ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​មាន​អ្វីខ្លះ​ដែល អាច​សុំ​ដោយ​មិន​គិតថ្លៃ​នៅ​លើ​យន្តហោះ

7 ឆ្នាំ មុន

លោក​អ្នក​ពិតជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ មានការ​កំណត់​នៃ​ការ​សុំ​សេវា​ផ្សេង​ៗ ហើយនឹង​ត្រូវ​ផ្តល់​ដំណឹង​ជា​មុន ប៉ុន្តែ​យើង​មិនដឹង​ថា មាន​សេវា​អ្វីខ្លះ​ដែល​អាច​សុំ​ជា​លក្ខណៈ​ពិសេស

លោក​អ្នក​ពិតជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ មានការ​កំណត់​នៃ​ការ​សុំ​សេវា​ផ្សេង​ៗ ហើយនឹង​ត្រូវ​ផ្តល់​ដំណឹង​ជា​មុន ប៉ុន្តែ​យើង​មិនដឹង​ថា មាន​សេវា​អ្វីខ្លះ​ដែល​អាច​សុំ​ជា​លក្ខណៈ​ពិសេស​ក្នុង​ឋានៈ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ ហើយ​អ្វី​សំខាន់ គឺ​សេវា​ខាងលើ​ទាំងនោះ ជា​សេវា​មិន​គិតថ្លៃ​ផង​ដែរ ។

១-​សុំ​មើល​បន្ទប់​អ្នក​បើក​យន្តហោះ ៖
ស្តាប់​មើលទៅ​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​លោក​អ្នក​ជ្រាប​ទេ​ថា មាន​អាកាសយានិក​មិន​តិច​នោះ​ទេ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ជា​កុមារ ឬ​មិន​សំដៅលើ​កុមារ​អាច​ចូល​ទៅ​មើល​បន្ទប់​អាកាសយានិក​បាន នៅ​ពេល​យន្តហោះ​ចុះ​ចត​រៀបរយ​ហើយ ។

២-​សុំ​អាហារ​បន្ថែម ៖
ជើង​យន្តហោះ​ភាគច្រើន​បាន​ត្រៀម​ទុក​នូវ​អាហារ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប​រួច​ហើយ និង​ក្នុង​ករណី​ដែល​យើង​ត្រូវការ​អាហារ​បន្ថែម គឺ​អាច​សុំ​បាន ព្រោះ​ជា​ធម្មតា មាន​អ្នកដំណើរ​ខ្លះ​មិន​ទទួលយក ឬ​មិន​ញ៉ាំ​អាហារ ដូច្នេះ​អាច​ជា​ឱកាសល្អ បើសិនជា​យើង​ត្រូវការ​អាហារ​បន្ថែម ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​សំខាន់​ផង​ដែរ ។

បើ​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ អ្នកដំណើរ​ភាគច្រើន​នឹង​មិន​ទទួលយក​អាហារ​ទេ ធ្វើ​ឲ្យ​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ការ​សុំ​បន្ថែម ។ ក្រៅពី​នេះ បើ​យើង​មិន​ចង់​ទទួលទាន​ទឹកតែ ឬ​កាហ្វេ​ដែល​បុគ្គលិក​ធ្វើការ​លើ​យន្តហោះ​យក​មក​នោះ ក៏​អាច​សុំ​សូកូឡា​ក្តៅ ឬ​ទឹកក្រូច​បាន​ដូច​គ្នា ។

៣-​សុំ​ថ្នាំ​ទូទៅ ឬ​ឧបករណ៍​រុំ​ដំបៅ ៖
នៅ​លើ​យន្តហោះ នឹង​មាន​ថ្នាំ​សម្រាប់​បន្ធូរ​អាការ​ឈឺ​ចុកចាប់​មិន​ខ្លាំងក្លា ដូច​ជា ថ្នាំ​បន្ថយ​ការ​ឈឺ​ចុកចាប់ ថ្នាំ​បញ្ចុះ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​អាហារ ផ្លា​ស្ទិ​កបិត​ដំបៅ ឬ​បង់​រុំ​របួស​ទុកជា​ប្រចាំ​នៅ​លើ​យន្តហោះ ។

ក្រៅពី​នេះ ភ្នាក់ងារ​បម្រើ​ការ​លើ​យន្តហោះ​បាន​ទទួល​ការ​ហ្វឹកហាត់​ក្នុង​ការ​ព្យាបាល​បឋម​ផង​ដែរ​សម្រាប់​អាការ​ឈឺចាប់​តិចតួច ដូច​ជា ការ​ស្អំ​ដោយ​ទឹកកក ឬ​ការ​មើលថែ​ដំបៅ​ដោយសារ​ការ​មុត​ជាដើម ។

៤-​សុំ​គ្រូពេទ្យ ៖
បើ​អ្នកដំណើរ​មាន​អាការ​ឈឺ​ចុកចាប់​ខ្លាំង​ក្នុង​ខណៈ​ពេល​ធ្វើ​ដំណើរ បុគ្គលិក​យន្តហោះ​អាច​សុំ​ការ​ជួយ​សង្គ្រោះ​ពី​អ្នកដំណើរ​ជា​គ្រូពេទ្យ​ដទៃ​ទៀត ដែល​បាន​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា​ក្នុង​យន្តហោះ​នោះ ។ ភាគច្រើន គ្រូពេទ្យ​ដែល​បាន​ធ្វើ​ដំណើរ​មក​ជាមួយនឹង​ជួយ​សង្គ្រោះ ហើយ​ក៏​ទទួល​បាន​ចម្ងាយ​នៃ​ការ​ជិះ​យន្ដហោះ «Mile» សន្សំ​ពិសេស​ពី​ផ្នែក​យន្តហោះ​ផង​ដែរ ។

៥-​សុំ​ប្តូរ​កន្លែង​អង្គុយ ៖
យើង​អាច​សុំ​ប្តូរ​កន្លែង​អង្គុយ​ជាមួយ​អ្នកដំណើរ​ផ្សេង​ទៀត ដើម្បី​ឲ្យ​បាន​កន្លែង​អង្គុយ​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​ដែល​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា ដោយ​សុំ​ឲ្យ​បុគ្គលិក​យន្តហោះ​ជួយ​ចាត់ចែង​ក្នុង​ការ​ស្នើ​សុំ​នេះ ។

៦-​សុំ​ក្រដាស​ជូត​សម្អាត ៖
ការ​សុំ​ក្រដាស​ជូត​សម្អាត​សម្រាប់​បរិវេណ​ចំណុច មិន​ថា​ជា​កន្លែង​ដាក់​ដៃ ថាស​អាហារ ធ្នើរ​ដាក់​នៅ​ខាង​មុខ​កៅអីអង្គុយ ឬ​កន្លែង​ចុច​សញ្ញា​នៃ​បរិវេណ​អង្គុយ ដែល​យើង​ត្រូវ​ប្រើ​ដោយ​ដៃ ។

៧-​សុំ​ស្រា​បៀរ ៖
ជើងហោះហើរ​ភាគច្រើន​មាន​ទុក​សម្រាប់​សេវាកម្ម​ឥត​គិតថ្លៃ ទាំង​ជើងហោះហើរ​ក្នុង​ប្រទេស​ថៃ និង​បរទេស ដោយ​គ្រាន់តែ​ត្រូវ​ស្នើ​សុំ​ប៉ុណ្ណោះ ។

៨-​សុំ​របស់​ប្រើ​ចាំបាច់ ៖
ដូច​ជា ក្រណាត់​បិទ​ភ្នែក បិទ​ត្រចៀក សម្ភារ​លេង​សម្រាប់​ក្មេង​មាន សៀវភៅ​រូបភាព ព្រមទាំង​ឧបករណ៍​ផាត់​ពណ៌ ដី​សម្រាប់​សូន​រូប ស្ទិ​ក​កឺ រួម​ទាំង​ច្រាស​ដុសធ្មេញ ថ្នាំដុសធ្មេញ ស្រោមជើង មិន​ថា​យើង​ជា​អ្នកដំណើរ​លំដាប់​ណា​ក្តី ។ លើស​ពី​នេះ​ទៀត កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ដែល​ធ្វើ​ដំណើរ​មក​ជាមួយ ដោយ​មិន​បាន​ទិញ​សំបុត្រ​នោះ យើង​ក៏​អាច​សុំ​អង្រឹង​កូន​ក្មេង​ផង​ដែរ ។

៩-​សុំ​ទឹក​ដាក់​ក្នុង​ដប​ទទេ ៖
អ្នកដំណើរ​ខ្លះ​បាន​សៀត​ដប​ទឹក​ទទេ​មក​ជាមួយ​ដែរ ព្រោះថា មិន​អាច​យក​ទឹក​ឡើង​លើ​យន្តហោះ​បាន ក្នុង​ករណី​នេះ បុគ្គលិក​ធ្វើការ​លើ​យន្តហោះ​រីករាយ​នឹង​ដាក់​ទឹក​ទៅ​ក្នុង​ដប​ទទេ ដែល​អ្នកដំណើរ​យក​មក​ជាប់​ខ្លួន​នោះ ៕