ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចិន ២នាក់ មិនព្រមសារភាព ទទួលស្គាល់​ថា ខ្លួនជាចោរគាស់​ទូដែក​ តែតុលាការចោទ​ប្រកាន់ និងឃុំខ្លួន​!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំ​ខ្លួនបុរស​ជនសង្ស័យ ជាជនជាតិចិន ២នាក់ ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស…

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំ​ខ្លួនបុរស​ជនសង្ស័យ ជាជនជាតិចិន ២នាក់ ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស (គាស់ទូដែក ហាង​ពេជ្រ) ប្រព្រឹត្តនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅកោះពេជ្រ ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ បទចោទប្រកាន់នេះ ធ្វើឡើង តាមបញ្ញាត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យម្នាក់ ឈ្មោះ LIU YANPING ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុក​កំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ម្នាក់ទៀត ឈ្មោះ LI ZHANWU ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត នៅប្រទេសចិន និងមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ខុនដូ ម្តុំស៊ូល ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រកាស​ថា កាលពី​ម៉ោងប្រមាណ ១ និង ៥៤នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅ​អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី​គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាព​លួចគាស់ទូដែក យកប្រាក់ប្រមាណជាង ២៣​ម៉ឺនដុល្លារអាមេរិក និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបាន​គេចខ្លួនបាត់​។ ប៉ុន្តែ​សកម្មភាពទាំងនោះ ត្រូវបានថតជាប់ដោយកាំម៉ារ៉ាសុវត្ថិភាព​។

ក្រោយពេលស្រាវជ្រាវស៊ើបអង្កេតអស់ ៣សប្តាហ៍ អាវុធហត្ថ​ ខណ្ឌចំការមន បាន​ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ជាជនជាតិចិន ដូចមានឈ្មោះខាងលើនេះ​។ ក្នុងនោះ សមត្ថកិច្ចអាវុធហត្ថ ក៏បានស្រាវជ្រាវរកឃើញជនសង្ស័យទាំង ២នាក់ បានរក្សាទុកនូវខ្សែកលោហធាតុ ពណ៌ ស មានបណ្តោងដាំត្បូង ០១ខ្សែ និងក្រវិលលោហធាតុ ពណ៌ស មានដាំត្បូងមួយគូ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងជុំវិញ ០១វង់, ចិញ្ចៀនលោហធាតុ ពណ៌ស មានដាំត្បូង ០១វង់ និងបណ្តោងខ្សែក ពណ៌ស មានដាំត្បូងចំនួន0១ ដែលគ្រឿងអលង្ការទាំងនេះ សុទ្ធតែត្រូវបានចំណាំថា ជាវត្ថុដែល​ចោរលួចយកទៅ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។ វត្ថុតាងទាំងនោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ បានចាប់យក​វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត រួមមាន ៖ រថយន្ត០១ គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីនកាត់ដែក ០១គ្រឿង ពណ៌ក្រហម (ប៉ុស្តិ៍ផ្សារដែក), ដែកគាស់ចំនួន ០២ដើម, ម៉ូទ័រកាត់ចំនួន០១ និងសម្ភារៈមួយចំនួនទៀត ក្នុងនោះ មានទូរស័ព្ទ ០១គ្រឿងរបស់ជនសង្ស័យ គឺមានរូបថតគ្រឿងអលង្កាមួយកញ្ចប់ធំ​របស់ជនរងគ្រោះ ដែលនៅរកមិនទាន់ឃើញផងដែរ​។

​បើទោះបីជាមានវត្ថុតាងជាប់ខ្លួនច្រើនយ៉ាងនេះក៏ដោយ តែជនជាតិចិនទាំង ២​នាក់នេះ នៅតែមិនព្រមសារភាព ទទួល​កំហុសដាច់ខាត ដោយបដិសេធថា ខ្លួនមិនដឹងអ្វីទាំងអស់​។

ចុងក្រោយ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំងបទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនទាំង ២​នាក់ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។ តុលាការ ក៏បានចោទប្រកាន់ និងសម្រេចឃុំខ្លួន​បុរសជនជាតិចិនទាំងពីរនាក់ នៅពន្ធនាគាររង់ចាំការស៊ើបអង្កេតបន្ត​​៕ ​ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ