រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសក្បាល ដោយឃើញមានរុំស្កុត.សផងដែរ បានធ្វើដំណើរមកកាន់ទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៦ មីនា ដើម្បីទៅពាក្យបណ្តឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ ដោយនាងប្រាប់ថាត្រូវប្ដីចិត្តឃោរឃៅចោទនាងមានប្រុសសហាយ ហើយចាប់នាងវាយនិងកាប់ បណ្ដាលឱ្យបែកក្បាលហូរឈាមកក្លាក់ពេញខ្លួន។
ស្ត្រីរងគ្រោះខាងលើ ឈ្មោះស៊ុន មករា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិអណ្តូងប្រាំង ឃុំគង់ពិសី ស្រុកគង់ពិសី កំពង់ស្ពឺ ។ រីឯប្តីដៃដល់ឈ្មោះពៅ យូរីម អាយុ២៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកំណើតនៅក្នុងខេត្តព្រះសីហនុ។
នាងបន្តថា នៅមិនអស់ចិត្តទេ លោកប្ដីបានចាក់សោបង្ខាំងនាងទុក នៅក្នុងបន្ទប់អស់ពេញមួយយប់ទៀត សូម្បីតែកាប់ក្បាលនាងមានរបួសទៅហើយ ហើយនាងសុំទៅមន្ទីរពេទ្យក៏មិនឱ្យនាងចេញទៅព្យាបាលទេ ។ រហូតនាងប្រើល្បិចថា សុំចេញទៅបើកលុយនៅរោងចក្រ ទើបប្ដីព្រមដោះលែងឱ្យចេញក្រៅ ក៏មានឱកាសរួចពីកណ្ដាប់ប្ដីនិងចេញផុតពីក្នុងផ្ទះ ហើយរហូតដល់វេលាខាងលើ ទើបប្ដឹងនគរបាលតែម្ដង។ ស្ត្រីខាងលើបានបន្តទៀតថា ភ្លើងប្រចណ្ឌបានឆេះឡើងកាន់តែខ្លាំង ដែលនាងធ្វើអ្វីក៏ចេះតែខុសចិត្តប្ដីរហូតដែរ មិនចេះត្រូវទាល់តែសោះ នាងតែងតែទទួលរងការរករឿងជេរប្រមាថគំរាមការវាយតប់ និងការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់លោកប្ដីជាបន្តបន្ទាប់រាល់ថ្ងៃ ។
ទោះជាបែបណា នាងបានខំអត់ធ្មត់គ្រប់បែបយ៉ាងទាំងអស់រហូតមក ។ លុះនៅវេលាល្ងាចថ្ងៃទី៥ មីនា (ថ្ងៃកើតហេតុ) ដោយសារតែមានការធុញថប់ក្នុងចិត្តខ្លាំងពេកក្រោយពេលចេញពីធ្វើការ នាងមិនបានទៅផ្ទះនោះឡើយ គឺបានទៅលេងនៅបន្ទប់ស្ត្រីម្នាក់ដែលជាមិត្តភក្តិនាង ស្ថិតនៅជិតផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ជាប់ភូមិត្រពាំងរំចេកនោះដែរ ។
នាងនៅបន្ទប់មិត្ត ជជែកគ្នាលេងរហូត ដល់វេលាម៉ោង៨យប់ ទើបនាងឱ្យស្ត្រីជាមិត្តភក្តិជូននាងទៅកាន់បន្ទប់ជួល លុះពេលដើរដល់ពាក់កណ្តាលផ្លូវ ក៏ជួបប្តីរបស់នាងកំពុងទៅតាមរកនាង ខណៈនោះប្ដីនាងបានប្រាប់ឱ្យមិត្តភក្ដិនាងត្រឡប់ទៅផ្ទះវិញ និងបានឲ្យនាង ជិះម៉ូតូជាមួយគាត់វិញ ។
ពេលទៅដល់បន្ទប់វិញ ស្រាប់តែប្តីបានចាក់សោទ្វារបន្ទប់ជាប់ រួចបានយកកាំបិតកាប់ក្បាលរបស់នាង បណ្តាលឲ្យរងរបួសបែកហូឈាម ។ ស្រោចខ្លួនមិនតែប៉ុណ្ណោះ បានគំរាមមិនឲ្យស្រែកនាំភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយសូម្បីតែនាងសុំចេញទៅមន្ទីពេទ្យ ដើម្បីព្យាបាលរបួសក៏ប្ដីមិន អនុញ្ញាឲ្យនាងចេញទៅឡើយ ។
ចែករំលែកព័តមាននេះ