចាប់ពីថ្ងៃទី៧ និង៨ មីនា បានដឹកនាំកងកម្លាំងចម្រុះចុះទៅបណ្ដេញទូកនេសាទខុសច្បាប់ ចាម យួន ជាងមួយរយទូកឱ្យចេញពីចំណុចអន្លង់អភិរក្សពូជត្រី អតីតឡូត៍នេសាទលេខ៩ ក្នុងភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ។ ការបណ្ដេញអ្នកនេសាទឱ្យចេញពីចំណុចហាមឃាត់នេសាទនេះសមត្ថកិច្ចចម្រុះ និងអ្នកនេសាទបានប៉ះទង្គិចគ្នាដោយពាក្យសម្ដី ក្រុមអ្នកនេសាទប្រុងប្រើអំពើហិង្សាមកលើសមត្ថកិច្ចចម្រុះ ប៉ុន្តែត្រូវបានសម្របសម្រួលគ្នាត្រូវចេញ ហើយចូលមកវិញ ។
លោកនាយខណ្ឌរដ្ឋបាលជលផលស្រុកកោះធំបានប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក មាន ដាវីន អភិបាលរងស្រុក និងមានការចូលរួមពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកោះធំចំនួន៦នាក់ នគរបាលវរៈ ៦០៥ ចំនួន៥នាក់ កម្លាំងវរៈ៦០១ ចំនួន៥នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន២នាក់ រដ្ឋបាលជលផលចំនួន៥នាក់ សហគមន៏ឡូត៍នេសាទចំនួន៦នាក់ ។ ជាលទ្ធផលនៅថ្ងៃទី៧ មីនា បានចាប់យកមងរាយប្រវែង១.៧០០ម៉ែត្រ រុះរើចម្រាស់បាន២កន្លែង រុះរើបង្គោលចំនួន៦៧ដើម និងបានបណ្ដេញទូកជនជាតិ ចាម វៀតណាម ខ្មែរ ចំនួន១០៥គ្រឿងដោយប្រើប្រាស់ឧបករណ៍ក្នុងការធ្វើនេសាទដោយ មង សំណាញ់ ចម្រាស់ឱ្យចេញពីកន្លែងអភិរក្សពូជត្រី ។
លោកនាយខណ្ឌបានឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីបណ្ដេញចេញពីកន្លែងអភិរក្សបានតែមួយយប់នៅព្រឹកថ្ងៃទី៨ មីនា ទូកអ្នកនេសាទ ជនជាតិចាមចំនួន៨០ទូក បានចូលមកនេសាទនៅកន្លែងហាមឃាត់នេះបន្តទៀត ដោយមិនខ្លាចកម្លាំងចម្រុះទេ និងបានជេរប្រមាថមកលើកងកម្លាំងសមត្ថកិច្ច ព្រមទាំងបានប្រមូផ្ដុំទូកឡោមព័ទ្ធសមត្ថកិច្ចចម្រុះ ប្រុងប្រើអំពើហិង្សាមកលើកងកម្លាំងថែមទៀត ។ ប៉ុន្តែដោយសមត្ថកិច្ចមានគ្នាច្រើន និងមានការសម្របសម្រួលត្រូវ គ្នាក្រុមអ្នកនេសាទក៏បានយល់ព្រមចាកចេញពីកន្លែងហាមឃាត់នេសាទនេះដែរ ។
លោកនាយផ្នែកបានលើកឡើងថា ការហាមឃាត់ និងបណ្ដេញអ្នកនេសាទមិនឱ្យចូលមកនេសាទនៅកន្លែងអភិរក្សពូជត្រីនេះពិតជាមានការលំបាកខ្លាំងណាស់ ពេលអាជ្ញាធរចុះទៅ ពួកគាត់ចាកចេញ ពេលអាជ្ញាធរចាកចេញពួកគាត់មកវិញ ទូកនេសាទចូលមកវិញគឺក្រុមអ្នកនេសាទមិនស្ដាប់ការពន្យល់ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញនោះទេ ជាពិសេសទូកនេសាទចាមតែម្ដងមិនខ្លាចសមត្ថកិច្ចទាល់តែសោះ ។ កន្លែងអន្លង់អភិរក្សពូជត្រីនេះបើមិនមានការយាមកាមឱ្យបានជាប់លាប់ជាប្រចាំទេត្រី និងថយចុះឈានទៅផុតពូជ ព្រោះបឹងកាន់តែរាក់ ទឹករីង រាល់ឆ្នាំនៅសល់តែតំបន់អភិរក្ស មានទឹកជ្រៅអាចបន្តពូជត្រីបានបន្តទៀត ៕
ចែករំលែកព័តមាននេះ