ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ជប៉ុន​កោតសរសើរ​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​ជំនាន់​ដើម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​«​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ថ្មី និង​ប្រទេស​ជប៉ុន​» ដែល​មាន​រយៈពេល​ជាង​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា នៅ​សារមន្ទីរ​ជាតិ សាស្ត្រាចា​រ្យ​ និង​អ្នកជំនាញ​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​«​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ថ្មី និង​ប្រទេស​ជប៉ុន​» ដែល​មាន​រយៈពេល​ជាង​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា នៅ​សារមន្ទីរ​ជាតិ សាស្ត្រាចា​រ្យ​ និង​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ជប៉ុន បាន​កោតសរសើរ​ពី​ស្នាដៃឯក​របស់​ស្ថាបត្យករ​ខ្មែរ​ជំនាន់​ដើម គឺ​លោក វណ្ណ ម៉ូ​លី​វណ្ណ ដោយ​ផ្អែក​លើ​របកគំហើញ គំនូស​ប្លង់​ស្ថាបត្យកម្ម និង​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​ដែល​មាននៅ​ប្រទេស​ជប៉ុន ។

ពិព័រណ៍​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Environmental Design Global Hub នៃ​សាកលវិទ្យាល័យ​ខ្យូ​ស៊ូ ប្រទេស​ជប៉ុន ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​បំណង​បង្ហាញ​ពី​កិច្ចសហការ​លើ​វិស័យ​ស្ថាបត្យកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន ។

ស្នាដៃឯក​របស់​ស្ថាបត្យករ​ខ្មែរ​ជំនាន់​ដើម​ជា​ច្រើន ត្រូវ​បាន​លើក​មក​ធ្វើ​បទ​បង្ហាញ ដោយ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ខ្យូ​ស៊ូ ដល់​និស្សិត ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​ឈ្វេងយល់​ចំពោះ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ​៥០​និង​ឆ្នាំ​៦០ ។

ថ្លែង​ក្នុង​ពិធី​នេះ លោក​សាស្ត្រាចារ្យ IWAMOTO Masaaki បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​ស្ថាបត្យកម្ម​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

លោក​ថ្លែង​ថា «​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​រក​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​ម៉ូ​ដែល​ស្ថាបត្យកម្ម​របស់​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា វា​គួរតែ​នាំ​មក​បង្ហាញ​ដល់​កម្ពុជា ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ថាបត្យកម្ម​កម្ពុជា ពិសេស​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា​បាន​ឈ្វេងយល់​ទាំងអស់​គ្នា​» ។

លោក​សាស្ត្រាចារ្យ​បន្ដ​ថា ស្ថាបត្យកម្ម​ខ្មែរក្នុង​អំឡុង​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៦០ វា​ពិតជាអស្ចារ្យ​ណាស់ ដូច្នេះ​ហើយ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​ទាំងអស់ គួរ​ចាប់ផ្ដើម​ឈ្វេងយល់​ពី​សារៈសំខាន់​មួយ​នេះ ដើម្បី​ជា​ពុទ្ធិ​សម្រាប់​អភិវឌ្ឍន៍​លើ​ជំនាញ​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ លោក​បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​មក​ចូលរួម និង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ ហើយ​មាន​ជំនឿ​ថា​និស្សិត​ទាំងអស់ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម នឹង​បាន​ឈ្វេងយល់​ពី​ភាព​អស្ចារ្យ​នៃ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​ជំនាន់​ដើម គឺ​លោក វណ្ណ ម៉ូ​លី​វណ្ណ ។

អគ្គនាយករង​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ លោក ឯក ប៊ុ​ន​ថា បាន​សម្ដែង​ការ​ស្វាគមន៍ និង​អរគុណ​សាកលវិទ្យាល័យ​ខ្យូ​ស៊ូ ប្រទេស​ជប៉ុន ជា​ពិសេស​លោក​សាស្ត្រាចារ្យ IWAMOTO Masaaki និង​អ្នក​ស្រាវជ្រាវ​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ស្រាវជ្រាវ​ពី​របកគំហើញ និង​គំនូស​ប្លង់​ស្ថាបត្យកម្ម​ខ្មែរ មក​ធ្វើ​បទ​បង្ហាញ​នា​ពេល​នេះ ។

លោក​ថ្លែង​ថា «​តាម​រយៈ​ពិព័រណ៍​នេះ និស្សិតទាំងអស់​នឹង​បានឃើញ​ពី​គំនូស​ប្លង់​នៃ​ស្ថាបត្យករ​ខ្មែរ​យើង​ដែល​កំពុង​តែ​ល្បីល្បាញ​ពាសពេញ​ពិភពលោក ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​យល់​ពី​តម្លៃ​នៃ​ស្នាដៃ​នេះ បើ​ទោះបីជា​ស្នាដៃ​មួយ​ចំនួន​ត្រូវ​បាត់បង់ ។ ប៉ុន្តែ​តាម​រយៈ​លោក​សាស្ត្រាចារ្យ IWAMOTO Masaaki ដែល​មក​ធ្វើ​បទ​បង្ហាញ​នា​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា អ្នក​ទាំងអស់​នឹង​បានដឹង​កាន់តែ​ច្រើន​ថែម​ទៀត​អំពី​គុណ​តម្លៃ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០​និង​ឆ្នាំ​៦០» ។

លោក​អគ្គនាយករង​បន្ដ​ថា «​នេះ​ជា​គុណ​តម្លៃ​ដ៏​អស្ចារ្យ​បំផុត​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ដឹង និង​ឈ្វេងយល់​កាន់​ខ្លាំង​បន្ថែម​ទៀត ហើយ​អ្នក​អាច​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ស្នាដៃ​ទាំងនេះ​ដែល​បាន​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ ដូច​ជា សាល​មហោស្រព​ចតុមុខ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ជាដើម ដែល​នេះ​គឺជា​តឹកតាង​មួយ​ដែល​បង្ហាញ​ដល់​អ្នក​ទាំងអស់គ្នា​» ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​សាស្ត្រាចារ្យ ឯក ប៊ុ​ន​ថា ក៏​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ពី​ជោគវាសនា​នៃ​សំណង់​អគារ​ជា​ស្នាដៃ​កូន​ខ្មែរ​ជំនាន់​ដើម ដែល​បន្សល់​រហូត​សព្វ ថ្ងៃ​ទាំងនោះ​ថា​នឹង​នៅ​ស្ថិតស្ថេរ​ឬ​យ៉ាងណា ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រិះ​រិះ​ពិចារណា ។

លោក​ថ្លែង​ថា «​ឥឡូវ ខ្ញុំ​នៅ​តែ​បារម្ភ​ពី​សំណង់​ដែល​នៅ​សេសសល់ ថា​តើ​នឹង​នៅ​គង់វង្ស ឬ​ក៏​អត់ ? នេះ​គឺជា​អ្វី​ដែល​អ្នក​អស់ទាំង​គ្នា​អាច​ពន្យល់​បាន​ពី​គុណ​តម្លៃ​នៃ​អគារ គុណ​តម្លៃ​នៃ​ចំណេះដឹង ហើយ​ជា​អ្វី​ដែល​យើង​ត្រូវធ្វើ​»​។

ព្រឹទ្ធបុរស​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក​គង់ កុសល យល់​ឃើញ​ថា ពិព័រណ៍​ថ្ងៃនេះ​ជា​សមិទ្ធផល​មួយ​ដ៏​សំខាន់​ដែល​បាន​លើក​ឡើង​ពី​ស្នាដៃ​ស្ថាបត្យករ​កំពូល​របស់​យើង​មួយ​រូប​គឺ​លោកតា វណ្ណ ម៉ូ​លី​វណ្ណ ហើយ​ក្នុង​នោះ​ក៏​បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​យល់​ដឹង​កាន់តែ​ច្រើន​ពី​ស្នាដៃ​របស់​គាត់​។

លោក​ថ្លែង​ថា «​ស្នាដៃ​នេះ​មិនមែន​មាន​តែ​គាត់​ម្នាក់​ទេ ក៏​មាន​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ទៀត​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​នេះ ។ មួយវិញទៀត កិច្ចការ​នេះ​ក៏​ជា​មេរៀន​សម្រាប់​យើង ថ្វី​ដ្បិតតែ​សមិទ្ធផល​ខ្លះ​មាននៅ​គង់វង្ស​ដល់​សព្វថ្ងៃ និង​មួយ​ចំនួន​ទៀត មិន​បាន​គង់វង្ស ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​ដោយ ទាំង​អស់នេះ​ក្លាយជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ស្ថាបត្យករ​ជំនាន់​ក្រោយ​» ។

តំណាង​ឲ្យ​ប្រធាន​សារមន្ទី​ជាតិ លោកស្រី អូន សុ​គ​ន្ធា​វី ថ្លែង​ថា ពិព័រណ៍​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រំឭក​ឡើង​វិញ និង​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ពី​ការ​រីក​ចម្រើន​នៃ​ស្ថាបត្យកម្ម​របស់​ប្រទេស​ជប៉ុន​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​បាន​បង្ហាញ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​លើ​វិស័យ​នេះ ។

លោកស្រី​ថ្លែង​ថា «​នាង​ខ្ញុំ​យល់​ថា ពិព័រណ៍​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង ពិសេស​ប្អូន​ៗ​ដែល​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ឈ្វេងយល់​ពី​បច្ចេកទេស ទស្សនៈ និង​ការ​រៀបចំ​នៃ​អគារ​សំខាន់​ៗ​នៅ​ប្រទេស​កម្ពុ​ជានា​សម័យនេះ ។ ពិព័រណ៍​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ ពី​ការ​បើក​ទូលាយ​នៃ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ជំនាញ​របស់​ខ្មែរ និង​បរទេស​ដែល​មាន​តាំងពី​អតីតកាល រហូត​ដល់​បច្ចុប្បន្ននេះ​» ។

តាម​ការ​បញ្ជាក់​របស់​លោក យឺ​គិ ហា​ម៉ា​ដាក់​(Yuki Hamada) នាយក​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មានការ​រៀបចំ​ពិព័រណ៍​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ ។ តាម​រយៈ​ពិព័រណ៍​នេះ មហាជន​នឹង​បាន​ឈ្វេងយល់​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​លោក វណ្ណ ម៉ូ​លី​វណ្ណ ដែល​ជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប ។

តាម​ឯកសារ​ដកស្រង់​ចេញពី​គេហទំព័រ www.vannmolyvannproject.org សរសេរ​ថា លោក វណ្ណ ម៉ូ​លី​វណ្ណ បាន​ធ្វើការ​ផ្លាស់​ប្តូរ​មុខមាត់​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រចនា​អគារ​វិមាន​រដ្ឋ ពហុ​កីឡដ្ឋាន​ជាតិ សាល​មហោស្រព​ជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី សាលសន្និសីទ​ចតុមុខ អគារ​រដ្ឋាភិបាល អគារ សិក្សា​ស្រាវជ្រាវ អគារ​ឧស្សាហកម្ម និង​អគារ​លំនៅ​ឋាន​ច្រើន​ជាង​៦០​អគារ​ផ្សេង​ទៀត​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។

លោក វណ្ណ ម៉ូ​លី​វណ្ណ កើត​ក្នុង​ខេត្តកំពត នៅ​ឆ្នាំ​១៩២៦ ។ ក្នុង​ឆ្នាំ ១៩៤៦ លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ផ្នែក​ស្ថាបត្យកម្ម រួម​ជាមួយ​ផ្នែក​សិល្បៈ​ផ្សេង​ទៀត​នៅ​សាលា​វិចិត្រសិល្បៈ និង​បាន​វិល​ត្រឡប់​មក​កម្ពុជា នៅ​ពេល​ប្រទេស​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៦ ។  ក្រោយមក លោក​ត្រូវ​បាន​សម្តេចព្រះ នរោត្តម សីហ​នុ តែងតាំង​ជា​ស្ថាបត្យករ​រដ្ឋ ហើយ​បាន​បន្ត​រចនា​គម្រោង​សាធារណៈ​ដែល​ត្រូវ​បាន​គេ​ស្គាល់ និង​ចាត់​ទុករាល់​សមិទ្ធ​ទាំង​អស់នោះ គឺជា​ភាព​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ៕