ខេត្តប៉ៃលិន ៖ លោក កើត សុធា អភិបាលខេត្តមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំកន្លងទៅខណៈខេត្តប៉ៃលិនមិនទាន់មានសាលាដំបូងនៅឡើយគឺមានផលលំបាកយ៉ាងខ្លាំង ជាពិសេសពេលមានរឿងរ៉ាវម្តងៗប្រជាពលរដ្ឋត្រូវចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរទៅខេត្តបាត់ដំបង ទើបក្រោយមករាជរដ្ឋាភិបាលបានរៀបចំបង្កើតឱ្យមានតុលាការនៅក្នុងខេត្តនេះផ្ទាល់ទើបបង្កភាពងាយស្រួល ។
នេះជាការលើកឡើងរបស់លោក កើត សុធា ក្នុងពិធីប្រកាសតែងតាំង និងកាន់មុខតំណែងថ្មីរបស់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី៧ មីនា ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការចូលរួមជាច្រើននាក់ផងដែរ ។
លោក កើត សុធា បន្តទៀតថា វិស័យតុលាការជាយន្តការដ៏មានសារសំខាន់បំផុតនៅក្នុងសង្គម ព្រោះប្រជាពលរដ្ឋតែងតែមានករណីទំនាស់វិវាទរវាងគ្នានិងគ្នា លុះខាងអាជ្ញាធរមូលដ្ឋានដោះស្រាយមិនចេញក៏បន្តទៅតុលាការឱ្យជួយដោះស្រាយ ។ លោកថ្លែងអំណរគុណដល់លោក ជុំ សែនសទ្ធា អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលបានរួមចំណែកក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។ តែសូមឱ្យព្រះរាជអាជ្ញាថ្មីទើបនឹងឡើងកាន់តំណែងដឹកនាំឱ្យបានល្អដោយអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពផងដែរ ។
លោកបានសង្កត់ធ្ងន់ថា សុំឱ្យមានការសហការដូចជាព្រះរាជអាជ្ញាមុន ពោលគឺឱ្យជញ្ជីងរបស់តុលាការថ្លឹងឱ្យបានស្មើនៅចំកណ្តាល មិនត្រូវលំអៀងទៅខាងណាមួយនោះឡើយ ហើយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួនដែរត្រូវការពារប្រយោជន៍សាធារណៈ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ។
ចំណែកលោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងនាមជាចៅក្រម ព្រះរាជអាជ្ញាត្រូវតែយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មានសមភាព យុត្តិធម៌ ហើយព្រះរាជអាជ្ញា និងចៅក្រម ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជឿទុកចិត្តមិនត្រូវប្រព្រឹត្តអំពើពុករលួយ និងត្រូវចេះការពារកិត្តិយសរបស់ខ្លួនឱ្យបានល្អដើម្បីឱ្យស្ថាប័នតុលាការកាន់តែមានភាពសុក្រិត្យ និងជឿទុកចិត្តពីសំណាក់មហាជន ។
សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌បានតែងតាំងលោក តូច សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងឱ្យទៅជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ហើយតែងតាំងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យឱ្យទៅជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិនផងដែរ ។ ចំណែកលោក ជុំ សែនសទ្ធា អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនត្រូវបានផ្ទេរមុខតំណែងឱ្យទៅបម្រើការងារជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ