ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​សហគ្រិន​ជា​ស្ត្រី​ជាង​30​ម៉ឺន​នាក់ ខណៈ​សហគ្រាស​មាន​ជាង​50​ម៉ឺន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន នៅ​កម្ពុជា​មាន​សហគ្រាស​ជាង​៥០​ម៉ឺន​ដែល​កំពុង​ដំណើរ​អាជីវកម្ម ក្នុង​នោះ​មាន​សហគ្រិន​ជា​ស្ត្រី​ជាង​៣០​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​អះអាង ។

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន នៅ​កម្ពុជា​មាន​សហគ្រាស​ជាង​៥០​ម៉ឺន​ដែល​កំពុង​ដំណើរ​អាជីវកម្ម ក្នុង​នោះ​មាន​សហគ្រិន​ជា​ស្ត្រី​ជាង​៣០​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​អះអាង ។

នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៦ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃ​ទី​៦ មីនា កន្លង​មក លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហគ្រិន​ជា​ស្ត្រី​មាន​ចំនួន​ច្រើន ប៉ុន្តែ​ប្រាក់​ចំណូល​តិច​ជាង​បុរស  ដោយសារ​អាជីវកម្ម​របស់​ស្ត្រី​មាន​លក្ខណៈ​ខ្នាត​តូច និង​មធ្យម ហើយ​គ្មាន​ភាព​អង់អាច​ក្លាហាន​មក​រៀនសូត្រ​បន្ថែម​នៅ​សង្គម​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​គាត់​នៅ​តែ​ខ្នាត​តូច និង​មធ្យម​ដដែល ។

លោកស្រី​ថ្លែង​ថា ៖ « មាន​បញ្ហា​ជា​ច្រើន​ដែល​ស្ត្រី​ជា​សហគ្រិន​មិន​អាច​រីក​ធំ​បាន​ដូច​ទស្សនៈ​ថា ស្ត្រី​មិន​អាច​វិល​ចង្ក្រាន​ជុំ និង​គំនាប​ប្រពៃណី​ជាដើម » ។ ទោះបី​យ៉ាងណា លោកស្រី​ថា ៖ « ការ​បង្កើត​សមាគម​ស្ត្រី​ឡើង​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ស្ត្រី​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​នានា » ។

តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ លោកស្រី ចាន់ ល​ក្ខិ​ណា ថ្លែង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ត្រី​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន ព្រោះថា ដោយសារ​កម្ពុជា​មានការ​អភិវឌ្ឍ ដូច្នេះ ស្ត្រី​ត្រូវ​តែ​ចូលរួម​ជា​ចាំបាច់ ។ ជាក់ស្តែង នៅ​ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​តែ​ម្តង ដែល​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី ។ លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន ក្នុង​សង្គម​ខ្មែរ​កំពុង​តែ​ឈប់​និយាយ​ពាក្យ​ថា «​ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ​» ទៀត​ហើយ ។

លោកស្រី ជា សុខ​លាង ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍ និង​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​សម្រាប់ WED មាន​ប្រសាសន៍​ថា ៖ « យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​ទទួល​បានការ​ចូលរួម​ពី​វាគ្មិន​ទាំង​បី​របស់​យើង ហើយ​យើង​សង្ឃឹមថា អ្នកចូលរួម​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ល្អ​ៗ​ពី​វាគ្មិន​ផង​ដែរ » ។

លោកស្រី Michelle Lau នាយក​ប្រតិបត្តិ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (PPCC) ថ្លែង​ថា ៖ «​កម្មវិធី​ថ្ងៃនេះ យើង​ជឿជាក់​ថា បាន​ផ្តល់​ឱកាស​សម្រាប់​ស្ត្រី​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ​របស់​ពួក​គាត់ គឺជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​បំផុសទឹកចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត​ឲ្យ​មាន​សេចក្តី​ក្លាហាន និង​តស៊ូ​រាល់​ការ​លំបាក​ក្នុង​កិច្ច​ការងារ​របស់​ខ្លួន​ដើម្បី​ឈាន​ដល់​ចំណុច​ជោគជ័យ​មួយ​» ៕