ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​មួយ ទាមទារ​ឱ្យ​តុលាការខេត្ត​ជួយ​រក​យុត្តិធម៌

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្រុម​គ្រួសារ​របស់​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ដេក​សន្លប់​បាត់ស្មារតី​រហូត​ទៅ​ដល់​៣​ថ្ងៃ និង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​នោះ

ខេត្តកណ្ដាល ៖ ក្រុម​គ្រួសារ​របស់​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ដេក​សន្លប់​បាត់ស្មារតី​រហូត​ទៅ​ដល់​៣​ថ្ងៃ និង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​នោះ នៅ​ក្នុង​អំពើរ​ហិង្សា​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កន្លង​មកនេះ​។ បាន​ធ្វើការ​ទាមទារ​ទៅ​ដល់​តុលា​រការ​ខេត្តកណ្តាល​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​ជន​រង​គ្រោះ ស្រប​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​ទាន់​មានការ​ដោះស្រាយ​បញ្ចប់រឿង​ផង ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ជន​ដៃដល់​ត្រូវ​បាន​លោក សាយ សម្ផស្ស​សិរី ចៅក្រម​របស់​តុលាការ​ខេត្តកណ្តាល​ធ្វើការ​ដោះ​លែង​ទៅ​វិញ​នោះ​។

បុរស​ម្នាក់​ឈ្មោះ ឃាង សេង​លី អាយុ ៤៤​ឆ្នាំ ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ប្អូនប្រុស​របស់​គាត់​មានឈ្មោះ ឃាង ឆេ​ង​ហុង ហៅ​ពៅ អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បុរស​ជា​ជន​ដៃដល់​មានឈ្មោះ នៅ សំ​កល់ អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កសិករ និង​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ជាមួយ​គ្នា​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ កន្លង​មកនេះ ប្អូនប្រុស​របស់​គាត់ និង​បុរស​ជា​ជន​ដៃដល់ រួម​ទាំង​មនុស្ស​ចំនួន ២​នាក់​ទៀត សរុបគ្នា​៤​នាក់ បាន​នាំ​គ្នា​ទៅ​ធ្វើការ​ផឹកស៊ី​នៅ​ក្នុងផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ សាន្ត រស់​។ ហើយ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា និង​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​បុរស​ជា​ប្អូនប្រុស​របស់​គាត់​ដួល​ធ្លាក់​ពីលើ​គ្រែ និង​សន្លប់​បាត់ស្មារតី​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រហូត​ដល់​៣​ថ្ងៃ ទើបបាន​ដឹងខ្លួន​វិញ​។

ក្រោយ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​គាត់​បញ្ជូន​ប្អូនប្រុស​រង​គ្រោះ​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​រួច​ហើយ លុះ​ព្រឹក​ឡើង​ទើបបាន​ទៅ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជន​ដៃដល់​ភ្លាម​ៗ​ផង​ដែរ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៧​នេះ ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជន​ដៃដល់​វិល​ត្រលប់​មក​នៅផ្ទះ​វិញ​ធ្វើ​ព្រងើយ​។

ដោយ​ទាំង​មិន​ទាន់​មានការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅឡើយ ហើយ​ម្យ៉ាងវិញទៀត​បុរស​រង​គ្រោះជា​ប្អូន​របស់​គាត់​ក៏​កំពុង​តែ​ស្ថិត​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដើម្បី​ធ្វើការ​ព្យាបាល​នៅឡើយ​នោះ​។ ដោយហេតុ​នេះ​ហើយ បានជា​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត និង​ជា​ពិសេស​គឺ​តុលាការ​ខេត្តកណ្តាល​តែ​ម្តង មេត្តា​ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជា​ក្រុម​គ្រួសារ​កសិករ និង​មាន​ជីវភាព​ក្រីក្រ​នេះ​ផង​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ដែរ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជន​ដៃដល់ និង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តកណ្តាល​រួច​ហើយ ដោយ​សុំ​ណុំ​រឿង​នេះ​មាន​លោក សាយ សម្ផស្ស​សេរី ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ជា​អ្នក​កាន់​។

តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​លែង​បុរស​ជា​ជន​ដៃដល់​នេះ​ដែរ គឺ​ត្រូវ​បាន​លោក​ចៅក្រម​អះអាង​ថា វា​ជា​រឿង​ទំនាស់ និង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិនជា​ចង់​ឲ្យ​លោក​ធ្វើការ​ចាប់ខ្លួន​ទាល់តែ​ចាប់​ទាំង​ពីរ​នាក់​តែ​ម្តង ដោយ​សម្អាង​លើ​ពាក្យ​ទាំងនេះ ទើប​លោក​ធ្វើការ​ដោះ​លែង​ជន​ដៃដល់​ឲ្យ​មាន​សេរីភាព​វិញ​នោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​លែង​ជន​ដៃដល់​ដែល​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ក្នុង​អំពើរ​ហិង្សា​ខាងលើ​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​របស់​យើង​សុំ​លេខ​ទូរស័ព្ទ​ពី​លោក​ចៅក្រម​ដែល​កាន់​សុំ​ណុំ​រឿង​នេះ ដើម្បី​ធ្វើការ​បំភ្លឺ​ដែរ តែ​ត្រូវ​បាន​លោក​ឆ្លើយ​ថា មិន​អាច​ផ្តល់​ឲ្យ​អ្នកកាសែត​បាន​ទេ ព្រោះ​ជា​លេខ​មេ​ៗ​ថ្នាក់់លើ​៕