ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតមកស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិរុនតាឯក និងប្រែក្លាយឱ្យទៅជាទីក្រុងរណបថ្មី៕



ចែករំលែកព័តមាននេះ